Telegram Channel
Youtube Channel
Online TV

គំនូររូបប្រពន្ធ

រឿង៖​ គំនូររូបប្រពន្ធ

កាលមួយនោះ មានបុរសម្នាក់ឈ្មោះកំបិ វាក្រហើយបញ្ញាខ្សោយផង។ វារស់នៅក្នុងខ្ទមមួយតែម្នាក់ឯង គ្មានអ្នកណាចង់រៀបការជាមួយវាទេ ព្រោះវាមានស្មារតីតិច។
ល្ងាចមួយមានស្រីក្មេងម្នាក់ បានចូលមកដល់មាត់ទ្វារផ្ទះវា ហើយសួរថា តើនាងអាចគេងមួយយប់ក្នុងខ្ទមនេះបានរឺទេ។ តាំងពីដើមមក កំបិ មិនដែលប្រទះឃើញស្រីណាល្អយ៉ាងនេះសោះ វារីករាយនឹងអោយនាងចូលក្នុងផ្ទះវាណាស់។ យប់នោះក្រោយពីអាស្រ័យអាហារយប់ហើយ ស្រីក្មេងសួរថា៖
  លោកហាក់ដូចជារស់នៅម្នាក់ឯង ខ្ញុំក៏មានតែម្នាក់ឯងដែរ តើលោកចង់បាន​ខ្ញុំជាភរិយារឺទេ?
អាពាហ៍ពិពាហ៍ធ្វើអោយ កំបិ សប្បាយរីរាយណាស់ ប៉ុន្ដែក៏ធ្វើអោយវាពិបាកចិត្ដណាស់ដែរ ដើម្បីបង្ហើយការងារ។ វាជាប់ចិត្ដនឹងប្រពន្ធក្មេងណាស់ ទាល់តែមិនអោយនាងបាត់មុខពីវា សូម្បីមួយស្របក់ក៏ដោយ។ នៅពេលដែលវាធ្វើស្បែកជើងចំបើជារឿយៗ ស្បែកជើងនោះមានបន្ដោយរហូតប្រាំរឺប្រាំមួយចំអាមដោយមិនដឹងខ្លួនផង ព្រោះបុរសជា​ប្ដីអាត់តែសំលឹងមើលប្រពន្ធ មិនមើលការងារសោះ។ នៅពេលធ្វើអាវភ្លៀងចំបើងក៏ដូចនេះដែរ ជួនកាលអាវនេះមាន​ប្រវែងរហូតដល់ដប់រឺម្ភៃចំអាម ព្រោះបុរសនេះសំលឹងមើលតែអ្វីៗដែលប្រពន្ធវាកំពុងធ្វើមិនបាន​ប្រុងប្រយ័ត្នមើលការងាររបស់វាទេ។ គ្មាននរណាអាចពាក់អាវភ្លៀងវាបានឡើយ។
រួចមកវាក៏ទៅធ្វើការឯចំការ មួយស្របក់ម្ដងៗវារត់មកផ្ទះវិញ ស្រែកហៅ៖
 ប្រពន្ធសំលាញ់អើយ! អូននៅទីនេះរឺ?
ហេតុនេះ វាគ្មានបានបំពេញការងារច្រើនទេ ក្នុងមួយថ្ងៃៗ។ ប្រពន្ធពោលថា «គាត់នឹង មិនចង់ធ្វើការទេ!» ដូចនេះនាងទៅទីក្រុងអោយសិល្បករម្នាក់គូររូបនាង។ នាងយករូបមកផ្ទះវិញ ហើយប្រាប់ កំបិថា៖
  បង! នេះនែរូបខ្ញុំ។ សូមយករូប​នេះទៅព្យួរនឹងដើមមននៅជិតបងទៅ បងអាចឃើញរូបនេះនៅពេលកំពុងធ្វើការក្នុងចំការ បងមិនបាត់មុខខ្ញុំយូរទេ
កំបិធ្វើតាមនាងប្រាប់ មួយស្របក់ម្ដងៗ វាឈប់ធ្វើការដើម្បីមើលរូបប្រពន្ធវា​ប៉ុន្ដែមិនយូរ​ប៉ុន្មានវាក៏រត់មកផ្ទះជាញយៗទៀត។ ថ្ងៃមួយមានខ្យល់បក់មួយវឹបកួចយករូបនោះ ហើយបំប៉ើងទៅលើមេឃ កំបីតាមចាប់រូបនោះដែរ ប៉ុន្ដែមិនយូរប៉ុន្មាន រូបក៏រសាត់បាត់ពីភ្នែកវាទៅ។ កំបិយំស្បែបៗ រត់ទៅផ្ទះប្រាប់ប្រពន្ធ នាងបានលួងលោមថា៖
  បងសំលាញ់! កុំព្រួយ ខ្ញុំនឹងទៅទីក្រុងរករូបគំនូរមួយទៀតមកអោយបង
ក្នុងរយៈពេលនោះ រូបគំនូរទីមួយប៉ើងតាមខ្យល់ ហើយទីបំផុតក៏ធ្លាក់ប៉េលប៉ោលចុះដល់សួនក្នុងវិមានមួយ។ លុះឃើញរូបគំនូរ ម្ចាស់វិមានចាប់ចិត្ដស្នេហាលើរូបស្រីក្នុងគំនូរនោះលោកគិតយ៉ាងនេះ « បើរូបគំនូរដូចនេះ មុខជាមាន​មនុស្សពិតមិនខាន »។ រួចលោកក៏បញ្ជាបំរើអាយដើររកស្រីនោះដល់ឃើញអោយចាប់យកនាងមកជូនលោកកុំបង្អង់។
បំរើដើរពីភូមិមួយទៅភូមិមួយ ដោយកាន់រូបគំនូរទៅផង គេសួររកតើមានអ្នកស្គាល់ស្រីនោះរឺទេ។ ទីបំផុត គេទៅដល់ភូមិដែល កំបិរស់នៅ បំរើសួរអ្នកភូមិដោយបង្ហាញរូបគំនូរផង
  តើអ្នកស្គាល់រូបនេះរីទេ?
ដោយបានឃើញរូបគំនូរអ្នកភូមិទាំងនោះឆ្លើយភ្លាម៖
  អូ! នេះជាប្រពន្ធ កំបិ ទេតើ! ប្រាកដមែន
លុះបំរើទៅដល់ខ្ទម កំបិ ក៏ឃើញស្រីម្នាក់រូបស្អាត។ មុខដូចរូបក្នុងគំនូរបេះបិទ
  យើងមកចាប់នាងយកទៅជូនចៅវហ្វាយយើងហើយ
ពួកគេនិយាយហើយប៉ុនប៉ងនាំនាងចេញទៅ។ កំបិអង្វរ
  សូមមេត្ដាកុំចាប់យកនាងទៅ
តែឥតអំពើឡើយ វាស្រែកទ្រហោយយំយ៉ាងខ្លាំងទាល់តែទឹកភ្នែកក្លាយជាថ្លុកមួយបន្ដាយមួយជំហាន។
ប្រពន្ធនិយាយ៖
  បងកំបិ កុំស្រែកយ៉ាងនេះ យើងមិនអាចធ្វើអ្វីគេកើតទេក្នុងពេលនេះ តែសូមស្ដាប់ខ្ញុំអោយមែនទែន។ យកដើមស្រល់សំរាប់តុបតែងក្លោងទ្វារទៅជាមួយផង​ ពេលនោះយើងនឹងបានជួបគ្នា ហើយកិច្ចការយើងនឹងបានសំរេច
នាងមិនទាន់ទាំងបាននិយាយអ្វីច្រើនទៀតផង គេក៏ចាប់យកនាងចេញតំរង់ទៅវិមាន។ រាល់ៗថ្ងៃ កំបិនឹកមមៃថាតើដល់ពេល​ត្រូវទៅរកប្រពន្ធវាហើយរឺនៅ?។ ទីបំផុតមានគេនិយាយប្រាប់វាថា ឥលូវដល់ពេលបុណ្យចូលឆ្នាំថ្មីហើយ។ វាចេញដំនើរតំរង់ទៅវិមានដោយបាននាំយកមែកស្រល់មួយបាច់ធំទៅផង។ បន្តិចទៀត​វានឹងបានជួបមុខប្រពន្ធសំលាញ់ចិត្ដវិញហើយ! លុះទៅដល់មាត់ទ្វារវិមាន កំបិ ស្រែកពពាយនាយថា៖
  ដើមស្រល់! ដើមស្រល់! ដើមស្រល់ល្អសំរាប់បុណ្យចូលឆ្នាំថ្មី!
ប្រពន្ធបានលឺសំលេងប្ដី ក៏ញញឹមពីក្នុងវិមានមក។ នេះជាលើកដំបូងហើយដែលនាងបានសើចតាំងពីពេលដែលគេចាប់នាងយកមកដាក់ក្នុងវិមាន។ ម្ចាស់វិមានសប្បាយណាស់ ដោយបានឃើញនាងរីករាយយ៉ាងនេះ។ លោកបញ្ជាបំរើទៅហៅអ្នកលក់ដើមស្រល់ចូលមក។ លុះឃើញកំបិមកដល់នាងប្រពន្ធរិតតែរីករាយជាងមុនទៅទៀតនាងសំលឹងមើលវាយ៉ាងពព្រាយ ទាល់តែម្ចាស់វិមានគិតក្នុងចិត្ដថា « បើអ្នកលក់ដើមស្រល់ធ្វើអោយនាងរីករាយយ៉ាងនេះ អញគួរតែធ្វើជាអ្នកលក់ដើមស្រល់វិញម្ដង »។
ម្ចាស់វិមានក៏បញ្ជាកំបិអោយប្ដូរសំលៀកបំពាក់ជាមួយខ្លួន លុះស្លៀកពាក់ខោអាវកញ្ចស់ដូចជាអ្នកលក់ដើមស្រល់ហើយ ម្ចាស់វិមានដើរចុះ ដើរឡើងក្នុងសួនដោយស្រែកពពាយនាយថា៖
  ដើមស្រល់! ដើមស្រល់! ដើមស្រល់ល្អសំរាប់បុណ្យចូលឆ្នាំថ្មី!
ធ្វើយ៉ាងនេះនាំអាយប្រពន្ធកំបិ កាន់តែសប្បាយចិត្ដឡើង។ នាងទះដៃដ៏ស្រួចរបស់នាង ហើយសើចក្អាកក្អាយអស់ពីដួងចិត្ដ។ ម្ចាស់វិមានរីករាយខ្លាំងណាស់ដោយបានឃើញនាងសើច ហើយក៏តាំងរាំរែកជុំវិញសូនដោយពុនដើមស្រល់ពីក្រោយខ្នងផង។
  ដើមស្រល់! ដើមស្រល់ល្អៗ!
គេពពាយនាយហើយ ពពាយនាយទៀត។ គេរាំ រារិលជុំវិញសួន ហើយចេញផុតពីមាត់ទ្វារវិមាន ដោយមិនទាំងដឹងខ្លួនផង។
លុះម្ចាស់វិមានចេញផុតទៅក្រៅភ្លាម ប្រពន្ធកំបិប្រាប់បំរើអោយបិទទ្វារវិមានមួយរំពេច។ មួយសន្ទុះក្រោយមកម្ចាស់វិមានដឹងថាខ្លួនមិនមែននៅក្នុងសួនទេ។ គេក៏ដើរទៅកាន់ទ្វារវិមាន តែងឿងឆ្លល់ជាខ្លាំងដោយឃើញទ្វារបិទជិតបើក៖
  អោយអញចូល! អោយអញចូល!
គេស្រែកហៅ តែគ្មាននរណាឆ្លើយតបវិញសោះ។ នៅក្នុងវិមាន កំបិ និងប្រពន្ធដ៏ឈ្លាសវៃរបស់គេមានរបស់ទ្រព្យគ្រប់បែបយ៉ាងដូចចិត្ដប្រាថ្នាហើយក៏រស់នៅយ៉ាងសុខសាន្ដនិងរីករាយពីពេលនោះមក។
« សំណាបយោងដី ស្រីយោងប្រុស »