Telegram Channel
Youtube Channel
Online TV

ថៅកែចិត្តចោរ

រឿង៖ ថៅកែចិត្តចោរ (៧ឆាក)
ឆាកទី១. ផានីត និងតៃកុង ឆាកទី២. ផានីត-ហំ-ថៅកែ ឆាកទី៣. ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់ ឆាកទី៤. ផានីត-ថៅកែនិងតៃកុង ឆាកទី៥. មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ) ឆាកទី៦. មនុស្សដដែលថែមកម្មករ-សុខ-ទ្រី-មាន-គង់ ឆាកទី៧. ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក(ចប់)

ឆាកទី២. ផានីត-ហំ-ថៅកែ

ថៅកែ ដើរចូលមកមើលឃើញតែផានីតព្រោះពូហំពួនទៅហើយ
  ផានីតមានមនុស្សចម្លែកមកសួរអ្វី…អីដែរ?
  ផានីត : បាទដូចជាមិនឃើញទេ។
អញទៅស្ទាក់ខ្ទប់ឯក្រសួងគិញហើយតែមិនដឹងជាបានផលយ៉ាងណា? តែតែនៅផ្ទះប្រយ័ត្នមើលបើមានមនុស្សចម្លែកមកសួរឆ្លើយថាមិនដឹងៗទៅ។
  ផានីត : បាទ!
  ហំ : (ស្ទុះចេញពីកន្លែងពួនមក) ក្រាបប្រណិប័តន៍ថៅកែ ថៅកែ : យី!អាហំអាឯងឆ្កួតទេឬ!មកធ្វើអ្វីហ្នឹង? ហំ : ប្របាទ…មក…សុំ…នែ…នែ…
  ថៅកែ : អាឯងមិនដឹងជាគេប្រកាសតាមវិទ្យុរកចាប់ក្បាលទេ? រួចអាឯងមកនេះគិតសម្លាប់ទាំងអស់គ្នាហះ?
  ហំ : ខ្ញុំដឹងថាគេរកចាប់ខ្លួនខ្ញុំហើយបានជាខ្ញុំឆ្លៀតមកបើកលុយរង្វាន់រួចនឹងអាលគេច។
  ថៅកែ : យីអានេះវង្វេងខួរហើយគិតតែរង្វាន់ជាប់គុកឯណោះមិនគិតទេ។ ទៅ! រត់ឱ្យបាត់ពីទីនេះទៅ!
  ហំ : ថៅកែមេត្តាឱ្យលុយមកសិន!
  ថៅកែ : (ហូតកាបូបយកលុយ) យក២០០រៀលរួចទៅឯណាឱ្យបាត់ទៅអាចង្រៃវាយក៏
  ហំ : កាលដែលថៅកែមានប្រសាសន៍នឹងខ្ញុំថាឱ្យខ្ញុំមួយម៉ឺន! ទាល់តែប៉ុណ្ណឹងដែរបានខ្ញុំប្រថុយលក់ស្បែក។
  ថៅកែ : យីអានេះ! អញមិនដឹង! បើ២០០មិនយកអញមិនដឹងអីទេទៅ! ចេញទៅ!ធ្វើឱ្យអញមានរឿងដោយសារផងឥលូវមកលំអុករក១ម៉ឺនទៀតអាណាតាមចិត្តឯងទាន់។
  ហំ : ព្រះតេជគុណខ្ញុំទុកជាម៉ែឪហើយមេត្តាខ្ញុំចុះ។ ជីវិតខ្ញុំថ្លៃតែ១ម៉ឺនរៀលម្ដេចព្រះបាទម្ចាស់មានប្រសាសន៍ឯណាទៅវិញ។ឱ្យខ្ញុំភ្លាមមក១ម៉ឺនដូចជាបោះចោលឱ្យសត្វលង់ទឹកទៅចុះ។ ព្រះតេជគុណស្គាល់ចិត្តខ្ញុំស្រាប់ហើយស៊ូស្លាប់រស់នឹងព្រះតេជគុណយ៉ាងណា។
  ថៅកែ : យីអានេះនិយាយច្រើនណាស់អញថាមិនដឹងៗហើយ។ យកឡានអញទៅបុកគេខូចឡានអញងាប់មនុស្ស៣នាក់រឿងរ៉ាវនឹងអាឯងនេះសម្បើមណាស់ប៉ោគេវាក្ដីផងឥលូវមករឹតឯងមួយទៀត។ ផានីតជួយគិតមើលអានេះវាគិតជញ្ជក់ឈាមឯងឱ្យនៅតែស្បែកនឹងឆ្អឹងតែម្ដង។
  ហំ ព្រះតេជគុណជ្រៀបស្រាប់ហើយ! ខ្ញុំបរឡានបុកគេគឺធ្វើតំរូវចិត្តព្រះតេជគុណ។
  ថៅកែ : អញឱ្យបុកមែនតែអញមិនមែនឱ្យបុកទាល់តែមានស្លាប់មនុស្សណា?
  ហំ : ខ្ញុំក៏មិនមែនចង់ឱ្យមានមនុស្សស្លាប់ដែរ។ តែនរណាប៉ាន់គ្រោះថ្នាក់បាន?
  ថៅកែ : អើ! រួចអាឯងមកទារលុយអញទៀត?
  ហំ : ចុះថៅកែសន្យាថាបើខ្ញុំបុកឡានអាហុងលីបានឱ្យខ្ញុំ១ម៉ឺន។ ខ្ញុំទារតាមតែថៅកែសន្យា
កម្មករចូល
  ថៅកែ : អើ! អញឱ្យឯងបុកកុំឱ្យស្លាប់ឥលូវមានស្លាប់រឿងវាធំអញមិនដឹងទេ។
  ហំ : ថៅកែគ្មានបានបញ្ជាក់មុនថាកុំឱ្យមានស្លាប់ឬឱ្យមានទេ។ ថៅកែគិតថាឱ្យតែបុកវាយកពីខាងសម្បើមថាពួកយើងសឿង ជាងពួកវាប៉ុណ្ណោះឥលូវធ្វើតាមបានហើយរង្វាន់ដែលសន្មតថាឱ្យខ្ញុំឱ្យមកឥលូវ:១ម៉ឺនរៀល!
  ថៅកែ : យីអា! សំដីរឹងណាស់ហ្ន!
  ហំ : ថៅថៅកែខ្ញុំត្រវការ១ម៉ឺនណាស់ប្រពន្ធខ្ញុំឈឺកូនត្រូវចូលអនុវិទ្យាល័យម្ដាយខ្ញុំចង់ធ្វើបុណ្យបន្តិចបន្តួចនឹងគេ។ ឱ្យតែបាន ១ម៉ឺនមកខ្ញុំយកទៅឱ្យប្រពន្ធកូនម្ដាយខ្ញុំសប្បាយយ៉ាងណាយ៉ាងនោះចុះខ្ញុំឥតគិតទេខ្ញុំសូមលើកដៃសំពះថៅកែម្ដងបើមិន អាណិតខ្ញុំទេអាណិតតែប្រពន្ធកូនម្ដាយខ្ញុំចុះកុំតែមានវង្សត្រកូលខ្ញុំមិនត្រូវការ១ម៉ឺនធ្វើអ្វីទេ។
  ថៅកែ : ឃើញទេអានេះមានត្រង់នឹងឯងឯណាវាធ្វើការឱ្យឯងមិនមែនស្រលាញ់ឯង តែវាធ្វើការឱ្យឯងដើម្បីសម្រេចប្រយោជន៍វាឯ ណោះឯងទាំងមិនអាណិតអញផងចុះឱ្យអញអាណិតឯងម្ដេចបាន។
  ហំ : ឥលូវឈប់និយាយពីអាណិតខ្ញុំចុះនិយាយពីពាក្យដែលថៅកែដែលបានសន្យានឹងខ្ញុំ។ ថៅកែបានថា ”អាហំអាឯងមើលស្រឿ ឡានអាហុងលីឱ្យចំឆ្អឹងជំនីរអញឱ្យឯង១ម៉ឺនរៀល។ ខ្ញុំបានបញ្ជាក់ថៅកែពីរបីដងថៅកែថាឱ្យ១ម៉ឺនរៀលមែនឱ្យតែខ្ញុំ ធ្វើបាន។
  ថៅកែ : អញមិនដឹងអញមិនដែលនិយាយដូចនេះទេអាឯងចង់ទៅប្ដឹងៗទៅអាឯងនិយាយឱ្យបែកមេឃក៏គ្មានលោកណាជឿឯង ដែរ។ នាម៉ឺនគេជឿអញអាសំអុយ។
  ហំ : ថៅកែមិនខ្លាចឆ្កែទាល់ច្រកទេឬ? លេងបញ្ចេះប្ដឹងតិចខ្ញុំប្ដឹងមែនខ្ញុំមានសាក្សីខ្ញុំណាព្រោះថៅកែនិយាយគឺថៅកែនិយាយនៅ ចំពោះមុខអាដែងអស់នោះ អាសុខ អាមាន អាទ្រី អាគង់ សុទ្ធតែបានឮពួកទាំងនោះវាទាំងបានឃាត់ខ្ញុំកុំឱ្យធ្វើផង។
  ថៅកែ : (សើច) ពួកអាអស់នោះវាមិនឆ្កួតទៅសម្លាប់អញឱ្យអាឯងរស់នោះទេ។ ទុកជាវាឮមែនឱ្យលុយវាខ្លះទៅវាទៅជាមិនឮវិញ ហើយ។
  ហំ : កុំអាងទឹកប្រាក់ហើយមើលងាយមនុស្សពេកថៅកែ!
  ថៅកែ : កុំអាងទឹកចិត្តមនុស្សធម៌ហើយមើលងាយកម្លាំងប្រាក់អាហំ!
  ហំ : អ្នកមានស្គាល់តែពីលុយតែម្ដងគ្មានចិត្តមេត្តាគ្មានសម្បជញ្ញះទេ។
  ថៅកែ : បើអ្នកក្រមិនស្គាល់លុយអ្នកក្រមកទារ១ម៉ឺនរៀលធ្វើអ្វី?
  ហំ : ព្រោះអ្នកក្រត្រូវការលុយយកមកចិញ្ចឹមជីវិតខុសពីអ្នកមានដែរត្រូវការលុយសំរាប់យកទៅអួតប្រាប់គេថាខ្លួនមានលុយច្រើន ឬជាគ្រឿងសំរាប់បញ្ឆោតចិត្តឱ្យសប្បាយរីកថ្លើមធំជាន់គេជាន់ឯង។
  ថៅកែ : យីអានេះកាន់តែព្រហើនឡើងៗចេញពីផ្ទះអញឱ្យឆាប់។
  ហំ : ផានីតជាសាក្សីខ្ញុំមួយទៀតថាថៅកែបានប្រើឱ្យខ្ញុំបុកឡានអាហុងលីមែនថាឱ្យខ្ញុំ១ម៉ឺនឥលូវមិនឱ្យ។ យើងនិយាយគ្នាទាំង ប៉ុន្មានផានីតបានស្ដាប់ឮទាំងអស់។
  ថៅកែ : ចេញពីផ្ទះអញទៅ!
  ហំ : ឱ្យ១ម៉ឺនមក!
  ថៅកែ : ទៅ!
  ហំ : ទេ។
  ថៅកែ : អហំទៅអាណិតអញហ៏! អញឱ្យ៥០០រ។
  ហំ : ថៅកែអាណិតខ្ញុំឱ្យខ្ញុំ១ម៉ឺនមក។
  ថៅកែ : ១ម៉ឺន!១ម៉ឺន! អញបានមកពីណាមក?
  ហំ : បានពីខ្ញុំពីផានីត ពីអាសុខ ពីអាទ្រី ពីអាមាន អាគង់ ពីខ្មែរអ្នកធ្វើការទាំងអស់គ្នា។
  ថៅកែ : អាហំចេញពីផ្ទះអញឱ្យឆាប់ក្រែងលោ…
  ហំ : ក្រែងលោស្អីខ្លាំងណាស់ចូលគុកទាំងអស់គ្នា។ រឿងបុកឡានខ្ញុំគ្រាន់ទេជាដៃជើងខួរក្បាលគឺថៅកែឯង។
  ថៅកែ : អាហំ…អាហំ…អាហំ…អញអង្វរអាឯង។
  ហំ : អង្វរខ្ញុំធ្វើអ្វីឋានះថៅកែមិនត្រូវអង្វរខ្ញុំទេខូចកិត្តិយសអ្នកមានអស់ហើយ។ ម្យ៉ាងទៀតខ្ញុំលែងឆោតហើយសំឡេងទន់របស់ ថៅកែគ្មានឥទ្ធិពលមកលើខ្ញុំទៀតទេ។ លុយ១ម៉ឺនដែលសន្យាទើបលួងចិត្តខ្ញុំមាន។
  ថៅកែ : អាហំឯងចង់សម្លាប់អញឬ? បានជាអញនិយាយអ្វីឯងធ្វើដូចជាថ្លង់ដូចជាស្ដាប់គ្នាពុំបាន! ខំជួយឯងពីនោះមកឥតប្រយោជន៍ សោះផ្គត់ផ្គង់តាំងពីខោអាវលុយស៊ុបខ្លះទៀតកូនប្រពន្ធឯងក៏អញមិនធ្មេចភ្នែកដែរ។ តាំងពីនោះមកយើងមានរឿងសុខទុក ជាមួយគ្នាច្រើន អញពឹងអាឯងក៏មានឯងពឹងអញក៏មានម្ដេចឥលូវម៉េចនិយាយគ្នាស្ដាប់ពុំមាន។ អញអស់ប៉ុណ្ណឹងហើយ! មើលនាយផានីតឯណេះគ្មានការងារធ្វើអញយកមកឱ្យធ្វើការជាមួយអញជួយយុវជន។ រឿងអ្វីដែលរាជការហៅឱ្យជួយជាតិ អញមិនដែលខានទេតាំងពីសង់សាលាទិញឆ្នោតវត្ថុជួយសមាគមសង់សាលាបាលីសង់វត្តធ្វើបុណ្យទានគ្រប់សព្វនៅតែ មិនដឹងអញទៀត។ អញសព្វថ្ងៃខ្សោះអស់ហើយគេជញ្ជក់គ្រប់ទិសនៅតែស្បែកនិងឆ្អឹងទេ។
  ហំ : ងឺ!រឿងថៅកែកម្សត់មែនគួរសរសេរសៀវភៅទុកដើម្បីបញ្ជាក់ថាថៅកែជួយជាតិសាសនាយ៉ាងណាខ្លះ។ ថៅកែនេះជួយខ្ញុំ ជួយក្មួយឯណោះដើម្បីប្រើយកកម្រៃពីខ្ញុំនឹងពីក្មួយឯណោះ។ ជួយជាតិយកចំណេញពីជាតិ។ ជួយសាសនាយកចំណេញពី សាសនា។ គោរពសរសើរពីស្ដេចដើម្បីយកចំណេញពីស្ដេចកុំត្រដាងអំពើល្អប្រាប់យើងខ្ញុំនោះទៅមិនរួចទេថៅកែនិងខ្ញុំមាន រឿងតែយ៉ាងខ្លីជាមួយគ្នាឱ្យខ្ញុំ១ម៉ឺនដូចសន្យាឬមិនឱ្យ? បើឱ្យខ្ញុំខ្ញុំមិនឆ្លើយដាក់ថៅកែខ្ញុំសុខចិត្តធ្មេចភ្មែកជួយថៅកែទៀត ចុះ។ បើមិនឱ្យទេ…ខ្ញុំសូមទោសឆ្លើយហើយ។
  ថៅកែ : ផានីតបើមាននរណារកអញថាអញទៅជួបនឹងគេថាមិនដឹងជាថ្មើរម៉ានបានមកវិញទេ។
  ហំ : ថៅកែគិតទៅណាហ្នឹង? អញ្ចើញទៅណាមិនបានទេ។
  ថៅកែ : អាឯងស្អីក៏មកផ្ដាច់សិទ្ធិអញមិនឱ្យទៅណាបាន?
  ហំ : មានរឿងមួយវាភ្ជាប់ថៅកែនឹងខ្ញុំ
  ថៅកែ : អញទៅ!
  ហំ : ខ្ញុំមិនឱ្យទៅ!
  ថៅកែ : អញនៅតែទៅ។
  ហំ : ទៅខ្ញុំទៅតាម។
  ថៅកែ : អញឡើងឡាន។
  ហំ : ខ្ញុំឡើងដែរ។
  ថៅកែ : អញទៅប្ដឹង។
  ហំ : ហ៊ានទៅប្ដឹងល្អហើយ។
  ថៅកែ : អញទៅហើយ។
  ហំ : ខ្ញុំទៅតាមដែរ ……………………….
រឿង៖ ថៅកែចិត្តចោរ (៧ឆាក)
ឆាកទី១. ផានីត និងតៃកុង ឆាកទី២. ផានីត-ហំ-ថៅកែ ឆាកទី៣. ផានីត-កម្មករ-សុខ-មាន-ទ្រី-គង់ ឆាកទី៤. ផានីត-ថៅកែនិងតៃកុង ឆាកទី៥. មនុស្សដដែលថែមនាងយ៉ាង(ប្រពន្ធពូហំ) ឆាកទី៦. មនុស្សដដែលថែមកម្មករ-សុខ-ទ្រី-មាន-គង់ ឆាកទី៧. ទាំងអស់គ្នាថែមពួកក្រុមនគរបាលចូលមក(ចប់)