Telegram Channel
Youtube Channel
Online TV

ស៊ឹមអ្នកបរឡាន

រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)

វគ្គទី៨៖ ដើរលេង

ដើរលេង ស៊ឹមបើកឡានផុតពីរបងមន្ទីរធ្វើការ ក៏សួរទៅលោកគាត់ថា៖
  តេជគុណអញ្ជើញទៅផ្ទះ ឬទៅខាងណា?
  មេឃស្រឡះល្អល្ងាចនេះ យើងដើរមើលភ្នំពេញម្ដង។ បត់ទៅគីឡូម៉ែត្រលេខ៦ ស៊ឹម។
ស៊ឹមបើកឡានកាត់មុខប៉ុស្តិ៍ខ្សែលួសទៅតាមផ្លូវមាត់ទន្លេ ដល់គីឡូលេខ៦ ជិតហាងបិតស្រាបត់មកវិញ។មកដល់ផ្លូវប៉ាឆាបារាំង ស៊ឹមបត់មកខាងលិចបរកុងព័ទ្ធចេតិយរូបពីរ រួចក៏បើកតាមផ្លូវក្រោយពេទ្យធំ សំដៅមកត្បូងចូលទៅក្នុងកន្លែងពិព័រណ៍អន្តរជាតិ។ដល់កន្លែងរោងសត្វវត្តភ្នំ ស៊ឹមបើកតិចៗហើយសួរទៅលោក៖
  អញ្ជើញទៅខាងណាទៀតទាន?
  បើកលេងតិចៗបត់ចុះឡើងក្នុងទីនេះសិន។ ខ្ញុំចាំជួបគេ។
ស៊ឹមបើកមកដល់ខាងលិចវត្តភ្នំបត់ទៅឯខាងលិច តាមថ្នល់ខាងជើងកន្លែងបារាំងហែលទឹក គាត់ក៏បានសួរលោក៖
  តេជគុណមានឃើញអ្វីប្លែកឬទេ កាលបុណ្យពិព័រណ៍អន្តរជាតិ?
  គ្មានឃើញអ្វីជាចម្លែក ក្រៅពីការប្រឡងរើសរូបស្រីៗទេ។
  តេជគុណយល់ឃើញដូចម្ដេច អំពីរឿងរើសរូបនេះ?
  ចំពោះខ្ញុំ ខ្ញុំគ្រាន់តែសប្បាយភ្នែកដោយបានឃើញរូបស្រីមកប្រឡង។ ស៊ឹមឯងមានបានមកមើលទេ។ គេស្លៀកខោងូតទឹក បញ្ចេញគល់ភ្លៅខ្ចី។
  ខ្ញុំបាទគ្មានលុយមើលទេ ខ្ញុំបាទប្រថុយចាយប្រាំរៀល ទិញរូបថតទៅឲ្យប្រពន្ធខ្ញុំបាទមើល។ ប្រពន្ធខ្ញុំបាទវាថា កោតតែគេហ៊ានទៅបែរប្រឡងដែរ វាមិនចូលចិត្តទេរបៀបនេះ។ វាមិនចង់ទាំងហ៊ានមើលរូបថតផង។ ខ្ញុំបាទពន្យល់វាថាស្រុកគេស៊ីវីល័យ ត្រូវពាក់អាវនីឡុងបញ្ចេញសាច់ ត្រូវតុបតែងប្រឡងតាមសៀម អាមេរិក។ វាថា វាដើរតាមគេមិនទាន់ទេ។
  ចំណែកអ្នកផ្ទះខ្ញុំ ដូចជាផ្ទុយពីប្រពន្ធស៊ឹមឯង។ គេចូលចិត្តប្រជុំគ្នានិយាយពីការប្រឡងណាស់។ គេថានាងនេះសមត្រង់នេះ គេថានាងនោះទាស់ត្រង់នោះ។ គេថានាងនេះខ្នងកំពឹស គេថានាងនោះបញ្ចេញភ្លៅហួសហេតុ ហើយបន្តិចគេថា ចេះថាឯចេះ បន្តិចគេថា ឯចុះ។
  កាសែតមាតុភូមិ ក៏បានចុះសំបុត្រជាច្រើនពីរឿងប្រឡងរូបនេះដែរ។យោបល់ខ្លះធ្វើនេះត្រូវ យោបល់ខ្លះទៀតថាមិនត្រូវទេ នាំឲ្យខូចប្រពៃណីបុរាណអស់ហើយ។
  ខ្ញុំមិនបានមើលកាសែតខ្មែរទេ ពាក្យខ្មែរថ្មីៗពិបាកណាស់។ ខ្ញុំជាវកាសែតបារាំង មើលវានិយាយពីរោះជាង។
  ចំពោះ ការប្រឡងរូបនេះ ខ្ញុំបាទបានសួរមីងម្នាក់។ គាត់ឈ្មោះប្រេម។ គាត់ទៅមករកប្រពន្ធខ្ញុំញឹក។ គាត់ជាគូលីសង់ផ្ទះ។ គាត់មានយោបល់រឹតតែប្លែកទៅទៀត។ គាត់ថានៅស្រុកយើង គេច្រើនតែលើកស្រីក្នុងពេលមានលុយ ធ្វើរូបរក្សាឲ្យល្អ ហើយសុខចិត្តចាយលុយទាំងម៉ឺន ទាំងសែនឲ្យ។ ឯ ត្រង់ចំពោះស្រីខ្មែរជាងលាននាក់ ដូចក្រុមគាត់ដែលខំធ្វើការសង់ថ្នល់ ធ្វើស្រែ ក្បាលបែកញើស គេមិនព្រមសរសើរសោះ គេរឹតតែបំភ្លេចទៅវិញ។ គាត់បាននិយាយថា គួរណាស់តែគេគិតឲ្យប្រាក់ឈ្នួលគាត់ស៊ីគ្រប់គ្រាន់ សង់មន្ទីរពេទ្យ សង់សាលារៀនឲ្យកូនគាត់រៀនផង។
  ប្រាប់គាត់ផងថា កុំឃើញដំរីជុះ ចង់ជុះតាមដំរី បើគាត់ចង់ល្អ ហេតុអ្វីក៏គាត់មិនខំធ្វើបុណ្យពីជាតិមុនឲ្យច្រើនទៅ។ កម្មផលពីជាតិមុនទេដែលឲ្យគាត់តោកយ៉ាកនោះ។
  ប្រពន្ធខ្ញុំបាទវាថាមិនមែនមកពីកម្មផលទេ តាំងពីវាចេះអក្សរមើលកាសែតមក វាយល់ថាទុក្ខវេទនារបស់ខ្មែរយើង គឺបណ្តាលមកពីពួកអាណានិគមនិយមជិះជាន់យើង។
ដល់ត្រង់នេះ ឡានមួយឲ្យសម្លេងពិតៗពីក្រោយ។ លោកងាកមើលទៅ ឃើញអាអូមែលមួយខ្មៅសរិល។លោកបង្គាប់ឲ្យស៊ឹមឈប់ឡាន ហើយលោកចុះទៅដី។ លោកប្រាប់ស៊ឹមថា៖
  ស៊ឹមឯងបរឡានទៅផ្ទះចុះ ប្រាប់ប្រពន្ធខ្ញុំថាកុំចាំបាយខ្ញុំល្ងាចនេះ។
ស៊ឹមបរឡានមកផ្ទះយកទៅចតដាក់ស្រួលបួល រួចក៏ឡើងទៅលើផ្ទះជម្រាបប្រពន្ធលោក។
នារីពាក់មាសប្រកបដោយបន្តោងពេជ្រទាំងគ្រាប់ មុនមិនសប្បាយបានសួរបញ្ជាក់ស៊ឹម៖
  លោកស៊ឹមឯងអញ្ជើញទៅណា?
  បាទ ខ្ញុំមិនដឹងទេ។
  ស៊ឹមឯងកុំលាក់ លោកទៅណា?
  លោកគ្រាន់តែប្រើខ្ញុំបាទមកជម្រាបថាលោកមិនមកពិសាបាយទេល្ងាចនេះ។
  អញដឹងហើយ។ បើមិនទៅមីទឹកល្អក់ មុនជាទៅមីទួលតាពូង។ គង់តែស្គាល់ដៃទេថ្ងៃណាមួយ។
រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)