Telegram Channel
Youtube Channel
Online TV

ស៊ឹមអ្នកបរឡាន

រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)

វគ្គទី៧៖ ចាំលោក

  រត់ស្រួលទេ ឡានពូ
ស៊ឹមបានសួរពូសន ក្រោយដែលពូសនចុះពីឡានមកអង្គុយបៀត។
  អែមលែងនិយាយ។
  ខ្ញុំនៅតែអាហ្សីបកញ្ចាស់ដដែល។ ដុះជូទៗរាល់ពេល នៅតែឮម៉ាស៊ីនទៀត បែបឡោកហើយមើលទៅ។
  ឈប់និយាយពីឡានទៅ។ ថ្ងៃមុនស៊ឹមឯងបានប្រាប់ខ្ញុំពីការរៀនសូត្រ តែលោកត្រូវចេញទៅក្រៅ យើងក៏បានបែកគ្នាទៅ។ មើលមានដំណឹងអ្វីប្លែក ប្រាប់ពូផង។ ពូលែងត្រូវឆ្នោតសោះតែម្តង។
  មានដំណឹងល្អជាទីសង្ឃឹមណាស់ ថ្មីៗនេះ។ សព្វថ្ងៃនេះ សកលលោកយើងមានពីរផ្នែកធំៗ ផ្នែកកុំមុយនីសបានសុខចិត្តគោរពបញ្ចសីលាដែលមានគោលសំខាន់ៗដូចតទៅនេះ៖
 -  គោរពអធិបតេយ្យភាព និងទឹកដីទៅវិញទៅមក។
 -  មិនរុករានគ្នាទៅវិញទៅមក។
 -  មិនជ្រៀតជ្រែកចូលក្នុងកិច្ចការខាងក្នុងប្រទេសណាមួយ។
 -  ពង្រីកការទាក់ទងនឹងស្រុកនានាតាមគោលការណ៍ស្មើមុខគ្នា ហើយដោយបានអនុលោមទៅតាមផលប្រយោជន៍រៀងៗខ្លួន។
 -  រស់នៅជិតខាងគ្នាតាមសន្តិវិធី។
  ឯផ្នែកចក្រពត្តិអាមេរិកកាំងជាមេ មិនព្រមគោរពសីលប្រាំនេះទេ។នៅចន្លោះផ្នែកពីរធំៗនេះ មានប្រទេសអព្យាក្រឹត ឥណ្ឌា ភូមា... សុខចិត្តគោរពសីលប្រាំនេះ...។
  ម្តេចក៏ស៊ឹមឯងនិយាយដូចនេះ? ខ្ញុំឮយូរហើយថា អាមេរិកមកជួយខ្មែរ។ មើលស៊ឹមឯងដឹងអ្វីប្លែកខុសពីពូដឹង...។
  ពូគិតតែផ្សងសំណាងចង់ត្រូវឆ្នោតបានតែអីចឹង មិនព្រមតាមដានស្ថានការណ៍ស្រុកសោះ។
  កុំនិយាយពីឆ្នោតទៀត។ ពូញៀនលេងឆ្នោតដូចលេងបៀអីចឹង មើលស៊ឹមឯងប្រាប់ពូឲ្យដឹងច្បាស់ពីនយោបាយខ្មែរយើងសព្វថ្ងៃ។
  ប្រជាជនខ្មែរប្តេជ្ញាដើរតាមមាគ៌ានយោបាយអព្យាក្រឹត តែពួកចក្រពត្តិគេមិនទុកឲ្យយើងដើរស្រួលនៅសុខទេ។ ពូមិនបានឮទេឬ ថ្មីៗនេះ ប្រទេសហ្វីលីពីនដែលជាសមាជិកវង់ សេ អា តូ បានអូសទាញខ្មែរយើងឲ្យចូលដៃជាមួយគេ។
  ស្អីទៅ សេ អា តូ នោះ។ ពូមិនសូវដឹង ប្រាប់ពូឲ្យអស់សង្ស័យមើល។
  សេ អា តូ ជាអង្គការការពារអាស៊ីប៉ែកអាគ្នេយ៍ដែលពួកអាមេរិក បារាំង អង់គ្លេស បង្កបង្កើតឡើង។ គេបានក្តាប់ដៃហ្វីលីពីននៅក្បែរៗយើងនេះ។ ចំពោះសេ អា តូ នេះ អ្នកនយោបាយអព្យាក្រឹតចំណានៗបានប្រឆាំងពេញទី ហើយបានចោទសេ អា តូជាអង្គការសង្គ្រាម បំផ្លាញកិច្ចព្រមព្រៀងសឺណែវដែលបាននាំសន្តិភាពមកឲ្យប្រទេសឥណ្ឌូចិន។ ថ្មីៗនេះទៀត ពួកវង់សេ អា តូបានបញ្ចេញចង្កូមធ្វើសមយុទ្ធនៅប្រទេសថៃ បាងកក ដើម្បីគំរាមប្រទេសអព្យាក្រឹត។
  ពូមិនដឹងអីចឹងសោះ ពូស្មានតែគេជួយយើងដោយស្មោះត្រង់។
  ជំនួយអាមេរិចជួយតែអ្នកមានធំទេ។ ពូមិនដឹងឬ? ហើយឥឡូវ ស្ទើរគ្រប់កាសែតបានដាក់ឈ្មោះវាថា “អាគាំង” “អាគាំង” “អារិក”។
  អាគាំងខូចណាស់តើ។ ពូសនលាន់មាត់។ បើដូចនេះ យើងត្រូវធ្វើដូចម្តេច?
  យើងត្រូវប្តេជ្ញាសាមគ្គីគ្នាយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ជាមួយរដ្ឋសភា ការពារអធិបតេយ្យភាពយើងឲ្យហ្មត់ចត់។ មានតែធម៌សាមគ្គីរវាងប្រជាជនយើងគ្រប់ជាន់ថ្នាក់ទេដែលអាចឲ្យ យើងនៅជាអព្យាក្រឹតបាន។
  ពូសនៗ
សម្លេងមួយបានហៅ។ ពូសនស្ទុះរត់ ហើយងាកមកនិយាយទៅកាន់ស៊ឹមថា “លោកចេញទៅក្រៅ ថ្ងៃក្រោយនិយាយគ្នាទៀត” ។
រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)