Telegram Channel
Youtube Channel
Online TV

ស៊ឹមអ្នកបរឡាន

រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)

វគ្គទី៥៖ ចាំលោក

  ស៊ឹមឥឡូវមិនសូវនឿយហត់ទេ។ ម៉ោងជិត៨បានមកដល់។
ពូសនបាននិយាយទៅកាន់ស៊ឹម ក្រោយដែលស៊ឹមបានចតរទេះឡាននៅបៀតឡានគាត់ ហើយដើរមកអង្គុយជាមួយគាត់។
  ចាំមិនយ៉ាប់ចុះ
ស៊ឹមឆ្លើយ
  រាល់ថ្ងៃចេញពីផ្ទះម៉ោង៦ ទៅដល់ផ្ទះលោកម៉ោង៦កន្លះ ជូនកូនលោកទៅរៀន រួចត្រឡប់មកជូនលោកមកធ្វើការ។
  កូនលោកទៅរៀនសាលាណា?
  រៀនសាលាបារាំងបៀតវត្តភ្នំ។
  ខ្ញុំមានកូនមួយដែរ វាប្រឡងជាប់សញ្ញាប័ត្រ តែប្រឡងចូលវិទ្យាល័យធ្លាក់។ ឥឡូវមិនដឹងឲ្យទៅរៀនឯណាទេ។ ប្រាក់ខែមិនគ្រប់គ្រាន់សោះ។ មីងឯងចងការលុយគេចាយរាល់តែខែ ពិបាកណាស់...។
  ខ្ញុំក៏អីចឹងដែរ។ខ្វះព្រឹក ខ្វះល្ងាច។ ឲ្យប្រពន្ធទៅស្រែលក់អង្ករគ្រាន់នឹងទប់។
  ពូសង្ឃឹមលើឆ្នោតណាស់សព្វថ្ងៃ។ រាល់ថ្ងៃអាទិត្យ ពូទិញឆ្នោត៣សន្លឹក តែវាមិនដល់ម្តងសោះ។ ឲ្យតែត្រូវចំហុកសិបម៉ឺន ពូមុខជាសង់ផ្ទះ ហើយឲ្យកូនទៅរៀនសាលាឈ្នួលទៀត...។
  ខ្ញុំឈប់ចាប់ឆ្នោតផ្សងសំណាងជាងមួយឆ្នាំហើយ។ អស់ជាងពីរឆ្នាំ ខ្ញុំបានប្រព្រឹត្តលេងឆ្នោតរាល់អាទិត្យ តែវាមិនដែលបៀតមួយលេខសោះ។ មួយខែៗចាយទៅឆ្នោតជិត១០០រៀល។ ជញ្ជាំងខ្ទមខ្ញុំពេញទៅដោយសន្លឹកឆ្នោតជាតិ...។
  ចំណែកពូមិនដែលត្រូវសោះមែន តែមីងឯងដូចជាហេងជាងពូ គេត្រូវបានពីរលើកមួយពាន់ៗរៀល។ ហេតុនេះហើយបានជាពូមិនទាន់អស់សង្ឃឹម ពូល្បងលេងទៀត...។
  ខ្ញុំស្បថឈប់លេងហើយ។ខ្ញុំសន្សំលុយនោះយកទៅប្រើការផ្សេងវិញ។ មួយខែជិត១០០រៀល។
  យើងមិនចូលធ្លុងគ្នាទេ។ ពូនៅតែលេងឆ្នោតជានិច្ច។ មើល តើឯងសន្សំទុកដូចម្តេចកើត បើខ្វះច្រករាល់តែខែដូចនេះ។
  ខ្ញុំចាយលុយនោះទិញសៀវភៅល្អៗយកមករៀន ខ្ញុំជាវកាសែតមើល...។
  រៀនខ្មោចអី ចំណាស់ស៊ឹមឯងហើយ។ វាអស់បានធ្វើលោកអ្នកនឹងគេហើយ ធុនយើងនេះ។
  ខ្ញុំគ្មានចង់ធ្វើលោក-អ្នកទេ។ ខ្ញុំចង់តែចេះដើម្បីឆ្ពោះទៅរកផ្លូវយុត្តិធម៌តែប៉ុណ្ណោះ។ ខ្ញុំចង់ចេះដើម្បីការពារសិទ្ធិសេរីភាពខ្ញុំ កុំឲ្យគេបំពាន។ ខ្ញុំចង់ចេះដើម្បីជួយពង្រឹង និងពង្រីកអព្យាក្រឹតភាព ឯករាជ្យ ប្រជាធិបតេយ្យប្រទេសយើង...។
  ទាវាមិនដែលឡើងរានទេស៊ឹមអើយ ជឿពូចុះ។ ពូបើកឡានតាំងពីជំនាន់បារាំងមក មិនដែលឃើញអ្នកបើកឡានណាឆ្កួតដូចស៊ឹមឯងទេ គិតមើលកាសែត គិតរៀននោះទេ... ឯងកុំចង់ចេះពេក ព្រោះអ្នកចេះមិនស្រួលទេ។
  ហេតុអ្វីក៏ដូចនោះ?
  តែចេះវារបេះក្បាច់។ អាចារ្យ​ ហែម-ចៀវ វ័ណ្ឌកដោយសារចំណេះទេតើ។ឯងមិនចាំទេ បារាំងនិរទេសទៅកោះត្រឡាច ចោលឆ្អឹងនៅកោះកណ្តាលសមុទ្រ...
  នោះជាន់ដើម យើងចំណុះបារាំង...។
  ចុះឥឡូវ គ្មានគុកឬ? ចាងហ្វាងកាសែតច្រើនណាស់ សុទ្ធតែចេះអធិប្បាយក្បោះក្បាយដែរ...។ អ្វី! ពូមិនចាំបាច់និយាយវែងទេ ឯងដឹងស្រាប់ហើយ។
  ពូថាឲ្យអស់ទៅមើល។
  តើនៅគុកប៉ុន្មានខែ ម្នាក់ៗ? ឯងចាំទេ?
  បើដូចនេះ ចង់ឲ្យកូនពូឯងរៀនចេះធ្វើអ្វី? ចាំបាច់គិតព្រួយពីគ្មានសាលាឲ្យវារៀនធ្វើអ្វី?
ត្រង់ពាក្យសួរនេះ ពូសនបែបទាល់ហើយក៏បែរមើលមុខស៊ឹម សួរតបមកវិញ៖
  មើលឯង បានរៀនអ្វីខ្លះ? ឯងមើលកាសែតអ្វីខ្លះ?
  ខ្ញុំ ពីដើមជាវកាសែតសាមគ្គី ប្រជាជន ខ្មែរថ្មីទៅមុខ។ បន្ទាប់មកខ្ញុំជាវកាសែតប្រជាជាតិ ប្រជាធិបតេយ្យ។ លោកខ្ញុំឲ្យកាសែតសង្គមរាស្ត្រនិយមខ្ញុំមើល ឥឡូវខ្ញុំមើល "វត្តភ្នំ"។
  ស៊ឹមឯងហ៊ានមើលកាសែតប្រជាជាតិ ប្រជាធិបតេយ្យ ប្រជាជនផង នៅស្រុកស្រែចំការ ឮគេថា គេហាមមិនឲ្យមើលកាសែតអស់នោះទេ។គេដៅសម្គាល់អ្នកមើល ស៊ឹមឯងប្រយ័ត្ន...។
  ខ្ញុំគ្រាន់តែឮ តែខ្ញុំមិនទាន់ឃើញនរណាហាមម្តងសោះ ក្រៅពីពូឯងបំភ័យខ្ញុំនេះ ក្នុងការធ្វើអ្វីក៏ដោយ យើងត្រូវពិនិត្យហ្មត់ចង់ មិនត្រូវភ័យជ្រួលគ្មានចុងដើមទេ។
  យើងត្រូវសួរជាមុន តើកាសែតទាំងនោះ នរណាឲ្យច្បាប់ចេញ ក្រែងរាជការឬ? បើដូចនេះ អ្នកដើរបំភ័យមិនឲ្យមើល មានពូសនជាដើម គឺសុទ្ធជាអ្នកបំផ្លាញច្បាប់ សេរីភាព សិទ្ធិប្រជាជនខ្មែរពេញទី។
  កុំចេះពេក។ ពូដាស់រំលឹកទៅ បែរជាចោទថា ពូរំលោភសេរីភាព សិទ្ធិទៅវិញ។ ស៊ឹមឯងប្រយ័ត្ន កុំក្អេងក្អាងពេក...។
  ពូសនៗ បើកឡានមក។
សម្លេងមួយបានចេញពីមន្ទីរធ្វើការ។ ពូសនរត់ចូលទៅក្នុងឡាន បញ្ឆេះម៉ាស៊ីន បើកឡានគាត់ទៅអែបជើងជណ្តើរ បន្ទាប់មកឡានម៉ាកអាមេរិកវែងបានលូនចេញទៅក្រៅ...។
រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)