Telegram Channel
Youtube Channel
Online TV

ចៅសុក្រ និង ចៅសៅរ៍

រឿង៖​ ចៅសុក្រ និង ចៅសៅរ៍

កាលពីព្រេងនាយមានមានបុរស2នាក់សំឡាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្ត មួយជាមួយគ្នា។ បួសយូរបន្តិចក៏សឹកមកវិញ ហើយក៏ជាសំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា « បើអ្នកណាក្រត្រូវ ជួយគ្នា » ហើយបុរសទាំងពីនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីទៃពីគ្នា។ ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន។ ឯចៅសៅរ៍ល្ងង់ខ្លៅ​ក្រលំបាកហើយ​ប្រពន្ធមានសហាយផង។ ចៅសុក្រដឹងថាប្រពន្ធចៅសៅរ៍មានសហាយ ហើយ ក្រលំបាកដូច្នោះ ទៅសួរចៅសៅរ៍ ទៅដល់ឃើញចៅសៅរ៍ក្រលំបាកមែន ក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយ ថា៖
  ត្រូវឯងតាមពាក្យអញ
ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ។ ចៅសុក្រក៏បបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើក្តារ មឈូសលក់។ ចៅសៅរ៍តាមពាក្យចៅសុក្រក៏ព្រមទៅជាមួយគ្នា។ ឯកូនសេដ្ធី​ដែលមានសហាយនឹងនាងប៉ិចជាប្រពន្ធ ចៅសៅរ៍ឃើញចៅសៅរ៍មិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរ៍ រួចហើយវិលមកផ្ទះវិញ។ ចៅសុក្រនិងចៅសៅរ៍ ធ្វើបានក្តារមឈូសមួយ ក៏យកមក​ដាក់ក្នុងផ្ទះហើយទៅធ្វើក្តារមឈូសទៀត។ កូនសេដ្ធីក៏ទៅដេកនឹងនាងប៉ិចទៀត។ ដល់ពាក់កណ្តាលផ្លូវអាធ្រាតចៅសុក្រ និង ចៅសៅរ៍មកផ្ទះវិញ ចៅសុក្រខំដើរប្រញាប់មកមុន ស្រែកហៅ ប្រពន្ធចៅសៅរ៍ឲ្យបើកទ្វារ។ ឯកូនសេដ្ធីក៏ភិតភ័យរត់ពុំរួច នាងប៉ិចឲ្យសហាយចូលដេកក្នុងក្តារមឈូស ហើយទៅ បើកទ្វារឲ្យចៅសុក្រ ចៅសៅរ៍ចូលទៅក្នុងផ្ទះ។ នាងប៉ិចសួរថា៖
  ដូចមេ្តចបានជាវិលមកវិញ៖
ចៅសៅរ៍ប្រាប់ថា៖
  ចៅសុក្រឈឺក្បាលហៅវិលមកវិញ៖
ហើយចៅសៅរ៍ប្រាប់ទៅនាងប៉ិចឲ្យដណ្តាំបាយស៊ី ស៊ីបាយរួចហើយ ដោយចៅ សុក្រដឹងថា សហាយនាងប៉ិចដេកក្នុងក្តារមឈូស ក៏ប្រាប់ទៅចៅសៅរ៍ថា៖
  រកផ្តៅចងក្តារមឈូសទុកក្រែងចោរលួច៖
ចៅសៅរ៍ក៏យកផ្តៅមកចងក្តារមឈូសទុកក្រែងចោរលួច ចៅសៅរ៍ក៏យកផ្តៅទៅចងរួចស្រេច ហើយយកដែកគោល បោះថែមទៀត។ ឯចៅសៅរ៍ពុំដឹងថា ប្រពន្ធមានសហាយ ក៏ធ្វើតាមពាក្យចៅសុក្របង្គាប់។
លុះព្រឹកឡើងចៅសៅរ៍ ប្រើប្រពន្ធឲ្យទៅទិញឥវ៉ាន់ ហើយនាងប៉ិចហួសទៅប្រាប់សេដ្ធីថា៖
  ឲ្យឪពុកម្តាយចាំទិញមឈូស ត្បិតកូនសេដ្ធីនៅ ដេកនឹងខ្ញុំ ប្តីខ្ញុំមកទាន់វារត់ទៅដេកក្នុងមឈូស ឥឡូវនេះប្តីខ្ញុំ សែងយកមកព្រឹកនេះហើយ។
ប្រាប់ហើយនាងប៊ិច ក៏ត្រឡប់ទៅផ្ទះវិញ ចៅសុក្រនិងចៅសៅរ៍ស៊ីបាយរួច ក៏សែងមឈូសយកទៅលក់។ សេដ្ធីឲ្យខ្ញុំមួយនាក់ចាំមើល ផ្លូវផ្តាំថា « បើឃើញអ្នកណាសែងក្តារមឈូសមកលក់ឲ្យរត់ទៅហៅយើង »។
ចៅសុក្រនិងចៅសៅរ៍សែងក្តារមឈូស ទៅដល់ផ្ទះសេដ្ធី ស្រែកពពាយនាយថា៖
  អ្នកណាទិញក្តារមឈូសទេ?
សេដ្ធីឭសួរថា៖
  លក់តមៃ្លប៉ុន្មាន?
ចៅសុក្រប្រាប់ថា៖
  ឲ្យចាក់ប្រាក់ពីដីឡើងស្មើនឹងមឈូស៖
សេដ្ធីសុំតមៃ្ល ចៅសុក្រមិនព្រម។ សេដ្ធីក៏ប្រើខ្ញុំកំដរ ឲ្យទៅ យកប្រាក់មកចាក់ស្មើនឹងមឈូស ហើយចៅសុក្រនិងចៅសៅរ៍យកប្រាក់ទៅផ្ទះចែកគ្នា។ សេដ្ធីគាស់មឈូសយកកូន ចេញ ក្រោយមកចៅសៅរ៍ យកនាងប៉ិចធ្វើប្រពន្ធដូចដដែលវិញ។