Telegram Channel
Youtube Channel
Online TV

ស៊ឹមអ្នកបរឡាន

រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)

វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍

យប់ខែដាច់ងងឹតចាក់ភ្នែកមិនធ្លុះនៅខាងក្រៅ។ ក្នុងផ្ទះតៀមមួយដែលមានទំហំ៥ម៉ែតបណ្តោយ ៣ម៉ែតទទឹង ចង្កៀងប្រេងកាតតូចមួយបានបំភ្លឺមិនសូវច្បាស់ មនុស្សបួននាក់អង្គុយដំកង់លើគ្រែឫស្សី។ មនុស្សនោះគឺមីងប្រេម ម៉េង ហ៊ី និងស៊ឹម។ស៊ឹមជាម្ចាស់ផ្ទះ គាត់ជាអ្នកបរឡាន។ ស៊ឹមបានស្គាល់ម៉េងកាលនៅបើកឡានឲ្យហាង ហើយកាលនោះម៉េងធ្វើគូលីតាមឡាន។ ពិតមែនតែស៊ឹមចេញមកបរឡានរាជការ អ្នកទាំងពីរនៅតែទៅមករកគ្នា រាប់អានគ្នាយ៉ាងជិតស្និទ្ធ។
ផ្ទះស៊ឹមគ្មានតុ ទូ កៅអីអ្វីទេ ក្រៅពីគ្រែឫស្សីដែលអ្នកទាំងបួនបានអង្គុយដំកង់លើ និងគ្រែដេកមួយទៀត។នៅលើធ្នើរជញ្ជាំងមុខ គេឃើញមានសៀវភៅអធិប្បាយរដ្ឋធម្មនុញ្ញ ទំនៀមទំលាប់ និងច្បាប់ខ្មែរ ប្រវត្តិអាចារ្យហែមចៀវ កាសែតសាមគ្គី ប្រជាជនប្រជាជាតិខ្មែរ ខ្មែរថ្មីទៅមុខ ចងជាបាច់រៀបមានសណ្តាប់ធ្នាប់យ៉ាងល្អ។ស៊ឹមជាអ្នកចង់ចេះដឹង ចង់ដឹងមើលច្រើន។
យប់នេះគេប្រជុំគ្នាផឹកតែ។ អ្នកទាំងបួនបានជជែកគ្នាសួរពីនេះ ពីនោះ សុខទុក្ខយូរបន្តិចមក ម៉េងបានផ្តើមថា៖
  ធ្វើការស្រួលទេស៊ឹម?
  មិនសូវជាពិបាកទេ តែតឹងទ្រូងណាស់...
  ឯងបានប្រាក់ខែច្រើន...
  ច្រើនមិនកើត ខ្វះរាល់ខែ។ ប្រពន្ធខ្ញុំទៅស្រែជួញអង្ករបាត់ហើយ ដើម្បីយកមកជួយទប់។ បើកឡានត្រូវចេញទៅមុន ត្រឡប់មកក្រោយគេ។ ខ្ញុំខ្នាញ់ធុញនឹងជូតដានជើងស្រីៗ។
  ចៅហ្វាយស៊ឹមឯងស្រីឬ?
  នៅតែឆ្ងល់ទៀតម៉េងឯង។ ចៅហ្វាយខ្ញុំគាត់ដើរលេងយប់ បឹងស្នោ បាកំប៉ាយ ហើយព្រលឹមឡើងខ្ញុំត្រូវជូតដានជើងទាំងអស់។
  ស្គាល់ហើយបឹងស្នោនោះ តែអាបាកំប៉ាយវាស្អីដែរ?
  អាហ្នឹងក៏ដូចជាបឹងស្នោដែរ នៅបៀតកន្លែងចាក់សំរាមដេប៉ូ។ អាស្នោ និងអាកំប៉ាយនោះ វាមានក្លិនដូចតែអាសំរាមដេប៉ូអីចឹង។ តែនឹកឃើញរឿងអស់នេះ ចង់តែឈប់ធ្វើការ ខ្ញុំធុញទ្រាន់ណាស់នឹងជូតដានជើងអស់នោះ។
ហ៊ី និងមីងប្រេមបានស្តាប់មើលមុខស៊ឹមមិនដាក់ភ្នែក។ ម៉េងឃើញស៊ឹមតូចចិត្តខ្នាញ់ដូចនេះ បានប្រែរឿង៖
ឈប់និយាយពីរាត្រីថ្ងៃសៅរ៍ បឹងស្នោ ឬបាកំប៉ាញទៅ យើងមកយប់ថ្ងៃសៅរ៍នេះមានបំណងធំចង់ឲ្យស៊ឹមឯង ដែលជាអ្នកមើលសៀវភៅ កាសែតច្រើន ពន្យល់យើងអំពីការរស់នៅនៃគូលីនៅ ប្រទេសនានាក្នុងលោក។ តើកម្មករស្រុកគេវេទនាដូចយើងដែរឬ? តើគេទិញមនុស្សប្រើខួបដូចយើងដែរឬ?
  ខ្ញុំមិនសូវដឹងជ្រៅជ្រះទេរឿងប្រទេសគេ។ តែខ្ញុំបានសួរគេឯង មើលកាសែតបានដឹងខ្លះ។ ខ្ញុំនិយាយកាត់ៗបានខ្លះ តែបើបងប្អូនបានឮដំណឹងប្លែក ជួយកែតម្រង់ផង។
ដល់ត្រឹមនេះ ស៊ឹមបានឈប់ក្រែបតែលាងបំពង់ក រួចគាត់ចាប់និយាយត៖
  សកលលោកសព្វថ្ងៃ ចែកជាពីរផ្នែក៖ ផ្នែកសង្គម និងចក្រពត្តិនិយម។ នៅផ្នែកសង្គមនិយម បើយើងជឿសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយចំណានៗនៅទ្វីបអាស៊ី យើងមុខជាជ្រាប់បានថា នៅប្រទេសនោះការកសាងសេដ្ឋកិច្ចបានចម្រើនរហ័ស។ កម្មករ គូលីបានធ្វើជាម្ចាស់នៃការងាររបស់ខ្លួន មានសមាគម មានសហជីពជួយដឹកនាំពួកកម្មករគូលី ឲ្យចេះតស៊ូទល់នឹងធម្មជាតិ បង្កើនផលដើម្បីកែប្រែ និងលើកតម្កើងការរស់នៅឲ្យបានខ្ពស់សុចរិតយុត្តិធម៌។ នៅផ្នែកចក្រពត្តិវិញ ការរស់នៅប្រជាជនមានច្រើនជាន់ខុសគ្នាណាស់។ អ្នកណាមានស៊ីៗមិនអស់ រឹតតែមានឡើង ហើយអ្នករហេមរហាមរឹតតែរហេមរហាមទៅ។ នៅប្រទេសអាមេរិច សព្វថ្ងៃប្រជាជនជាង៤លាននាក់គ្មានការធ្វើហើយរស់នៅយ៉ាងវេទនា។ តែដោយការទាមទារដ៏អង់អាចរបស់កម្មករនៅប្រទេសចក្រពត្តិធំៗ បារាំង អង់គ្លេស អាមេរិច កម្មករមានសិទ្ធិផ្តុំគ្នាជាសមាគម ជាសហជីព រើសតំណាងឲ្យទៅតវ៉ាទាមទារប្រាក់ឈ្នួលឲ្យបានស៊ីគ្រប់គ្រាន់ និងមានកម្រិតម៉ោងធ្វើការ កុំឲ្យហួសពី៤៨ម៉ោងមួយអាទិត្យ។ដូចនេះបានជាយើងបានដំណឹងរាល់ខែ រាល់អាទិត្យថា នៅប្រទេសចក្រពត្តិធំៗទាំងនោះ កម្មករមានអ្នកបើកឡាន ជាងតម្បាញទាំងពាន់ ទាំងម៉ឺន ទាំងសែននាក់បានធ្វើកូដកម្ម បាតុកម្មទាមទារប្រាក់ឈ្នួលឲ្យបានស៊ីគ្រប់គ្រាន់។
មីងប្រេមបានសួរកាត់៖
  ស្រុកយើងពួកគូលី ពួកជាងធ្វើសមាគមបានទេ? មនុស្សសល់ច្រើនណាស់សព្វថ្ងៃ។
  ស្រុកយើងឯករាជ្យ ប្រជាធិបតេយ្យត្រូវតែមានអំណាចផ្តុំគ្នាធ្វើសមាគមបាន។ តែនៅបែកខ្ញែកគ្នាណាស់។ បើចង់កែប្រែការរស់នៅ ធ្វើជាម្ចាស់ការងាររបស់យើង ទាល់តែយើងបង្កើតសមាគមវិជ្ជាជីវៈ។
  បើដូចនេះ ត្រូវធ្វើដូចម្តេច? មីងប្រេមសួរ។
  រួបរួមសាមគ្គីរវាងគ្នាយើងយ៉ាងជិតស្និទ្ធ ដើម្បីរៀនសូត្រដើម្បីប្រមូលផ្តុំគ្នាជាសហជីព ជាសមាគម..។
  រៀនម្តេចបាន បើធ្វើការអស់កម្លាំងជិតងាប់ម៉្ងៃៗ ហើយអាយុជាង៤០ហើយ។មីងប្រេមបានប្រកែក។
  មិនជាអ្វីទេ ប្រពន្ធខ្ញុំទើបតែចាប់រៀន ក ខ ដែរ។ ត្រូវឆ្លៀតរៀនពេលសម្រាកថ្ងៃ សម្រាកយប់ អក្សរមួយតួ ពីរតួ។ សួរម៉េង សួរបងហ៊ី។បើយើងព្យាយាមមិនហួសពី៦ខែទេ យើងមើលកាសែតបាន។
ម៉េងបានសង្កត់ពាក្យស៊ឹម៖
  ស្រុកយើងថ្កើន ទាល់តែពួកយើងថ្កើន ទាល់តែពួកយើងប្រឹងប្រែងការរស់នៅខ្លួនយើង។ យើងត្រូវខំរៀន។
និយាយដល់ត្រង់នេះ នាឡិកាផ្ទះថ្មធំមុខបានទូង១១ម៉ូង ហ៊ីកេះម៉េងប្រាប់ថាល្មមហើយ។ ម៉េងក៏និយាយត៖
  យប់ជ្រៅហើយ យើងល្មមលាស៊ឹម ចាំថ្ងៃណាទំនេរមកទៀត។ ហ៊ីត្រូវការខ្ចីសៀវភៅស៊ឹមខ្លះទេ?
  ខ្ញុំចង់មើលប្រវត្តិអាចារ្យហែមចៀវ។
  យកចុះ តែកុំឲ្យបាត់ ព្រោះក្រណាស់។ សូមអញ្ជើញមកជជែកគ្នាលែងគ្នាទៀត ថ្ងៃក្រោយប្រពន្ធខ្ញុំមុខជាត្រឡប់មកពីស្រែវិញ។
រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)