Telegram Channel
Youtube Channel
Online TV

ស៊ឹមអ្នកបរឡាន

រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)

វគ្គទី១០៖ អស់ការធ្វើ

បើកបិទៗ ច័ន្ទកន្លង អង្គារមកដល់...។ អាទិត្យចាស់ឈាន អាទិត្យថ្មីរះ។ មួយខែ ពីរខែ... ប្រាំមួយខែកន្លងផុតទៅ ហ្វូងគូលីបានគូរវាសលើដីវាលនូវគំនូរផ្សេងៗ។ ដីក្រហេង ក្រហូងត្រូវបានចាក់រាបស្មើប្រកបដោយផ្លូវក្រឡាតូចៗខ្វាត់ខ្វែងព័ទ្ធជុំវិញសួនច្បារ ដែលមានផ្កាក្រហម ស រីកស្រស់ញញឹម។ ផ្ទះពីរខ្នង ពីរជាន់ធំសម្បើមលាបពណ៌ថ្មីចែស បានផុសត្រដែតទន្ទឹមគ្នា។ ផ្ទះទាបតូចពីរខ្នងទៀត បានអមជាបរិវារផង។
អ្នកដំណើរទៅមកលើផ្លូវជាតិលេខមួយ កាត់ចំមុខផ្ទះនេះ មានអ្នកជិះឡាន អ្នកដើរជើង អ្នកជិះកង់ អ្នកជិះស៊ឹក្លូ សុទ្ធតែបានលាន់មាត់គ្រប់គ្នាថា “ធ្វើរហ័សមែន ភូមិនេះបានចំជាសម្បើម ម្ចាស់គេរកស៊ីអ្វីហ្ន៎ គេបានលុយពីណា ច្រើនម៉្លេះ។ អ្នកដំណើរខ្លះបានជជែកឆ្លើយព្រាវៗ ខ្លះថាផ្ទះអាមេរិច ខ្លះថាផ្ទះបារាំង ខ្លះថាផ្ទះអុងប៉ាង... ខ្លះថាផ្ទះរដ្ឋមន្ត្រី ខ្លះថាផ្ទះរាជការ ខ្លះថាផ្ទះសំណាក់ ខ្លះថាផ្ទះចៅហ្វាយខេត្ត។
ផ្ទះដ៏ធំសម្បើមនេះ ក្រៅពីនាំសេចក្តីងឿងឆ្ងល់ដល់អ្នកដំណើរ បាននាំក្តីព្រួយសប្បាយទៅលើមនុស្សបីពួកច្រើនជាងគេ។ ថៅកែទទួលម៉ៅការធ្វើការបានញញឹមជាប់។ គាត់ធ្វើបញ្ជីគិតលុយកាក់ទូទាត់ត្រូវឆ្វេង ស្តាំ ឃើញនៅចំណេញជិតមួយលានរៀលទៀត។
ម្ចាស់ផ្ទះបានជិះឡានម៉ាកអាអូប៉ែលចេញ ចូលភូមិ មុខរីកជាប់ មើលគេឯងបែបត្រង់ចង់បង្ហាញប្រាប់អ្នកជិតខាងថា ខ្លួននេះហើយជាអ្នកមកនៅក្នុងមហាផ្ទះទំនើបសម្បើមក្នុងអាទិត្យក្រោយ។
ឯចំណែកគូលី គេបានខ្វល់នឹងបញ្ហាផ្ទាល់ខ្លួនរបស់គេដែរ។ ផ្ទះសង់ជិតរួច ការក៏កាន់តែមានស្តួចស្តើង ចំនួនគូលីក៏ចេះតែថយចុះជាលំដាប់។ រាល់ថ្ងៃកន្លងទៅ គូលីច្រើននាក់ត្រូវបញ្ឈប់លែងឲ្យធ្វើការ។ វាលសង់ផ្ទះដែលមានគូលីមីរដេរដាស ប្រញាប់ដៃ ញាប់ជើងរស់រវើក កាលប្រាំមួយខែមុនបានប្រែស្ថានភាពស្ងាត់ ទុកគូលីមិនដល់១០នាក់ផង។ មីងប្រេម នាងប្រុញ ហ៊ី ម៉េង និងគូលីបីនាក់ទៀតបានមានការធ្វើនៅឡើយ។ គូលីដែលនៅស្តួចស្តើង គ្មានជជែកអ្វីក្រៅពីក្តីព្រួយអត់ការធ្វើទេ។ នៅជិតពេលបែកគ្នាទៅរកផ្លូវរស់ផ្សេងៗទៀត ម៉េងបានហៅស៊ឹមមកបាយថ្ងៃត្រង់ជាមួយ។ នៅពេលជួបគ្នាក្រោយនេះ គេគ្មាននិយាយអ្វីក្រៅពីបញ្ហាផ្ទាល់ក្រុមឡើយ ម៉េងបានផ្តើមនិយាយ៖
  អាទិត្យក្រោយអស់ការធ្វើនៅទីនេះ។ ហាងប្រគល់ផ្ទះទៅម្ចាស់។ យើងអស់មានច្បាប់ចេញចូលទៀតហើយ។
  ខ្ញុំទាល់ច្រកហើយ មិនដឹងជាទៅធ្វើឯណាទៀតទេ។ មីងប្រេមត្អូញ។
  ឯចំណែកខ្ញុំ ខ្ញុំត្រឡប់ទៅភូមិបាត់ដឹងវិញ ទៅមើលកូន ប្រពន្ធចូលឆ្នាំថ្មីនេះ។ ដល់ខែពិសាខ ខ្ញុំធ្វើស្រែវិញ។ ហ៊ីបានប្រាប់។
  គ្មានហាងឯងគេរកគូលីទេឬ? ពូជួយយើងផង។ (នាងប្រុញបានសួរ)
  មានដែរ,​ ស៊ឹមបានឆ្លើយ កាលពីថ្ងៃព្រហស្បតិ៍មុន អាប្អូនខ្ញុំវាស្ម័គ្រចិត្តទៅសូមធ្វើផែកំពង់សោម។ គេបានឆ្លើយប្រាប់វាថា គេមិនយកទាំងអស់គ្នាទេ ហើយគេថាចាំខែក្រោយបានគេឲ្យដំណឹង ព្រោះឥឡូវមិនទាន់មានម៉ាស៊ីនមកដល់...។ អាប្អូនខ្ញុំវាថា វាមិនសង្ឃឹមបានទៅកំពង់សោមទេ ព្រោះមនុស្សច្រើនណាស់ គេបានទៅត្រសុលក្បាលទៅរករស់នៅកំពង់សោម ឯមេហាងបែបមិនចង់មើលមុខយើងផង។
  មើលបងស៊ឹមឯងមានដឹងទេ តើស្រុកគេមនុស្សអត់ការធ្វើ ដោះស្រាយដូចម្តេច?
ស៊ឹមមើលនាឡិកាដៃគាត់ រួចនិយាយ៖
  យើងមានពេលខ្លីណាស់។ ខ្ញុំត្រូវចេញពីនេះម៉ោងមួយ ដើម្បីទៅទទួលលោកខ្ញុំ...។ ណ្ហើយ ខ្ញុំសូមនិយាយកាត់ៗបន្តិចចុះ។ នៅប្រទេសគេ គូលីកម្មករសុទ្ធតែមានសមាគម សហជីព។ សហជីពជាអង្គការរបស់អ្នកលក់កម្លាំងដូចយើង។ សហជីពមានភារៈសំខាន់ប្រមូលផ្តុំក្រុមគូលីកម្មករដើម្បី ការពារក្រុមខ្លួនដូចជាទាមទារឲ្យបានប្រាក់ឈ្នួលគ្រប់គ្រាន់ និងតវ៉ាឲ្យមានការធ្វើគ្រប់គ្នា ហើយកុំឲ្យហាងរំលោភឲ្យធ្វើការហួសពេលកម្រិត។ បើកម្មករណាគ្មានការធ្វើ កម្មករនោះត្រូវទៅស្នើសហជីព ឬមានសមាគមឲ្យចិញ្ចឹមខ្លួនបណ្តោះអាសន្ន ហើយនឹងទៅតវ៉ារាជការឲ្យរកការឲ្យធ្វើទាល់តែបាន។ ឯចំណែកនៅស្រុកយើង មិនទាន់មានសហជីពនេះហើយ បានជាយើងនៅបែកខ្ញែកគ្នា ហើយស្រេចតែគេប្រើញក់ញីបានតាមចិត្ត។ ដោយខ្វះអង្គការនេះហើយ បានជាយើងអណ្តែតអណ្តូង មិនដឹងទៅទីណាប្រាកដ ដល់គេដេញយើងអាទិត្យក្រោយ...។
  បើដូចនេះ សហជីពសំខាន់ណាស់។ សម្លេងមួយបានបញ្ជាក់។
  វាជាថ្លើមបេះដូងរបស់អ្នកធ្វើការរាល់រូប ដើម្បីឲ្យមានសិទ្ធិតវ៉ាកុំឲ្យមានការអត់ឃ្លាន កុំឲ្យគេជិះជាន់បានតាមចិត្ត។
  គ្រប់សហជីពមានគោលបំណងដូចគ្នាឬ? ម៉េងបានសួរបញ្ជាក់។
  នៅស្រុកខ្លះដោយទប់មិនបាននឹងកម្លាំងប្រជាជន អ្នកកាន់អំណាចបានចាត់តាំងសហជីព ឬសមាគមរបស់គេ ដើម្បីគេស្រួលក្តាប់ប្រជាជនឲ្យនៅក្នុងស៊ងគេទៀត នៅប្រទេសបារាំងពួកនាយទុនបារាំងបានចាត់តាំងសហជីពមួយ ពីរ ដើម្បីឲ្យសហជីពនេះ ប្រឆាំងនឹងសហជីព ឬសមាគមប្រជាជនពិតប្រាកដ។ ហេតុនេះហើយបានជាយើងឮជាញឹកថា មានសហជីពខ្លះមិនព្រមជួយតវ៉ាឲ្យប្រជាជនស៊ីឆ្អែតទេ ផ្ទុយទៅវិញ គេដាក់កំហុសទៅលើគូលី...។
  បើដូចនេះយើងត្រូវប្រយ័ត្ន មិនស្រួលទេ។ ម៉េងលាន់មាត់។
  ដល់ម៉ោងហើយ។ ស៊ឹមបាននិយាយត។ ខ្ញុំល្មមទៅ... សូមមីង បងហ៊ី និងម៉េងឲ្យដំណឹងខ្ញុំផង បើគង់តែទៅឯណាក៏ដោយ។ ខ្ញុំលាហើយ។
ថារួច ស៊ឹមកន្ត្រាក់កង់កញ្ចាស់គាត់ជិះខ្មឺតសំដៅទៅផ្ទះលោក...។
រឿង៖ ស៊ឹមអ្នកបរឡាន (១១វគ្គ)
វគ្គទី១៖ វាលសង់ផ្ទះ វគ្គទី២៖ ថ្ងៃសម្រាក វគ្គទី៣៖ ថ្ងៃបើកលុយ វគ្គទី៤៖ រាត្រីថ្ងៃសៅរ៍ វគ្គទី៥៖ ចាំលោក វគ្គទី៦៖ ព្រឹកថ្ងៃអាទិត្យ វគ្គទី៧៖ ចាំលោក វគ្គទី៨៖ ដើរលេង វគ្គទី៩៖ ទៅមុន វគ្គទី១០៖ អស់ការធ្វើ វគ្គទី១១៖ ភ្ញាក់រលឹក(ចប់)