Telegram Channel
Youtube Channel
Online TV

ស៊ឹមអ្នកបរឡាន

រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)

វគ្គទី៩៖ ទៅមុន

ស៊ឹមបើកឡានចេញផុតពីរបងមន្ទីរធ្វើការ សួរ៖
  តេជគុណអញ្ជើញទៅណា?
  បត់ទៅអាថៃសាន ខ្ញុំត្រូវទៅជួបគេ។ លោកបានបង្គាប់។
ស៊ឹមបរសំដៅទៅអាថៃសាន ដល់មុខរោងកុនទ្រឿងកុកឈប់។ មុននឹងចុះ លោកបានមើលម៉ោងរួចបង្គាប់៖
  ស៊ឹមឯងទៅទទួលកូនខ្ញុំសិនចុះ ដល់ម៉ោង១១កន្លះ ត្រូវត្រឡប់មកទទួលខ្ញុំវិញ
  ប្របាទទាន...។
ឆ្លើយរួច ស៊ឹមបានបរឡានទៅសាលារៀនបារាំងខាងលិចវត្តភ្នំ ទទួលកូនលោកជូនទៅផ្ទះរួចជាស្រេច ក៏បានបរឡានត្រឡប់មកដល់អាថៃសានវិញជិតម៉ោង១១កន្លះ។ ស៊ឹមចោលភ្នែកទៅក្នុងហាងអាថៃសាន ឃើញចៅហ្វាយគាត់អង្គុយជាមួយលោកបីនាក់ទៀតដល់ម៉ោង១១កន្លះ ស៊ឹមចោលភ្នែកទៅម្តងទៀត ឃើញមិត្តលោកម្ចាស់ថែមមួយដូសទៀត អផ្សុកពេកណាស់ ដល់ពេលប្រពន្ធចាំបាយផង ស៊ឹមបានចុះពីឡានដើរទៅបៀតចិនលក់ទឹកកក មើលរូបកុនដែលបិទនៅជញ្ជាំងទ្រឿងកុក។ សារ៉ែនស្រែកឡើងស៊ឹមទៅថៃសាន ឃើញអ្នកបម្រើចាក់ឲ្យលោកមួយដូសទៀត ហើយអ្នកឡើងតុទាំងបួនជជែកគ្នាយ៉ាងរីករាយ។ ឃើញដូចនេះ ស៊ឹមលាន់មាត់ម្នាក់ឯងថា “មិនមែនតែម្តងនេះទេ ម៉េចក៏ម៉េចចុះ អញទៅមុនហើយ...” ។ រួចពីរអ៊ូនេះស៊ឹមក៏ឡើងឡាន បញ្ឆេះរោទ៍ម៉ាស៊ីនយ៉ាងខ្លាំងឲ្យលោកឮ តែលោកមិនឮ ស៊ឹមក៏ដាក់លេខបើកឡានមកផ្ទះមុន។ ចតរទេះឡានក្នុងរោងស្រួលបួលរួច ស៊ឹមក៏ជិះកង់កញ្ចាស់មកផ្ទះគាត់។ ដល់ម៉ោងមួយជិតកន្លះ ស៊ឹមបានស្លៀកពាក់ជិះកង់ទៅផ្ទះលោក ជូនកូនលោកទៅសាលារៀន ហើយក៏ត្រឡប់មកចាំលោកវិញ។ កំពុងតែជូតឡាន ស្រាប់តែឮសម្លេងលោកមកពីលើផ្ទះស្រែកហៅថា៖
  ស៊ឹមឡើងមកលើ។
ស៊ឹមបានរត់ឡើងទៅលើផ្ទះ រួចសួរ៖
  មានការអ្វីហៅខ្ញុំបាទទាន?
  ហេតុអ្វីក៏បើកឡានចោលខ្ញុំពីថ្ងៃត្រង់នេះ? លោកបាននិយាយមើលមុខស៊ឹមដោយខឹង។
  ខ្ញុំបាទចាំតេជគុណដល់ម៉ោង១២ សារ៉ែនស្រែកបានខ្ញុំបាទចេញឡានមក...។
  ស៊ឹមឯងធ្វើការស្រេចតែចិត្តស៊ឹមឯងឬ? លោកបានកាត់ញ័រមាត់។
  បាទទេ តេជគុណឲ្យខ្ញុំបាទចាំត្រឹមតែម៉ោង១១កន្លះ។ ខ្ញុំបាទចាំរហូតដល់ម៉ោង១២ យូរលើសកន្លះម៉ោងពីតេជគុណបង្គាប់ ខ្ញុំបាទស្មានតែតេជគុណមិនអញ្ជើញមកពិសាបាយផ្ទះ។
  ឃើញខ្ញុំរាប់អានស៊ឹមឯងមើលងាយខ្ញុំណាស់។ លោកបានបន្ទោស។
  ខ្ញុំបាទមើលងាយតេជគុណឯណា? ខ្ញុំបាទខំយកចិត្តទុកដាក់ថែទាំឡានតេជគុណ ហើយខំផ្គាប់ជូនកូនតេជគុណ ជូនលោកស្រី ទៅរៀន ទៅផ្សារ...។
  កុំជជែកជាមួយអាមនុស្សតូចតាចនោះ។ បើវាមិនស្ដាប់កោតខ្លាចចៅហ្វាយនាយទេ ផ្លាស់វាទៅ ដេញវាចោលទៅ។ ខ្វះអីមនុស្សបរឡាន។លោកស្រីដែលនៅក្បែរនោះបានអារកាត់។
ឮលោកស្រីឡើងសម្លេងដូចនេះ លោកប្រុសក៏ឈប់និយាយ។ លោកចុះមកដីឡើងឡាន។ ស៊ឹមក៏បានបរឡានសំដៅទៅមន្ទីរធ្វើការ។
ចូលក្នុងរបងមន្ទីរធ្វើការ ស៊ឹមបានចតឡានទុកស្រួលបួលហើយ ក៏ចុះពីឡានដើរសំដៅទៅគល់ឈើ ដែលពូសនបានអង្គុយនៅទីនោះ។ ពូសនបានឃើញក៏សួរ៖
  មានដំណឹងអ្វីប្លែកទៀតទេស៊ឹម?
  បាទមានច្រើនណាស់ ហើយពិសេសថ្ងៃនេះគឺរឿងផ្ទាល់ខ្លួនខ្ញុំនឹងលោក។
  រឿងដូចម្តេចទៅ?
  រឿងលោកចង់ផ្លាស់ខ្ញុំចោល។
  ព្រោះអ្វី?
  ព្រោះខ្ញុំបានបើកឡានចោលលោកពីថ្ងៃត្រង់នេះ។ លោកឲ្យខ្ញុំចាំលោកនៅមុខថៃសាន សន្យាត្រឹមម៉ោង១១កន្លះ។ ខ្ញុំចាំដល់សារ៉ែនស្រែក តែលោកមិនគិតខ្ញុំចាំលោកសោះ លោកនិងមិត្តលោកចេះតែថែមមួយដូស ហើយមួយដូសទៀត...។ ខ្ញុំឃ្លានបាយពេកទ្រាំមិនបាន ក៏បើកឡានទៅមុនទៅ...។
  ម្ដេចអីចឹងស៊ឹម ឯងលេងធំណាស់តើ ហ៊ានបើកឡានចោលចៅហ្វាយ។ ពូសនបន្ទោស។
  យើងធ្វើការមានម៉ោង មានពេលពូ។ យើងមានភារៈជូនមកមន្ទីរធ្វើការ ហើយនឹងធ្វើការក្នុងរាជការជាការចប់ មិនមែនបើកប្រាក់ខែខ្វះព្រឹកល្ងាច បើកឡានជូនគេស៊ីផឹកដូចនេះទេ...។
  ឥឡូវលោកគិតដូចម្ដេច?
  លោកស្រីថា ខ្ញុំជាមនុស្សតូចតាច ហើយប្រាប់លោកឲ្យផ្លាស់ខ្ញុំចោល។
  ស៊ឹមឯងត្រូវទៅសុំទោសលោកទៅ...។
  ខ្ញុំមានទោសឯណាសុំ ខ្ញុំធ្វើតាមច្បាប់ បើលោករៀនចេះច្បាប់ហើយមិនគោរពច្បាប់ មុខតែយើងតូចតាចទាំងអស់វេទនាជានិច្ច។ ថ្ងៃនេះវេនខ្ញុំ ថ្ងៃស្អែកវេនពូ ថ្ងៃក្រោយវេនអ្នកបើកឡានទាំងអស់គ្នា...។
  ឱនដាក់គ្រាប់ ងើបវាស្កកស៊ឹម។ ពូសនទូន្មាន។ ឯងត្រូវគិតដល់កូនប្រពន្ធផង...។
  ខ្ញុំគិតដល់កូនប្រពន្ធហើយ បានជាខ្ញុំការពារកម្រិតម៉ោងធ្វើការឲ្យត្រឹមត្រូវតាមច្បាប់ កុំឲ្យមានការរំលោភគ្រប់នាទីដូចនេះ... ដើម្បីខ្ញុំអាចថែទាំវាឲ្យបានសុខ រៀនស្រួល...។
  ពងមាន់កុំជល់នឹងថ្មស៊ឹម។ ពូសនបានប្រដៅថែម។ ឯងស្ដប់ពូ។ ពូបើកឡានយូរហើយ មានចៅហ្វាយបារាំងខ្មែរ។ ពូមិនដែលហ៊ានទទឹងម្ដងណាឡើយ លោកប្រើថ្មើរម៉ាន ពូធ្វើភ្លាម។ ចៅហ្វាយពូចូលចិត្តជានិច្ច ព្រួយចិត្តកាត់សាញ ពូដាក់អាជីហែ អាកំពង់ត្រាំមួយកែវរួចខ្លួនស្រេច។ កុំចេះពេក កុំប្រាជ្ញពេកស៊ឹម ប្រយ័ត្នចោលប្រពន្ធកូន...។
  ពូជាន់ចាស់។ ខ្ញុំសម័យថ្មី ក្នុងស្រុកឯករាជ្យ ប្រជាធិបតេយ្យ ខ្ញុំត្រូវតែខំ ត្រូវតែដឹងដើម្បីការងារ សេរីភាព សិទ្ធិរបស់យើងរាល់គ្នា។
  ក្មេងៗឥឡូវចចេសណាស់។ អាកូនខ្ញុំក៏រឹងណាស់ដែរ។ មួយថ្ងៃៗ ឮតែវាពន្យល់ម៉ែវា បងស្រីវាថា អាមេរិកខូចណាស់ ចង់យកខ្មែរជា ចំណុះវាដូចជាបារាំងអីចឹង ខ្ញុំជេរស្ដីវា សួរថាដឹងពីណាមក។ វាថាមកពីវាមើលកាសែតនង្គ័លរាល់ថ្ងៃអង្គារ និងសុក្រ។
  ខ្មែរឥឡូវក្រោកហើយ។ កុំរាំងរា ទប់មិនជាប់ទេ។ បារាំងធ្លាក់ទឹកហើយ ពូមិនឃើញទេឬ?
  ស៊ឹមឯងត្រូវគិតមែនទែន។ សូមទោសលោកទៅ។ កុំហ៊ានបម្រះនឹងលោក...។
  ខ្ញុំសូមតែយុត្តិធម៌ សូមតែធ្វើការត្រឹមម៉ោងប៉ុណ្ណោះជាការចប់។
  ឈប់និយាយស៊ឹម។ យើងស្ដាប់គ្នាមិនបានទេ។
ពូសនបានបញ្ចប់ រួចគាត់ក្រោកដើរសំដៅទៅឡានគាត់។
រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)