Telegram Channel
Youtube Channel
Online TV

កាកី

អារម្ភកថា


អក្សរសិល្ប៍ខ្មែរ


រឿង៖ កាកី



ដោយ៖ «ព្រះបាទអង្គឌួង»
ប្រសូតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៧៩៦ ហើយបានសុគតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៨៦០
ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណចក្រកម្ពុជា​ពីគ.ស. ១៨៤៨ ដល់ គ.ស. ១៨៦០
«រឿងកាកី» ជាស្នាព្រហត្ថ ព្រះរាជនិពន្ធរបស់ «ព្រះបាទអង្គឌួង» ហើយត្រូវបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ នៅព.ស២៥០៩ គស ១៩៣៤។
«រឿងកាកី» ជា​រឿង​មួយ​លាត​ត្រដាង​ថ្លា​ថ្លែង​អំពី «សេច​ក្ដី​ស្នេហា រាគៈ តណ្ហា កាម​គុណ រៀប​រាប់​អំពី​សំរស់​នារី​ដ៏​ស្រើប​ស្រាល សោយ​សុខ​ក្នុង​កាម​កិលេសដ៏​សុខ​មនោ​រម្យ​ ជា​រឿង​ស្ដី ពី​ស្រ្ដី​ចិត្ដ​ចើក​សាវា មាន​ប្ដី​មួយ​ហើយ​មួយ​ទៀត មិន​ចេះ​ស្កប់​ស្កល់​។ រឿង​នេះ ត្រូវ​បាន​លើក​យក​មក​ធ្វើ​បទ​សិក្សា ក្នុង​អក្សរ​សិល្ប៍​ខ្មែរ គ្រប់​ៗ​ជំនាន់ ហេតុ​នេះ «រឿង​កាកី» បាន​ជ្រួត​ជ្រាប ស្ទើរ​គ្រប់​មជ្ឈ​ដ្នាន ក្នុង​សង្គម​អក្សរ​សិល្ប៍​ខ្មែរ រហូត​ដល់​អ្នក​ស្រុក​អ្នក​ភូមិ កូន​ក្មេង​តូច​តាច​ទាំង​ឡាយ​ផង ថា​បើ​នរ​ណា​ម្នាក់​មាន​ចិត្ដ​សាវា ប្ដូរ​ផ្លាស់​មិន​ចេះ​ស្កប់ អ្នក​ស្រុក​អ្នក​ភូមិ​តែង​ដំនៀល​ជេរ​ថា «មេកាកី ឬ ស្រី​កាកី» ហើយ​ថែម​ទាំង​មាន​ជេរ​ប្រុស​ៗ «អា​កាកី ឬ​ប្រុស​កាកី» ទៀត​ផង​ដែរ​។
កាកី = ប្រែថា ក្អែកញី
សិម្ពលី = ប្រែថា ដើមរកា ជាលំនៅស្ថានរបស់គ្រុឌ (តំណាងអំពើផិតក្បត់) ដើមរកា ជាឈ្មោះឈើមួយប្រភេទ មានបន្លាធំៗ រង្វើល មានផ្កាក្រហមស្រស់មានលំអង ក្រហមលឿង នៅកណ្ដាល។ រកាដែក មានបន្លាសុទ្ធតែដែក ដុះនៅស្ថាននរកសំរាប់ពួកនិរយបាល កំហែងដេញអោយសត្វនរក ដែលមានបាបប្រតោងឡើង ឬចុះ ព្រោះ កាលនៅជាមនុស្ស ជាអ្នកលួចប្រពន្ធ ឬ ប្ដីគេ ហើយត្រូវ «ធ្លាក់នរកឡើងដើមរកាដែក»

វិចារណកថា

ការសិក្សារឿងកាកី យើងសង្កេតឃើញថា ទាំងសៀម ទាំងខ្មែរសុទ្ធតែមាន រឿងកាកីដូចគ្នា ខ្ញុំសូមមិនធ្វើការសិក្សានិយាយថា តើនរណា ចំលងពីនរណាទេ ប៉ុន្ដែដើម្បីកុំអោយមានការច្រលំគ្នារវាងសៀម និង ខ្មែរ ខ្ញុំចង់លើកយកភាពខុសគ្នាខ្លះៗក្នុងសាច់រឿងមកធ្វើការសិក្សា បង្ហាញត្រួសៗដូចតទៅ៖
ក្នុងរឿងកាកីសៀម បុរសដែលបានរួមរ័កស្នេហាជាមួយកាកីមានរហូតដល់ ៦នាក់ ៖ ព្រះបាទព្រហ្មទត្ដ គ្រុឌ គន្ធាន់ នាយសំពៅចាម មេចោរ និងស្ដេចនគរស្រីទេព ចំណែករឿងកាកីខ្មែរបុរសដែលបានរួមរ័កជាមួយកាកី មានតែ ៣នាក់ទេ៖ ព្រះបាទព្រហ្មទត្ដ គ្រុឌ និង គន្ធាន់។ រឿងកាកីខ្មែរ ត្រូវបញ្ចប់ត្រឹមយកនាងកាកីទៅបណ្ដែតពោងពាយលិចស្លាប់កណ្ដាលសមុទ្រ ឯកាកីសៀមបានបន្ដនិយាយអំពី នាយសំពៅ ចាមចោរសមុទ្ទ និងស្ដេនគរស្រីទេព បានជួយសង្គ្រោះពោងពាយនាងកាកី។
ក្នុងរឿងកាកីខ្មែរ អ្នកនិពន្ធបានទំលាក់កំហុសទាំងស្រុងទៅលើនាងកាកី ចំណែកកាកីសៀមអ្នកនិពន្ធហាក់ដូចជាសំរាលទោសកំហុសនាង កាកីជាង។ ក្នុងចំណោមបុរសទាំង ៦នាក់ដែលបានរួមរ័កជាមួយកាកី គឺមានតែ ២នាក់ទេដែលមានការព្រមព្រៀងពីនាង គឺព្រះបាទព្រហ្មទត្ដ និង ស្ដេចនរគស្រីទេព ឯបុរស ៤នាក់ទៀតសុទ្ធសឹងតែបានចាប់បង្ខំ រំលោភលើនាងទាំងអស់ គន្ធាន់ ក្នុងរឿងកាកីសៀម បានសំរេចការរួម រក្សជាមួយកាកីដោយចាប់រំលោភ។ នាយសំពៅចាម ដែលរើសកាកីពីកណ្ដាលសមុទ្រ និងមេចោរសមុទ្ទ ក៏ចាប់នាងរំលោភដែរ។ បរុសទី៦ ដែលបានជួយនាងពីចោរសមុទ្ទ ទើបមានការរួមរក្សស្នេហាកើតដោយមានការព្រមព្រៀងពីនាង។
រឿងកាកីខ្មែរបានបញ្ចប់ជោគវាសនានាងកាកី ត្រឹមព្រះបាទព្រហ្មទត្ដ យកនាងទៅបណ្ដែតពោងពាយកណ្ដាលសមុទ្រ ខ្យល់សមុទ្របាន បោកបក់លិចលង់ក្ស័យជីវិតទៅ។ ចំណែករឿងកាកីសៀម អ្នកដែលយកនាងទៅបណ្ដែតពោងពាយមិនមែនជាព្រះបាទព្រហ្មទត្ដទេ គឺជា ស្ដេចជ្រែករាជ តេជោ។ នៅកណ្ដាលសមុទ្រ កាកីត្រូវបានជួយស្រង់ដោយសំពៅចាម នាយសំពៅចាមបានចាប់នាងរំលោភ។ ក្រោយមក ទៀតសំពៅចាម ក៏ធ្លាក់ក្នុងកន្ដាប់ដៃចោរសមុទ្រ ហើយមេចោរសមុទ្របានចាប់នាងបង្ខំរំលោភទៀត។ ពួកកូនចៅមេចោរសមុទ្រកើកក្ដី ច្រណែន ចង់បានកាកីគ្រប់គ្នា ទើបបង្កអោយមានការប្រយុទ្ធគ្នាស្លាប់រស់ រហូតដល់ស្ដេចនគរស្រីទេព បានមកជួយនាងកាកី ហើយបាន ខ្លួននាងដោយស្មោះស្ម័គ្រ។
ទោះជាយ៉ាងនេះក៏ដោយ នាងកាកីពុំមានសេចក្ដីសុខទេ គន្ធាន់ ដែលបានក្លាយស្ដេច នៅពេលដែលក្រុមជ្រែករាជ តេជោសំលាប់ ព្រះបាទ ព្រហ្មទត្ដទៅ ហើយគន្ធន បានសំលាប់ក្រុមតេជោវិញ បានលើកទ័ពមកច្បាំងសំលាប់ស្ដេចនគរស្រីទេព ហើយយកនាងកាកីជាប្រពន្ធទី៣ ក្នុង ចំណោមប្រពន្ធពីរទៀត​។
តាមសាច់រឿងកាកីខ្មែរ យើងឃើញមានប្រុសបីនាក់ដែលបានរួមរក្សស្នេហាជាមួយនាងកាកី គឺព្រះបាទព្រហ្មទត្ដ ក្រុងគ្រុឌ និង គន្ធាន់។ សេចក្ដីស្នេហានេះ អ្នកនិពន្ធបានទំលាក់កំហុសទាំងស្រុងទៅលើតួអង្គស្រីថា ជាស្រីចិត្ដចើកខ្វើករកប្រុស ព្រោះថា គ្រាន់តែលឺថាមានបុរស សង្ហាមកលេងបាស្ការ ជាមួយព្រះមហាក្សត្រ កាកីនឹកមមៃចាប់ចិត្ដស្រលាញ់ចង់បានមកធ្វើជាស្វាមីភ្លាម អ្នកនិពន្ធបានបញ្ចាក់ថា ពេលកាកី ឃើញគ្រុឌ នាងបានញញឹមដាក់ ចោលកន្ទុយភ្នែកដាក់គ្រុឌ បណ្ដាលធ្វើអោយគ្រុឌទ្រាំមិនបាន។ កំនាព្យត្រង់នេះសរសេរថា៖ «នាងធ្វើជា ធ្លាក់ រសាយស្ងទាក់អំពីអង្សា គ្រុឌយល់សុដន ណែនក្ដន់ឱរា ព្រួចចិត្ដចិន្ដា ស្រៀវស្រើបប្រតិព័ទ្ធ»
បើយើងខំធ្វើកាសិក្សា ហើយធ្វើវិភាគក្នុងសាច់រឿងនេះអោយបានល្អិនល្អន់ យើងឃើញថា ព្រះបាទព្រហ្មទត្ដព្រះអង្គមានស្រីស្នំគ្រាំការដ៏ ច្រើនលើសលុប ហើយម្យ៉ាងទៀតព្រះអង្គទ្រង់សព្វព្រះរាជហរិទ័យ កំសាន្ដ នឹងល្បែងល្បាំទៀតផង ដូច្នេះនាងកាកី បានទទួលស្នេហាពីព្រះ បាទព្រហ្មទត្ដយ៉ាងណានោះវាជាអាថ៌កំបាំងមួយ។ ក្នុងន័យមួយទៀត កាលដែលនាងកាកីចាប់ចិត្ដស្រលាញ់ក្រុងគ្រុឌ នាងបានសំដែងនូវ អាការកលមាយា ធ្វើអោយលេចសុដន ធ្វើអោយគ្រុឌចាប់ចិត្ដស្រលាញ់ទប់ចិត្ដមិនបាន ក៏វាមិនជាកលមាយារបស់កាកីម្នាក់ឯណា វាជាកល មាយាស្រ្ដីគ្រប់រូប ដែលជាធម្មជាតិ បានតាក់តែងកាយអោយនាងៗ ។
សុដនណែនក្ដន់ក្នុងទ្រូងរបស់ស្ត្រីទាំងឡាយ វាជាចំនុចចាប់ចិត្ដស្នេហារបស់បុរសចំពោះស្ត្រី បើទោះជាស្ដ្រីណាម្នាក់មិនចង់ពើងបង្អួត យ៉ាងណាក្ដី ក៏ធម្មជាតិនេះបានលេចលៀនចេញមក ជាធម្មតាដែរ ការស្លៀកពាក់តាក់តែងកាយរបស់ស្ត្រី រឹបរាងអោយសុដនលេចធ្លោឡើង វាជារឿងធម្មតារបស់ស្ត្រី តាំងពីសម័យអតីកាលមក។ រូបអប្សរា ចំលាក់នានាពីបូរាណ ក៏បានបានបង្ហាញអំពីការតាក់តែតកាយរបស់ស្ត្រី យ៉ាងនេះដែរ។
ចំណែករឿងមួយទៀត នាងកាកីដែលចាប់ចិត្ដស្នេហាទៅលើក្រុងគ្រុឌ វាគ្រាន់តែជាសេចក្ដីប្រាថ្នាមួយរបស់ស្រ្ដី នាងមានសិទ្ធិ គួចចិត្ដ ស្រលាញ់នរណាម្នាក់ដែលនាងពេញចិត្ដ នាងគ្រាន់តែមានចិត្ដស្រលាញ់ តែនាងមិនបានប្រព្រឹត្ដខុសរហូតលោតទៅចាប់យកគ្រុឌឯណា គ្រុឌទេតើ ដែលចេះមន្ដវិជ្ជាការ ប្រើល្បិច ប្រើកំលាំងចាប់យកនាងកាកីទៅ ហើយវាក៏ជាអាថ៌កំបាំងដ៏ជ្រាលជ្រៅណាស់ ពេលដែលគ្រុឌ ចាប់នាងកាកីទៅ តើនាងកាកីពិតជាសុខចិត្ដរួមរក្សស្នេហាជាមួយគ្រុឌពិតមែនឬទេ? បើទោះជាកាកីមិនព្រមរួមរក្សជាមួយក្រុងគ្រុឌ នាងជានារីភេទម្នាក់ធម្មតាៗ មានកំលាំងទន់ខ្សោយ តើនាងអាចមានសុវត្ដិភាពគេចផុតពីគ្រុឌបានដែរឬទេ?។ តាមសាច់រឿង គ្រុឌបានចាប់ ចិត្ដស្រលាញ់នាងកាកីខ្លាំងណាស់ ហើយបានប្រើវិធីលួចចាប់នាងកាកីទៅដោយលាក់កំបាំង ស្ថិតក្នុងកំលាំងភ្លើងតណ្ហាដ៏ពុះកញ្ជ្រោយ៉ាង ដូច្នេះ បើទោះជានាងកាកីមិនព្រម ក៏គ្រុឌត្រូវតែចាប់បង្ខំនាងកាកី អោយរួមរក្សស្នេហាជាមួយខ្លួនដោយពុំបាច់មានការព្រមព្រៀងពីនាង ឡើយ។
លុះបន្ដមកទៀតនាងកាកីត្រូវបានរួមរក្សស្នេហាជាមួយគន្ធាន់ជាអាមាត្យរបស់ព្រះមហាក្សត្រទៀត នៅក្នុងចំនុចនេះ អ្នកនិពន្ធក៏បាន ទំលាក់កំហុសទៅលើនាងកាកីយ៉ាងខ្លាំងក្រៃលែងដែរ។ តាមសាច់រឿង គន្ធាន់បានទៅជួបនាងនៅក្រុងសិម្ពលីរបស់គ្រុឌ យើងឃើញគន្ធាន់ បាននិយាយលួងលោមប្រលោមសុំស្នេហ៍ ពីនាងកាកីដោយវោហាប៉ិនប្រសព្វយ៉ាងក្រៃលែង គន្ធាន់បានពោលពាក្យកុហក បោកបញ្ឆោតនាង ថាព្រះមហាក្សត្រមិនបាននឹកនាដល់នាងសូម្បីតែបន្ដិច ថែមទាំងក្បត់ព្រះមហាក្សត្រដែលជាម្ចាស់ខ្លួនថែមទៀត ដែលនេះវាជាអំពើដ៏អសីល ធម៏មួយ យ៉ាងអាក្រក់ក្រៃលែងណាស់។
បើនិយាយអំពីសីលធម៌ក្នុងសង្គមវិញ ទាំងគ្រុឌ ទាំងគន្ធាន់ បានប្រព្រឹត្ដខុសគន្លងធម៌យ៉ាងធ្ងន់ធ្ងរ ទាំងខាងផ្នែកផ្លូវលោក និងផ្លូវធម៌ទៀត ផង ព្រោះគ្រុឌ និង គន្ធាន់សុទ្ធតែបានប្រព្រឹត្ដខុសក្នុងការ លួចសេពសន្ធវៈ ជាមួយនឹងភរិយាអ្នកដ៏ទៃ។ បើកាកី ពិតជាបានព្រមព្រៀងស្នេហា មែន កំហុសសីលធម៌ក្នុងសង្គមមនុស្សមានដូចគ្នា ម្ដេចក៏កាកីតែម្នាក់ ត្រូវទទួលទោសបណ្ដែតពោងពាយ រហូតលិចលង់ក្ស័យជីវិតបង់ មិន តែប៉ុណ្ណោះ នាងត្រូវសង្គមដៀលជេរ អសោចកេរ្ដិ៍រហូតមកដល់សព្វថ្ងៃទៀត។
និពន្ធ​ដោយ៖​ ស្នាព្រហត្ថ ព្រះរាជនិពន្ធរបស់ «ព្រះបាទអង្គឌួង»
ព.ស២៥០៩ - គស ១៩៣៤