Telegram Channel
Youtube Channel
Online TV

កាកី

រឿង៖ កាកី (៥ភាគ)
០១. លួចស្នេហា ០២. បាត់អូន ០៣. ល្បិចស្នេហ៍ ០៤. ក្ដៅចិត្ដ ០៥. ទោសស្នេហា(ចប់)

ភាគទី០១៖ លួចស្នេហា

ព្រះបាទព្រហ្មទត្ដ សោយរាជ្យសម្បត្ដិក្នុងនគរពារាណសី ព្រះអង្គជាព្រះ មហាក្សត្រមួយអង្គ មានរិទ្ធិអំណាចដ៏ខ្លាំងក្លា មានស្ដេចមួយរយ នគរជា ចំណុះនាំសួយសារអាករមកថ្វាយមិនដែលដាច់។ ព្រះអង្គមានអាមាត្យដ៏ជិត ស្និតម្នាក់ឈ្មោះ គន្ធាន់។ គន្ធាន់ចេះសិល្ប៍សាស្រ្ដ មានរិទ្ធិ អំណាចខ្លាំងពូកែលឺ ល្បីល្បាញសុះសាយពេញអស់ភពផែននគរ ក្រៅពីនោះ គន្ធាន់ចេះដេញ ពិណ ច្រៀងជាបទកំនាព្យ ប្រើល្បិចល្បោយ យ៉ាងពិរោះជក់ចិត្ដចំពោះជុំជន ទាំងឡាយទៀតផង។ ព្រះបាទព្រហ្មទត្ដមានព្រះអគ្គមហេសីមួយអង្គ ព្រះនាម កែវកាកី នាងប្រសូតចេញពីផ្កា កនិការ មានរូបឆោមល្អដូចផ្កាកំពុងរីក មានក្លិនពិដោរក្រអូបឈ្ងុយឈ្ងុបដូចលំអងគន្ធា បើបុរសណាបានរួមរ័កស្នេហា លុះប្រាំពីររាត្រីទើប អស់ក្លិនក្រអូបដោយគន្ធានោះ។ ព្រះបាទព្រហ្មទត្ដ ទ្រង់សព្វរាជហរិទ័យ ស្រលាញ់នាងកែវកាកីណាស់ ព្រះអង្គបានតែងតាំងនាងជាព្រះរាជ អគ្គមហេសី ខ្ពស់លើសអស់ស្រីស្នំស្រឹង្គារទាំងឡាយនៅ ក្នុងវាំង។
ស្ដេចគ្រុឌ គ្រប់គ្រង នៅនគរសិម្ពលី មានវិមាននៅលើកំពូលភ្នំព្រះសុមេរុ មានរិទ្ធតេជៈ បារមីខ្លាំងក្លាអស្ចារ្យ គ្រុឌអាចហោះឆ្លងគិរីបុព្វតា និងឆ្លងមហាសាគរដ៏ធំធេងបានយ៉ាងឆាប់រហ័ស មិនតែប៉ុណ្ណោះសោត ស្ដេចគ្រុឌចេះលិល្ប៍មន្ដវិជ្ជាការ អាចបែងប្រាណប្រែក្រលាទៅតាម ការប្រាថ្នាផ្សេងៗ ទៀតផង។ ជារឿយៗ ស្ដេចគ្រុឌតែងហោះឆ្លងគិរីបុព្វតា មហាសមុទ្រ ទៅលេងកំសាន្ដបាស្ការជាមួយព្រះបាទព្រហ្មទត្ដនៅឯ នគរពារានសី។
នៅជាយនគរពារាណសី មានដើមជ្រៃមួយដើមធំ បែកមែកសាខា មានម្លប់ត្រឈឹងត្រឈៃ ជាទីជំរកនៃហ្វូងបក្សាបក្សីទាំងឡាយ ហើយ ជាទីដែលស្ដេចគ្រុឌចូលទៅតាំងសមាធិ បែងបំប្លែងកាយប្រែក្រលា ជាកំលោះម្នាក់ ដ៏មានរូបឆោមសង្ហាល្អល្អះ គួរជាទីពេជពិលរមិលមើល និង ជាទីប្រាថ្នាស្រលាញ់ប្រតិព័ទ្ធចង់បាននៃនារីក្រមុំទាំងឡាយ។ ប្រែក្រលារួចស្រេចកាលណា គ្រុឌក៏ចូលទៅកាន់ព្រះបរមរាជវាំងនៃព្រះ បាទព្រហ្មទត្ដ។ គ្រុឌកំលោះ ចូលក្រាបកលព្រះមហាក្សត្រ ដោយគោរពឱនលំជាទីបំផុត។ ព្រះបាទព្រហ្មទត្ដ ទតយល់កំលោះសង្ហាមកដល់ក៏ ទ្រង់ហៅអោយចូលមកជិត ហើយទ្រង់ត្រាស់បញ្ជាអោយ អាមាត្យបំរើរៀបចំក្ដារបាស្ការ នឹងកំសាន្ដលេងជាមួយកំលោះយើង។
រសៀលទន់ទេរទាបព្រះសុរិយា វាយោបក់មកអង្វែល រាងកាយតិចៗ បំបាត់ភាពស្ទុះស្អាប់ អោយរម្យនា។ ការកំសាន្ដល្បែងបាស្ការរវាង ព្រះបាទព្រហ្មទត្ដ និង គ្រុឌ នៅតែពុំទាន់ឈ្នះ ពុំទាន់ចាញ់នៅឡើយ។ នៅក្នុងរាជតំណាក់ លើទែនសយនា ដ៏មានក្បូរក្បាច់ រំលេចពណ៌គួរជា ទីមនោរម្យក្រៃពេក ព្រះនាងកាកីទ្រង់គ្រឿងអលង្ការ ដូចធិតាព្រះកាមទេព នាងមានទឹកមុខយ៉ាងស្រពប់ស្រពោន ហាក់កំពុងកង្វល់ក្នុងចិត្ដ យ៉ាងក្រៃលែង។ បាត់ព្រះស្វាមីដ៏យូរ សែនយូរមិនឃើញមក នាងស្លុះស្អាប់អផ្សុកក្នុងកាយជាខ្លាំង។ នាងចុះដើរសន្សឹមៗ ចេញទៅកំសាន្ដ ក្រៅរាជដំណាក់។
រុក្ខជាតិនានា នាពេលរសៀល មានភាពស្រពប់ស្រពោន ដូចគេក្រាបសំពះ ព្រោះចាញ់កំដៅព្រះសុរិយា អស់ពេលជិតពេញមួយថ្ងៃ។ ឯដំណាក់រាជរោង បុរសម្នាក់ដូចទេពច្យុតពីស្ថានសួគា កំពុងអង្គុយលេងបាស្ការ ជាមួយនឹងព្រះមហាក្សត្រ ឃើញភ្លាម កាកី ព្រឺព្រួចសៀវស្រើប ប្រតិព័ទ្ធឥតឧបមា នាងឈររេរាសំលឹងសព្វអង្គប្រាណបុរស ពេលនោះបុរសយើង ក៏ងើបព្រះភ័ក្រ្ដឡើង ក្រសែភ្នែកដ៏មុតថ្លាទាំងសងខាង បាញ់បញ្ចូលគ្នា ដូចជាព្រួញកាមទេពដ៏មានរិទ្ធ រត់មក បុកចាក់ទំលុះបេះដូងកំលោះ ក្រមុំ អោយស្ថិតក្នុងភាពចលាចលមួយរកនិយាយមិន ត្រូវ...។
វង់ភ័ក្រ្ដផូផង់ ចញ្ចើមដូចវាសគូរ នេត្រាមូលខ្មៅយង់ ច្រមុះខ្ពស់ បបូរមាត់ក្រហមញញឹមផ្អែមត្រជាក់ សមនឹងកេសាធ្លាក់រំសាយ។ នាង មានរាងតូចច្រលឹង ទ្រូងពើងង ទ្រគាកសាយមូលក្លំ ទ្រង់គ្រឿងអលង្ការដូចទេពកញ្ញាចុះពីសួគ៌លោក។
  ឱ!.. នាងល្អអ្វី ក៏ល្អម្លេះទេ!.. ល្អដូចផ្កាកំពុងរីក!..
គ្រុឌសំលឹងកាកី នាងកាកីសំលឹងវិញ... បេះដូងម្នាក់ៗ លោតពុះកញ្ជ្រោលបង្កប់ទៅដោយក្ដីស្នេហា រាគ តណ្ហា យ៉ាងជ្រាលជ្រៅ មិនអាច ហាមឃាត់បាន...។
កាកី ដឹងថាគ្រុឌ សំលឹងនាង នាងញញឹមតបវិញ បញ្ចេញកិរិយាម្ញិកម្ញក់មាយា នាងធ្វើអោយធ្លាក់ស្បៃគ្របដន្ដប់កាយ ឧរានាងពើងខ្ពស់ អាវពណ៌ត្រួយចេកខ្ចី វៀលក សំរួចជារាងត្រីកោន បង្ហាញអោយឃើញគល់សុដនណែនក្ដន់ដ៏ល្អល្អះរបស់នាងលេចធ្លោឡើង។ ចក្ខុរបស់ គ្រុឌហាក់មើលឃើញរហូតដល់បុប្ផាទាំងពីរទងឯណោះ។
ព្រះសុរិយាគងភ្នំនាទិសបស្ចឹម កាកីត្រលប់ចូលរាជដំណាក់វិញ គ្រុឌដែលក្ដុកក្ដួលញប់ញ័រដោយសេចក្ដីស្នេហាពេញទ្រូង ខំទប់សង្កត់ ចិត្ដលេងបាស្ការជាមួយព្រះបាទព្រហ្មទត្ដដោយសេចក្ដីព្រឺព្រួចក្រៃលែង។ ឱ!.. នេះហើយភ្លើងស្នេហា គឺភ្លើងដែលមានកំដៅខ្លាំង គ្មានភ្លឹងអ្វី ស្មើនឹងភ្លើងស្នេហាឥតឈប់នេះបានឡើយ។ ភ្លើងស្នេហា បានដុតកំដៅរួមរិត បេះដូងគ្រុឌអោយកន្ដោចកន្ដែងម្នាក់ឯង គ្រប់វិនាទី។
ស្បៃខ្មៅព្រិលនៃរាត្រី បានទំលាក់មកគ្របដណ្ដប់គ្រប់ទិសទី គ្រុឌប្រញាប់ក្រាបបង្គំលាព្រះមហាក្សត្រចេញទៅយ៉ាងរហ័ស មកដល់ដើម ជ្រៃធំជាយនគរពារាណសី គ្រុឌក៏សេកមន្ដវិជ្ជាការ ប្រែក្រលាទៅជាគ្រុឌយ៉ាងធំសំបើមវិញ គ្រុឌក៏ហោះឡើងទៅលើអាកាសា បង្កអោយ មានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង ពពកខ្មៅងងឹតដុំៗ ធ្វើអោយងងឹតផែនពសុធាទាំងមូល។ ព្រះបាទព្រហ្មទត្ដ ទ្រង់យាងទៅគង់ចំពោះមុខ នាម៉ឺន មុខមន្រ្ដី និងពលសេនាអាមាត្យទាំងឡាយ ដែលកំពុងមានការភិតភ័យចំពោះហេតុការដ៏ចំលែកនេះ។ គ្រុឌបានឱកាស ក៏ចូលទៅរាជតំណាក់ នាងកាកី នាងកាកីក្រលេកឃើញគ្រុឌចូលមក នាងក៏ធ្មេចភ្នែកធ្វើជាផ្ទុំលក់យ៉ាងស្កប់ស្កល់។ គ្រុឌចូលទៅបបោសអង្អែលថ្នមថា៖
  ឱ!.. អូនកាកីស្រីស្រស់សំលាញ់បងអើយ!. បងនេះហើយជាចៅមាណព ដែលលេងបាស្ការជាមួយព្រះមហាក្សត្រនោះ តាំងពីបងបាន ឃើញប្អូន ចិត្ដបងមិនស្ងប់ ពុះកញ្ជ្រោលដោយក្ដីស្នេហា ចង់បានប្អូនជាជាគូគាប់ ភ្ជាប់និស្ស័យតាំងពីពេលនេះទៅ អូនសំលាញ់អើយ បងខំ ហោះផ្លោះស្កាត់មករកអូន ម្ដេចក៏អូនធ្វើមិនដឹង ផ្ទុំលក់ធ្វើព្រងើយយ៉ាងនេះ ភ្ញាក់ឡើងណាអូន បងនឹងនាំអូនទៅទីស្ថានរបស់បង ដែលជា ស្ថានសុខសួគ៌ា មានសម្បត្ដិមហាសាល គ្មានសម្បត្ដិមនុស្សឯណានឹងស្មើបានឡើយ។ បងនឹងនាំអូនទៅកំសាន្ដគ្រប់ទិសទី មើលអស់ម្រឹគ្គី ម្រឹគ្គា បក្សាបក្សីទាំងឡាយនាស្ថានព្រះឥសូរ...។
កាកីបានលឺអស់សារស័ព្ទសេចក្ដី ដែលគ្រុឌបានលួងលោមប្រលោមស្នេហ៍នាង តែសេចក្ដីអៀនអន់ មិនអនុញ្ញាតអោយនាងឆ្លើយតបទេ នាងធ្វើជាសំងំដេកលក់ដោយមិនដឹងខ្លួន គ្រុឌលើកកាយដ៏ស្រទន់ល្អល្អះរបស់នាងកាកីបីត្រកង ថើបញក់ញីដោយក្ដីស្រលាញ់ក្រៃលែង។ ក្នុងឱកាសដ៏ល្អនេះគ្រុឌក៏បី អោបនាង ហោះទៅកាន់សម្ពលី ជាទីស្ថានរបស់ខ្លួន ដោយពុំមាននរណាម្នាក់បានដឹងឡើយ។
ទៅដល់ទីស្ថានរបស់ខ្លួនហើយ គ្រុឌបានដាក់នាងកែវកាកីលើទែនសយនា ហើយសេកមន្ដវិជ្ជាការ ប្រាណប្រែក្រលាខ្លួនជាទេវបុត្រមួយ អង្គដ៏មានរូបឆោមយ៉ាងស្រស់សង្ហា ចូលទៅបបោសអង្អែលថើបថ្នាក់ថ្នម ប្រលោមស្នេហ៏នាងកាកីដោយក្ដីស្រលាញ់ពេកកន្លង។ នាងកាកី ភ្ញាក់ឡើង។ ដោយក្ដីអៀនអន់ នាងធ្វើជារុញច្រានអង្គទេវបុត្រចេញ រួចមានវាចាថា៖
  ឱ!...ព្រះអង្គអើយ!. ម្ដេចក៏ព្រះអង្គទ្រង់ធ្វើដូច្នេះ? ខ្ញុំម្ចាស់នេះមានប្ដីរួចទៅហើយ មិនគួរឡើយព្រះអង្គមកស្នេហាចំពោះខ្ញុំម្ចាស់យ៉ាងនេះ សោះ ម្ដេចក៏ព្រះមានព្រះទ័យមិនស្មោះត្រង់ នឹង ព្រះមហាក្សត្រ ហើយលបលួចចាប់ពង្រត់យកខ្ញុំម្ចាស់មកដោយមិនខ្លាចអំណាចព្រះអង្គ សោះ ម្យ៉ាងមួយទៀត ខ្ញុំម្ចាស់មានប្ដីហើយ មិនអាចស្រលាញ់ព្រះអង្គបានទេ ថ្ងៃក្រោយទៅព្រះអង្គនឿយណាយចិត្ដ ឈប់ស្រលាញ់ខ្ញុំម្ចាស់ ហើយព្រះអង្គ នឹងវិលទៅយកស្រីសួគ៌វិញ នោះខ្ញុំម្ចាស់នឹងត្រូវអ្នកផងគេជេរដៀលថា ជាស្រីស្រើបស្រាល អប្រិយទុរយសសាវា មានប្ដី ហើយមិនស្កប់ស្កល់ទៅរកប្រុសដ៏ទៃទៀត រីឯព្រះអង្គវិញ ក៏នឹងមានឈ្មោះមិនល្អ ព្រោះជាអ្នកលួចភរិយាគេផងដែរ។
ស្ដាប់កាកីរួច គ្រុឌលួចញញឹមក្នុងមាត់ ហើយឆ្លើយថា៖
  ខ្ញុំដឹងហើយ ថាអូនមានស្វាមី ឯព្រះមហាក្សត្រទៀតសោត ព្រះអង្គក៏ស្រលាញ់ទុកចិត្ដខ្ញុំ តែដោយក្ដីស្រលាញ់ចំពោះអូនដ៏ខ្លាំងក្លាខ្ញុំមិន ខ្លាចទេអំណាចព្រះមហាក្សត្រ ខ្ញុំសូមប្ដូរជីវិតនឹងអូនតែមួយ។ ម្យ៉ាងមួយទៀត សូមអូនសំកុំភ័យព្រួយខ្លាចក្រែងគេដៀលនិន្ទាធ្វើអី ព្រោះ កាលដែលបងលួចយកអូនមកនេះ គ្មាននរណាម្នាក់បានដឹងជ្រាបសេចក្ដីនេះឡើយ​។
  សូមព្រះអង្គកុំស្រលាញ់ខ្ញុំអី ព្រះអង្គពោលបែបនេះ ធ្វើខ្ញុំម្ចាស់រិតតែភិតភ័យណាស់ ស្រីសួគ៌ល្អបរិសុទ្ធគគោក ហេតុម្ដេចបានជាព្រះអង្គ មិនសព្វព្រះហរិទ័យស្រលាញ់រៀបការទៅ? បែរជាមកសព្វហរិទ័យអ្វីលើខ្ញុំម្ចាស់ ដែលជាស្រីមិនបរិសុទ្ធ មានប្ដីហើយទៅវិញ ព្រះអង្គគ្រាន់ តែពោលស្រលាញ់ខ្ញុំម្ចាស់តែព្រះឱស្ឋប៉ុណ្ណោះ ឬ យ៉ាងណា បើពិតដូច្នោះមែន ខ្ញុំម្ចាស់នឹងសោកសង្រេងអស់មួយជីវិតជាមិនខាន។
  ពិតមែនហើយ!.. នៅស្ថានសួគ៌ ពិតជាមានស្រីស្រស់ល្អឆើតឆាយដ៏ច្រើនមែន តែបងមិនដែលសព្វហរទ័យស្រីសួគ៌ណាម្នាក់ ដូចអូន សោះឡើយ អូនកុំភ័យព្រួយអី ក្នុងជាតិនេះខ្ញូំបានសន្មតយ៉ាងដាច់ខាតក្នុងចិត្ដថា ខ្ញុំស្រលាញ់តែអូនមួយទេ។ ហេតុនេះ ខ្ញុំសូមប្ដូរជីវិតនឹងអូន តែមួយ។ ខ្ញុំស្រលាញ់អូនស្មោះមែនណ៎ា។
មាត់គ្រុឌចេះតែពោល ដៃចេះតែបបោសអង្អែលលើអង្គប្រាណនាងកាកី ធ្វើអោយនាងលង់លក់ក្នុងសេចក្ដីស្រៀវស្រើបរកទីបំផុតគ្មាន។
អនិច្ចា!.. អង្គប្រាណនាងកាកី ដែលស្ថិតក្នុងភាពឯកកោម្នាក់ឯង ត្រូវក្រញុកក្រញី ដុតរោលដោយភ្លើងតណ្ហាអោយទោទន់ យ៉ាងមិនអាច តវាបាន។ បើទោះជាកែវកាកីខំនិយាយប្រកែកយ៉ាងណា ក៏គ្រុឌមិនអនុគ្រោះ ស្ដាប់ពាក្យនាងឡើយ គ្រុឌ រិតតែក្រសោមអោបប្រាណ ស្រង់ ក្លិនខ្លួនពិដោរ ដោយក្លិនគន្ធារបស់នាង ធ្វើអោយគ្រុឌលង់ក្នុងអន្ដូងតណ្ហាដ៏ជ្រៅសែនជ្រៅ។
បន្ដិចម្ដងៗ... ដៃនិងដៃ ខ្លូននិងខ្លួន អង្រួនរកគ្នា គ្រុឌក្រសោមអោបកាយនាង នាងធ្មេចភ្នែកសន្សឹមៗ យ៉ាងសែនសុខ យានតណ្ហាដែល មាន គ្រុឌ និង កាកីជាអ្នកជិះ បានហោះទៅដល់ឋានមួយទៀតថ្មី ឆ្ងាយផុតពីឋានមនុស្ស ឋានទេវតា ជាស្ថានមួយឆ្ងាយសែនឆ្ងាយ។
ឱ!..នេះហើយ!.. រាគៈ តណ្ហា ស្នេហាមេត្រី វាធ្វើអោយនាងភ្លេចអស់ ភ្លេចអ្វីៗដែលនាងធ្លាប់លេងសប្បាយ ភ្លេចព្រះមហាក្សត្រស្វាមី ដែលធ្លាប់ស្រលាញ់ ភ្លេចអ្វីទាំងអស់ដែលនាងរបស់នាង ហើយដែលមានតែមួយគត់ គឺបង និង អូនប៉ុណ្ណោះ។
«នាងធ្វើជា ធ្លាក់ រសាយស្ងទាក់អំពីអង្សា គ្រុឌយល់សុដន ណែនក្ដន់ឱរា ព្រួចចិត្ដចិន្ដា ស្រៀវស្រើបប្រតិព័ទ្ធ»
រឿង៖ កាកី (៥ភាគ)
០១. លួចស្នេហា ០២. បាត់អូន ០៣. ល្បិចស្នេហ៍ ០៤. ក្ដៅចិត្ដ ០៥. ទោសស្នេហា(ចប់)