រឿង៖ ខ្លា ស្វា និងទន្សាយ
មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ៗទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា « ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន ? » ខ្លាអង្គុយចាំមើលកិច្ចកលសត្វអកនោះ ។ ឯសត្វអកនោះកាលណាទំហើយ ភ្នែកវាតែងរំពៃមើលទៅបង្ហែត្រី ក្រែងមានត្រីបន្លៀកខ្លួនឡើងនឹងចាប់ ។ យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹក , អកស្ទុះទៅចាប់បានត្រីនោះ យកមកធ្វើជាចំណីវាទៅ ។
ខ្លាឃើញអកធ្វើដូច្នោះ ក៏គិតក្នុងចិត្តថា « យើ ! អាអកនេះវាអង្គុយតែស្ងៀមសោះ ស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះ វាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអែះ មិននឿយហត់ប៉ុន្មានសោះ មិនព្រួយដូចជាខ្លួនអញ ខំដើរស្វែងរកស្ទើរស្លាប់មិនងាយបាន , អានេះអង្គុយធ្វើច្រងុកៗ ចាប់បានភ្លាមៗ ហើយវាមិនលំបាកលបលំបាកឱន ក្រាបទៀតផង, បើដូច្នេះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាង » ។
ខ្លាគិតដូច្នោះហើយក៏ដើរទៅទៀត ដើម្បីស្វែងរកបឹង ឬត្រពាំងជាទីស្ងាត់ ហើយដែលមានត្រីច្រើននោះ ។ វាដើរទៅដល់បឹងមួយជាទីស្ងាត់, នៅមាត់បឹងនោះ មានដើមឈើធំៗដុះច្រូងច្រាង ដ៏មានម្លប់ត្រឈៃល្មមវាពឹងពួនខ្លួនវាបាន ។ ពេលនោះមានបុរសម្នាក់នៅចងសន្ទូចក្នុងបឹងនោះ មុនខ្លាទៅដល់ ។ ដោយចង់មើលឲ្យឃើញសន្ទូចខ្លួន ដែលរាយនៅឯនាយឆ្ងាយបានស្រួល បុរសនោះរាយសន្ទូចហើយ មិនឈរនៅនឹងដីទេ ទៅឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសម្ងំតែម្នាក់ឯង មិនមាត់កឡើយ ។ ឯខ្លានោះ កាលបានទៅដល់ហើយក៏ដើរផ្លូកចុះផ្លូកឡើង រកដើមឈើនឹងឡើង ធ្វើដូចជាសត្វអក ។ បុរសឮសូរមើលទៅឃើញខ្លាកំពុងតែដើរ រួចទៅឡើងអង្គុយជ្រហមៗលើចុងឈើ ហើយធ្វើសំឡេងត្រាប់តាមសត្វអកថា « អកអូរៗ » គាត់មិនហ៊ានមាត់ថាអ្វីទេ ចាំតែមើលហើយគិតថា « ខ្លានេះ វាឡើងចុងឈើនៅក្នុងបឹងដូច្នេះ តើវាគិតធ្វើអ្វីអេះ ? » ។ យូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះ ស្ទុះលោតប្រូង រួចផុសឡើងវិញឈ្លក់ទឹកឮសូរខក់ៗ ។ បុរសនោះឃើញហើយសើច រួចស្រែកថា
ស្លាប់ទៅ ! អាខ្មោច ធ្វើអ្វីដូច្នោះ
ខ្លាឮមើលទៅឃើញបុរសនៅលើចុងឈើ ក៏មានសេចក្ដីអៀនខ្មាសខ្លាំងណាស់ ស្ទើរនឹងស្លាប់ខ្លួន ព្រោះមិនដែលបង់គំនិតដល់ម្លឹងសោះ រួចខ្លានឹកថា « ឥឡូវបុរសនេះឃើញអញតែម្នាក់ឯង បើគាត់ទៅដល់ផ្ទះសមគាត់នឹងនិយាយប្រាប់គេថែមទៀត គេនឹងកាន់តែដឹងច្រើនឡើង កើតមានកេរ្ត៍ឈ្មោះអាក្រក់ណាស់ បើដូច្នោះអញសូកគាត់ កុំនិយាយប្រាប់នរណាតទៅទៀតឡើយ » ។ ខ្លាបាននិយាយអង្វរបុរសនោះ ជាពាក្យឱនលំទោនថា
ឱ ! អ្នកអើយ ! ខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅ វាមិនបានឯត្រី ទៅបានឯលង់ទឹក ស្ទើរនឹងស្លាប់ ខ្ញុំមានសេចក្ដីខ្មាសអៀនច្រើនណាស់ បើដូច្នោះសុំអ្នកអាណិតខ្ញុំ កុំនិយាយទៅណាមកណាទៅទៀត ខ្ញុំនឹងតបគុណឧបការៈអ្នក។
បុរសតបវិញថា៖
ខ្លាឯងឲ្យអ្វីអញ
ខ្លាថា៖
ខ្ញុំសន្យារកសត្វ មួយព្រឹកមួយៗ យកមកជូនអ្នកនៅទីនេះរាល់តែថ្ងៃ
បុរសនោះក៏ព្រមព្រៀងទទួលពាក្យខ្លា រួចហើយវិលទៅផ្ទះអាត្មាវិញ, លុះព្រឹកឡើង មកទទួលយកសត្វអំពីខ្លានៅកន្លែងសន្យា។ ខ្លាក៏ខាំសត្វយកមកឲ្យបុរសនោះ ជាប្រក្រតីមិនហ៊ានខាន ។ កាលបើបុរសនោះបានសត្វនាំយកទៅផ្ទះអាត្មា ច្រើនថ្ងៃពេកណាស់ នាងភរិយាឆ្ងល់ លុះវេលាយប់ក៏សួរដោយស្ងាត់ថា
អ្នកឯងធ្វើដូចម្ដេច ក៏បានសត្វរាល់ថ្ងៃម្ល៉េះ ? ម្ដងសត្វនេះម្ដងសត្វនោះ ជ្រូកក៏មាន ក្ដាន់ក៏មាន ឈ្លូសក៏មាន
ប្ដីថា៖
អញដាក់អន្ទាក់
ប្រពន្ធថា៖
អន្ទាក់អ្វីក៏បាន មិនដែលខានដូច្នេះ ? អ្នកអើយ ! ប្អូនឲ្យត្រង់ទៅមើល
បុរសនោះក៏ភ្លេចពាក្យសន្យាដោយស្មានថា ខ្លាកាលណាវានឹងមក ក៏ប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចុង ។ ប្រពន្ធនោះក៏ជឿ ។ លុះព្រឹកឡើងបុរសទៅយកសត្វអំពីខ្លាដូចសព្វដង លុះទៅដល់ស្រាប់តែឃើញខ្លាអង្គុយជ្រហមៗចាំនៅកន្លែងនោះ ។ លុះបុរសដើរទៅដល់ខ្លាប្រាប់ថា៖
អើ ! បុរសឯងមកហើយ អញនៅចាំទេតើ ! អញនិងស៊ីឯង ត្បិតកាលនិយាយគ្នាមុននោះ អញហាមថា កុំឲ្យនិយាយប្រាប់គេតទៅទៀត អញសូកឲ្យសត្វមួយៗរាល់តែថ្ងៃ, ឥឡូវម្ដេចក៏និយាយប្រាប់គេ ?
បុរសនោះក៏ភ័យភ្នែកស្លោ ឥតប្រកែកថាអ្វីទេ គ្រាន់តែអង្វរទៅខ្លាវិញថា៖
បងខ្លាឯង ស៊ីក៏ស៊ីចុះ ខ្ញុំមិនប្រកែកទេ បានជានិយាយទៅហើយ តែបើម្ង៉ៃនឹងស្លាប់រស់ ខ្ញុំសូមទៅជួបប្រពន្ធសិននឹងបានប្រាប់ឲ្យគេដឹងផង
ខ្លាក៏ព្រមថា៖
អើ ទៅក៏ទៅចុះ តែឲ្យឆាប់ត្រឡប់មកវិញ អញស្ដោះទឹកមាត់ចាំ តែស្ងួតទឹកមាត់អញតាមទៅស៊ីទាំងប្ដីទាំងប្រពន្ធ, ទុកធ្វើអី មនុស្សនិយាយមិនទៀង
បុរសនោះក៏នៅទាំងសោកសៅក្នុងចិត្ត ព្រោះតែមាត់មិនជិត បានជាខ្លាវាស៊ី, ទៅដល់ក៏ប្រាប់ប្រពន្ធតាមរឿងហេតុនោះ ហើយថា៖
ឥឡូវនៅមិនបានទេ ត្បិតខ្លាវាចាំតែយូរ វានឹងមកស៊ីទាំងអស់គ្នា
ប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាយគំនិត ។ ប្ដីក៏លាភរិយាចេញចាកគ្រឹះស្ថាន ដើរមកតាមផ្លូវយំបណ្ដើរផង, ដល់ពាក់កណ្ដាលផ្លូវ ប្រទះនឹងទន្សាយៗសួរថា៖
បុរសឯងដើរទៅណាយំផងដូច្នេះ មានទោសទុក្ខដូចម្ដេច ?
បុរសនោះ ថ្លែងឲ្យទន្សាយស្ដាប់សព្វគ្រប់ប្រការតាមហេតុនោះ ។ ទន្សាយឆ្លើយថា៖
ឱ ! បើដូច្នោះ ភ័យអ្វី បុរសឯងទៅរកតែចេក១ស្និតមក ទៅខ្លាចអ្វី អាខ្លាកំព្រើលនោះ
បុរសនោះត្រេកអរក៏ម្នីម្នារត់ទៅរកបានចេកមួយស្និត ហើយជូនទៅលោកសុភាទន្សាយថា៖
ខ្ញុំជូនលោក ! សុំឲ្យតែលោកសុភាជួយខ្ញុំឲ្យរស់ជីវិតផងចុះ តែបន្តិច ខ្លាវាតាមមកស៊ីខ្ញុំហើយ
សុភាទន្សាយថា៖
អើ ! អ្នកឯងទៅជាមួយនឹងយើង ចាំមើលខ្លានោះឲ្យជាក់
រួចសុភាទន្សាយរកដំបូកមួយយ៉ាងខ្ពស់ ឡើងទៅអង្គុយលើដំបូកនោះ ដើម្បីមើលទៅឲ្យបានឆ្ងាយ ។
ឯខ្លា កាលចាំបុរសនោះយូរពេក ក៏តាមមក ប្រាថ្នានឹងខាំស៊ីទាំងពីរនាក់ ព្រោះខុសសន្យាគ្នាពីរលើកហើយ, វាដើរម្នាក់ឯងតាមផ្លូវ រលេះរលាំងមកដល់ទៀបដំបូក ។ បុរសនោះឃើញ ក៏ប្ដឹងសុភាទន្សាយថា៖
ហ្ន ! មកហើយលោក
សុភាទន្សាយប្រាប់ថា៖
កុំមាត់ ! ចាំវាមកជិតសិន
ខ្លាដើរមកកាន់តែជិត សុភាទន្សាយពមចេកមួយក្នុងមាត់ ហើយស្រែកគ្រហែមឡើងថា៖
អ៊ែមៗស៊ីខ្លា៥មិនស្កាំផ្ទៃ ស៊ីត្រប់ខាប៉ុនកូនដៃ ស្អាកស្ទើរបែក អ៊ែមៗ
ខ្លាឮសម្លេងធំក្រអួនថា « ស៊ីខ្លា៥មិនស្កាំផ្ទៃ » ក៏ស្ទុះថយក្រោយ ។ សុភាទន្សាយគ្រហែមថែមម្ដងហើយម្ដងទៀតយ៉ាងផ្ទួនៗ ។ ខ្លាស្ទុះរត់លែងទាំងមើលក្រោយ រត់ឆ្ងាយទៅប្រទះស្វាមួយនៅលើចុងឈើ ស្វាឃើញខ្លារត់ស្រែកសួរថា៖
បងខ្លា រត់មានការណ៍អ្វី ?
ខ្លាឮហើយឈប់ ឆ្លើយតបទៅវិញ
ទេ ! ទេ !វ៉ិអើយ ! អាណាក៏ធំម្ល៉េះ ស៊ីខ្លាដល់ទៅ៥មិនឆ្អែត បានជាអញភ័យ រត់មកក្រែងវាស៊ី
ស្វាសួរថា៖
បងឯងឃើញដែរឬអ្វី ?
ខ្លាថា៖
ទេ ! ឮតែមាត់
ស្វាសួរថា៖
មាត់ត្រង់ណា ?
ខ្លាតបថា៖
នៅបៀតដំបូកឯដើមពង្រនោះណា
ស្វាថា៖
ក្រែងបងសុភាទេដឹង ? ចំណាំតែឃើញនៅត្រង់ហ្នឹង
ខ្លាតបថា៖
មិនមែនទេ សម្ដីសុភាណាដូច្នោះ
ស្វាថា៖
ទេ ! ប្រាកដជាសុភាហើយ , បើដូច្នោះទៅម្ដងទៀតមើល ខ្ញុំជូនទៅ
ខ្លាមិនព្រមទៅថា៖
ក្រែងបងស្វាឯងរត់ចោលអញ តែឯងភ័យរត់ឡើងចុងឈើទៅ, នៅតែអញម្នាក់ឯង ស្លាប់អញហើយ
ស្វានិយាយម្ដងទៀតថា៖
បើបងឯងខ្លាចខ្ញុំរត់ចោល យើងចងកន្ទុយភ្ជាប់គ្នាខ្ញុំឡើងទៅចុងឈើឯណារួច បើបងជាប់នឹងខ្ញុំហើយ
ខ្លាថាអើ ! បើដូច្នោះទៅក៏ទៅ កុំរត់ចោលគ្នាវ៉ី !
ខ្លានិងស្វាចងកន្ទុយជាប់គ្នាហើយ ដើរតម្រង់ទៅដំបូកនោះ ។ បុរសនោះឃើញប្ដឹងសុភាទន្សាយទៀតថា៖
លោកអើយ ! មកទៀតហើយម្ដងនេះ មានស្វាមកផង ខ្ញុំខ្លាចណាស់លោក!សុភាទន្សាយថា៖
កុំបារម្ភអ្វី ! នៅមាត់ឲ្យស្ងៀម ចាំវាមកជិតបន្តិច នឹងមើលវា
សុភាទន្សាយ ក៏ប្រុងបកចេកមួយនឹងពមឲ្យមាំ ។ ដល់មកជិត ស្វាសួរថា៖
ត្រង់ណាបងខ្លា ?
ខ្លាថា៖ ហ្ន ត្រង់ហ្នឹង, ហ្ន ! មាត់ស្រែកពីត្រង់នោះ
សុភាទន្សាយពមចេកនៅក្នុងមាត់ស្រែកថា៖
យើ ! អាស្វាក្រញាំ ជំពាក់បំណុលអញ ៤ - ៥ ឆ្នាំ ដឹកអាខ្លាសំគមមួយឲ្យអញ អ៊ែម ! មើលមាយាទអាស្វានេះ !
ខ្លាឮដូច្នោះ ក៏ស្ទុះរត់ភីងទៅ ស្វាឃាត់ពុំស្ដាប់ ហើយគិតក្នុងចិត្តថា « យើអាស្វានេះ វានាំអញមកផាត់បំណុលទេតើ ! » ។ ស្វាស្រែកថា៖
បងខ្លា ឈប់សិនៗ
ខ្លាក៏មិនព្រម ដោយគិតក្នុងចិត្តថា ច្បាស់ជាស្វាយកខ្លួនមកផាត់ឲ្យគេ ហើយរត់ទៅឆ្ងាយ ទាល់តែស្វានោះរណ្ដំនឹងឈើ នឹងដី ស្លាប់ខ្លួនខូចអសារឥតការ ។