Telegram Channel
Youtube Channel
Online TV

សូផាត

អារម្ភកថា


អក្សរសិល្ប៍ខ្មែរ


រឿង៖ សូផាត



ដោយ៖ លោក​ រីម គិន
កើតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩១១ ហើយបានស្លាប់នៅឆ្នាំថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៥៩ ដោយជំងឺរលាកស្រោមខួរក្បាល

ប្រវត្ដិរឿង សូផាត

រឿង សូផាត នេះអ្នកនិពន្ធ រីម គិន បានសរសេរតាក់តែងឡើង តាំងពី គ.ស ១៩៣៨ ប៉ុន្ដែពុំទាន់បានបោះពុម្ពផ្សាយភ្លាមទេ ។ សេចក្ដីលំបាកក្នុងការផ្សាយរឿងនេះ ដោយសារពេលនោះ ពុំទាន់សំបូររោងពុម្ពនៅប្រទេស យើងនៅឡើយ ។
លុះមកដល់ គ.ស ១៩៤២ រឿង សូផាត ក៏បានផ្សាយចេញដូចបំណង នៃការប្រឹងប្រែងអ្នកនិពន្ធមែន ។ កាលនោះលោក រីម គិន បានសុំជំនួយជាប្រាក់ខ្លះអំពី ឪសមាគមន៍សិស្សចាស់នៃអនុវិទ្យាល័យ និងវិទ្យាល័យព្រះសីុសុវត្ថិ ឱ ដើម្បីផ្ញើជាមួយសំណៅរឿង ដែលសុំច្បាប់ អនុញ្ញាតពីរាជការអាណាព្យាបាលបានហើយនោះ ទៅឱ្យរោងពុម្ពមួយនៅក្រុង ច្រឺឡឺ (ព្រៃ នគរ) ឱ្យបោះពុម្ពឱ្យ ។ ការបោះពុម្ពផ្សាយ ជាលើកដំបូងនោះមានចំនួន ២.០០០ច្បាប់ សឹងទទួលការនិយមយ៉ាងខ្លាំង ពីសំណាក់អ្នកមាននៅប្រទេសយើង ។ ដូចេ្នះហើយបានជា សៀវភៅនេះលក់ដាច់យ៉ាងឆាប់បំផុត ហើយថែមទាំងលេចឮសុះសាយទៅតាមមាត់អ្នកស្រុកនិទានប្រាប់គ្នាជាបន្តៗទៅផង ។
នៅគ.ស ១៩៥០ រឿងនេះបានចូលក្នុងកម្មវិធីសិក្សាបឋមភូមិ ក៏បានបោះពុម្ពឡើងជាលើកទី២ ហើយភ្លាមៗនោះមានការបោះពុម្ព ជាលើកទី៣ ទី៤បន្ដមកទៀត ត្រាតែមកដល់ គ.ស ១៩៥៨ ទើបរឿងនេះទទួលបានការនិយមជាខ្លាំងក្នុងមជ្ឈដ្ឋានអ្នកសិក្សាទូទៅ ។
និពន្ធ​ដោយ៖​ លោក​ រីម គិន
ព.ស.២៥៨៦ ត្រូវនឹង គ.ស.១៩៤២