រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ
ភាគទី២១៖ ក្បួនការពារឯករាជ្យ
ចលនាតស៊ូរំដោះជាតិ ដែលមានន្ទជាអ្នកដឹកនាំនោះ ក៏ចេះតែរីកធំឡើងៗ ជាលំដាប់។ បើតាមសង្កេត ការលូតលាស់ល្អនេះមកពីជំរៅ ៣យ៉ាង :
១ - មកពីការងារដែលធ្វើមានគោលបំណងច្បាស់លាស់ គឺបណ្ដេញខ្មាំងជាតិយកអែករាជ្យមាតុភូមិ។ អុត្ដមគតិនេះមួយថ្ងៃកន្លងទៅ អ្នកធ្វើការក៏កាន់តែយល់ច្បាស់ច្រើនគ្នាឡើងអិតស្រាកស្រាន្ដ។
២ - មកពីមធ្យោបាយដើម្បីសំរេចបំណងនេះ មានក្រឹត្យវិន័យម៉ើងម៉ាត់ល្អជាក់ស្ដែង។ អ្នកណាខុសគឺត្រូវទទួលទោសតាមខុស មិនថាអ្នកតូច រឺ អ្នកធំឡើយ។ ភ្នាក់ងារម្នាក់ៗ ដឹងមុខការ និង ករណីយកិច្ចរបស់ខ្លួនគ្រប់ផ្នែកគ្រប់មុខ។ ក្រឹត្យវិន័យទាំងឡាយនោះ គេអាចចងជាក្បួនបដិវត្ដមួយដ៏វិចិត្រសំរាប់រៀនអោយស្គាល់នូវបញ្ហាជាតិខ្មែរ អោយយល់អស់នូវរឿងខ្មែរ អោយជឿនូវតំលៃជាតិខ្មែរ រួចអោយហ៊ានធ្វើនូវអស់ការងារដែលបានគ្រោងទុកមក។ ក្បួនបដិវត្ដនេះជាប្រពៃណីសំរាប់បំភ្លឺផ្លូវអោយជនអ្នកតស៊ូ ដើរតែលើគន្លងត្រូវជានិច្ច។ មិនតែប៉ុណ្ណោះការតស៊ូបំភ្លឺដោះស្រាយបញ្ហាទុក្ខរបស់ប្រជារាស្រ្ដ ព្រមទាំងបញ្ហាច្បាប់សំរាប់ពលរដ្ឋ និង ច្បាប់សង្គមដែលមានអធិបតេយ្យភាព បូរណភាពពិតៗ មានបញ្ហាសេដ្ឋកិច្ច វប្បធម៌សិល្បៈ អក្សរសាស្រ្ដ យុត្ដិធម្មសាស្រ្ដជាដើម។
៣ - មកពីមេផ្ដើម អ្នកដឹកនាំ និង សមាជិកតស៊ូ គឺសុទ្ធសឹងពិតៗ ជាអ្នកស្នេហាជាតិដែលធ្លាប់មានការពិសោធន៍ធំៗ ក្នុងរឿងជាតិ មានសតិសម្បជញ្ញយ៉ាងមោះមុតក្នុងកិច្ចប្រតិបត្ដិការ ពុំបណ្ដោយខ្លួនអោយធ្លាក់ក្នុងកំហុសដែលរំលោភលើជាតិនោះ។ ហេតុនេះ អង្គការតស៊ូរបស់ប្រជារាស្រ្ដ ដឹកនាំដោយប្រជារាស្រ្ដ ដើម្បីប្រជារាស្រ្ដ ជាអង្គការដែលមានជីវិតដូចដើមឈើដែលចេះតែធំឡើងៗ រឹងឡើងៗ ខ្ពស់ឡើងៗជានិច្ច។ គឺជាអង្គការដែលមានអនាគតយ៉ាងពិស្ដារ។
ចំនែកខាងនាទីគ្រប់គ្រងសៀមដែលមានកាមា និងព្រះនាងមណីជាបរិវារ ព្រឹត្ដិការណ៍មានផ្ទុយទៅវិញ។ រាល់ថ្ងៃ មានតែមនុស្សអាក់អន់ចិត្ដដែលមានចំនួនកាន់តែច្រើនឡើងៗ សង្គមគ្មានរបៀបរៀបរយនាំអោយមនុស្សដន្ដើមយកសុខផ្ទាល់ខ្លួន ម៉្លោះហើយមនុស្សទាំងអស់ ច្រើនតែជោរជោគទៅដោយលោភោ ទោសោ មោហោ គ្រប់ៗគ្នា។ រឿងនេះជាហេតុធ្វើអោយមានការជិះជាន់គ្នា មានការជញ្ជក់ឈាមគ្នា គ្មានអៀនខ្មាស មានការប្រើអំនាចហួសហេតុដើម្បីប្រយោជន៍បុគ្គល មានការឈ្នានិសព្យាបាទគ្នាដោយអយុត្ដិធម៌៘ ប្រយោជន៍សាធារណ គឺប្រយោជន៍ប្រជារាស្រ្ដដែលជាភាគច្រើនក៏ត្រូវអិតបានគិតគូរដល់ឡើយ។
ធ្ងន់ទៅទៀតកាលណោះ នគរលែងប្រើច្បាប់ មនុស្សជ្រើម មន្រ្ដីខូច រាស្រ្ដគ្មានសិទ្ធសេរីភាព អ្នកស្រែទុក្ខវេទនា អ្នកក្ររឹតតែក្រ លែងងើបមុខរួច។ គឺជាសង្គមពុករលួយ!។ សង្គមបែបនេះរួញទៅៗ នាំអោយថយកំលាំងជាដរាបរាល់ថ្ងៃ។ ជាពិសេស គឺសង្គមមួយដែលគ្មានអានាគត។ សង្គមនេះដួលខ្លួនអែង មិនបាច់អ្នកណាច្រានរំលំឡើយ។
ប៉ុន្ដែ របបគ្រប់គ្រង នីមួយៗ ពុំអាចរំលំរិសកែវដួលបានងាយៗឡើយ ពីព្រោះមនុស្សទាំងអស់ដែលជាចន្ទល់នៃរបបនេះ ពុំអាចសុខចិត្ដថយខ្លួនឡើយ ពោលគឺសុខចិត្ដតែពីក្រាញននៀលត្រាតែស្លាប់សូន្យតែម្ដង។ មានតែកំលាំងអាវុធ និង កំលាំងមហាជនរួមសាមគ្គីទេ ទើបអាចផ្ដាច់រិសជ្រៅៗ នៃរបបចាស់នោះអោយដួលបាន។
យល់ហេតុការណ៍ និងអនាគតដូច្នោះ ព្រះនាងកែវមណីមានសេចក្ដីវិតក្កជាងគេបង្អស់។ ធីតាគេងពុំលក់ អង្គុយពុំសុខ បាយពុំបានដោយភ័យបារម្ភខ្លាចជានិច្ច។
មួយឆ្នាំហើយដែលនាងសំលាប់នាយកត នាយឡំ និង នាយបំរុង។ តែស្រមោលមានន្ទហាក់តាមនាងជាប់។ ស្រមោលនេះ ស្រ្ដីឃើញកាន់អាវុធ ខាំធ្មេញសំលក់នាងយ៉ាងអស្ចារ្យគួរអោយស្ញើប។ ដូចនោះ តើដេកចាំស្លាប់ រឺ? ត្រូវស្ទុះក្រោកទប់ទល់ មែន! អំនាចក៏មាន ប្រាជ្ញាក៏មាន ឆោតអ្វីដេកចាំស្លាប់។ គឺចាប់ពីពេលនោះហើយដែលព្រះនាងសំរេចចិត្ដថា ត្រូវបន្ដការទប់ទល់ដល់ចប់ចុងចប់ដើមកុំបណ្ដោយឡើយ។ ធីតាក៏ចាប់គិតវិធានការដោយសំដៅចាប់យកមតិប្រជាជាតិអោយបាន។ នាងនឹកឃើញក្បួនការពារអែករាជ្យមួយយ៉ាងអឹកធឹក ដែលធ្វើទៅអាចទាញខួរក្បាលរាស្រ្ដល្ងង់ខ្លៅអោយជឿតាមនាងបាន។ ថ្ងៃប្រជុំមកដល់ចារស្រ្ដីក៏ចូលទៅក្នុងទីប្រជុំស្នើសុំព្រះកំពុត និងកាមាអោយសំរេចផែនការនាង។ ផែនការដ៏ចំលែកនេះក៏បានត្រូវគេយកមកប្រើការភ្លាម។

កន្លះខែកន្លងមក តាមផ្លូវពីបាត់ដំបងមកសិរីសោភ័ណ គេបានឃើញមនុស្សរាប់ពាន់ដែលគេកេណ្ឌមកអោយដើរជាក្បួនកកកុញ ឃើញមីរដេរដាស ព្រមទាំងសំរែកលាន់រំពងទ្រហឹងអឹងអាប់ថា "ជយោ! ឯករាជ្យ! " "ជយោប្រទេសសៀម"។ បើយើងសង្កេតមើលមនុស្សដែលដើរក្នុងក្បួននេះទៅ យើងអាចឃើញមានច្រើនពួកណាស់ ដូចខាងក្រោមនេះ៖
មានជនភាគច្រើនអិតដឹងថាគេហែអ្វីទេ។ ជនទាំងនោះមើលគេធ្វើឡឹងឡង់ៗ ត្រូវសើចៗទៅ ត្រូវស្ងៀមៗទៅ។
ជនមួយពួកទៀត ជជែកនិយាយកោតសរសើរដល់ក្បួននេះថា ពិតជាក្បួនមួយដែលថ្មី ហើយដែលប្រាកដជាធ្វើអោយរំភើបញាប់ញ័រទាំងខ្មាំង ទាំងជាតិនានា។ ពួកនេះច្រើនតែពោលពាក្យថា "ប្រវត្ដិសាស្រ្ដខ្មែរបើកទំព័រមួយថ្មី! អែករាជ្យខ្មែរបានរឹងប៉ឹង! ស្រុកមុខជាបានសុខ! ខ្មាំងមុខជារលាយ! អ្នកស្រុកមុខតែស្រលាញ់ប្រទេសជាតិ! "៘
ជនមួយពួកទៀតនោះជាជនសប្បាយគិតតែពីសប្បាយឡូឡា កាន់ដបស្រាច្រងេងច្រងាង ក្អេងក្អាង បែកញើសរហាម មុខឡើងខ្លាញ់រងើម។
ប្លែកទៅទៀត គឺជនមួយពួកក្រោយនេះ។ ជនទាំងនេះមានទឹកមុខស្មើ និយាយខ្សឹបៗប្រាប់គ្នាថា «ខ្មាសខ្មោចណាស់! ខូចពេលអិតប្រយោជន៍! ធ្វើបាបរាស្រ្ដគ្នាក្រផង កេណ្ឌគ្នាមកអោយចោលប្រពន្ធកូន ចោលការងារ ចោលរបរចិញ្ចឹមជីវិត អ្នកធ្វើក្បួននេះបង្ខូចប្រាក់កាស អិតប្រយោជន៍ ត្បិតគ្មានអ្នកណាជឿតាមទេ ត្បិតស្រុកយើងជាស្រុកខ្មែរ ទៅនាំគ្នាស្រែកជយោស្រុកសៀមទៅវិញ! ម្យ៉ាងទៀត បើបានហែទៅហើយ ពុំគប្បីយកអង្គការស្រាដប និង ស្គរអារក្ខមកលាយអោយក្លាយទៅជាលាមក នាំអោយរឹតតែខ្មាសគេទៅទៀតអីម៉្លេះទេ។
ប៉ុន្ដែ ទោះមនុស្សមានយោបល់ខ្វែងគ្នាយ៉ាងណាក៏ដោយ ក្បួនការពារអែករាជ្យក៏នៅតែដឹកនាំមនុស្សទៅមុខដូចហ្វូងពពែ។ ពីបាត់ដំបងមកសិរីសោភ័ណ គេត្រូវដើរប្រាំពីរថ្ងៃ។ មួយថ្ងៃគេឈប់សំណាក់ពីរដង។ ដល់ពេលល្ងាច គេឈប់កន្លែងណាគេលេងល្ខោនអាយ៉ង ណាំងត្រលង់ច្រៀងប្របកៃ អាយ៉ៃ យីកេ បាញ់អាប៉ោង លេង ខ្លាឃ្លោក លេងបៀកន្លែងនោះ៘ រួចនៅកន្លែងសំណាក់នីមួយៗ អស់លោកចៅនាទីទាំងឡាយរត់ខ្វែងដៃខ្វែងជើង កាប់គោក្របី ជ្រូក មាន់ ទា ជូនអស់លោកជាចៅហ្វាយជីវិតខ្លួន។ បើទទួលមានម្ហូបអាហារបរិបូណ៌ភ្នាក់ងារកំសត់អស់នោះក៏បានរួចខ្លួនទៅ។ បើបែរជាទទួលមិនសូវអឹកធឹកទេ មុខជាត្រូវហូតងារធ្វើទោស តិះដៀល រឺ ពុំនោះសោតត្រូវកំផ្លៀ ងមិនខាន ចំនែកខាងប្រជាជនភាគច្រើនវិញ ខ្លះអត់បាយក្រហាយទឹក តាមយថាកម្មទៅចុះ អិតមានអ្នកណាគិតគូរដល់ឡើយ។ អោ! អនុស្សាវរីយ៍ សម័យស្រុកខ្ញុំគេអើយ នឹកឡើងសែនខ្លោចផ្សាណាស់។ រីអែអ្នកដែលត្រូវគេកេណ្ឌមក នឹងរត់ទៅផ្ទះវិញខ្លាចគេ នឹងទៅជាមួយវេទនា។
ក្បួនហែធ្វើដំណើរចេញពីបាត់ដំបងបានបីថ្ងៃមកហើយៗដើរជាជួរវែង រាប់គីឡូម៉ែត្រ។ ថ្ងៃដំបូងគេឃើញមានមនុស្សច្រើនក្រៃពេក។ តែថ្ងៃបន្ទាប់ៗមកមនុស្សកាន់តែថយទៅៗ ព្រោះមានជនខ្លះ ទោះមានកងទាហានជិះសេះមុខក្បួនទៅវាយបង្ខំ អោយមកចូលមកក្នុងក្បួនយ៉ាងណាក៏ដោយ ក៏មានជនខ្លះទ្រាំពុំបាន គេចវេះរត់ទៅផ្ទះវិញដែរ។ ខាងមុខក្បួនគឺកងអ្នកវាយស្គរធំ ស្គរតូច រនាត ទ្រ លាន់លឺរំពង។ គ្រឿងភ្លេងទាំងនេះ គេសែងរហូតទៅ។
បន្ទាប់ពីវង់ភ្លេងបុរាណនេះមក មានកងពលទាហានដើរកាន់ខែល លំពែងយ៉ាងអង់អាច ស្លៀកពាក់ជាអែកសណ្ឋានដ៏រុងរឿង។ រួចគឺកងពលខាងជើងសេះ ដាវកាន់នៅដៃ មុខមាំមួនដើរជាពីរជួរ បញ្ចេញអិទ្ធិពលនៃសម័យព្រេងនាយ។ ព្រះកំពុតគង់លើដំរី ទ្រង់គ្រឿងសំលៀកបំពាក់ដ៏ល្អវិចិត្រដែលគ្រាប់ពេជ្រ និង មាសចាំងផ្លេកៗ នឹងរស្មីព្រះអាទិត្យ។ ក្លស់ស្ដេចត្រាញ់ ពណ៌ក្រហមឆ្អិនឆ្អៅចាប់ភ្នែកអ្នកផង ហើយខ្ពស់ត្រដែត ជាដំបូងកំពូលនៃក្បួនយើង។ នៅឆ្វេង ស្ដាំ គីដំរី ស្រីស្នំក្រមការដែលមានរិកពាទន់ភ្លន់ រញ៉ិករញ៉ក់ត្រៀមចាំបំរើចៅហ្វាយជាម្ចាស់ «ព្រះកំពុត»។
ទាំងសេះ ទាំងដំរី សុទ្ធសឹងមានគ្រឿងតុបតែងល្អលើសសំលៀកបំពាក់ប្រជារាស្រ្ដទាំងពួងទៅទៀត។ ខាងក្រោយអធិរាជនេះ គឺពលទាហានទៀត។ រួចគឺវង់ល្ខោនដែលដែលរាំលើឆាកមួយ។ ឆាកនេះមនុស្សសែងយ៉ាងតឹងស្មា។ គេលេងរឿងមួយប្លែករហូតតាមផ្លូវ។ រឿងនេះ គឺមានព្រះសង្ឃបីអង្គត្រូវពួកអុទ្ទាមចាប់ចងស្លាបសេកវាយដំ នឹង រំពាត់ផ្ដៅ។ ព្រះសង្ឃធ្វើជាស្រែក ជា យំអំពាវនាវដល់ព្រះកំពុត និង ព្រះនាងមណីអោយជួយផង។ រីអែអ្នកវាយក៏ធ្វើជាវាយទាត់ធាក់អិតត្រាប្រណី។ បដាមួយធ្វើអំពីសំពត់ល្អ ស្អាតមានសរសេរអក្សរថា «ត្រូវគោរពសាសនា»។ នៅលើឆាកល្ខោនខាងក្រោយទៀត គេលេងរឿងពួកអុទ្ទាមកំពុងធ្វើបាបអ្នកស្រុក ដែលសំពះអង្វរស្រែកអោយព្រះកំពុត និង ព្រះនាងមណីជួយ។ បដានៃវង់ល្ខោននេះមានចំណងជើងថា «សៀម និង ខ្មែរជាបងប្អូន នឹង គ្នា»។ នៅជិតបដានេះមានបដាមួយធំគូររូបស្ដេចមួយព្រះអង្គ អ្នកស្រុកកំពុងអង្គុយសំពះ ស្ដេចនោះ រួចខាងលើរូបនោះមានដាក់អក្សរថា «ត្រូវ គោរពព្រះមហាក្សត្រក្រុងអយុធ្យាយើង»។
បន្ដពីវង់ល្ខោនដ៏ចំលែកនោះ គង់លើខ្នងដំរីមួយ នារីម្នាក់តែងខ្លួនជាព្រះនាងខត្ដិយាណីកែវមណី កំពុងបាចទានដល់អ្នកស្រុក។ នៅជុំវិញ ស្រ្ដីដ៏អុត្ដមមានអ្នកសុំទាន អ្នកក្រីក្រ និង ក្មេងៗ ដែលប្រជែងគ្នាចាំរើសទាន។ នៅចុងក្រោយបង្អស់ឆ្ងាយដាច់ពីគេ មានរទេះទូមួយ។ ក្នុងរទេះនេះព្រះនាងមណីអង្គុយជិតស្រីម្នាក់នៅក្មេងរូបស្អាត គឺនាងមាលាបុត្រី របស់ពូអុត្ដុង្គ ដែលយើងធ្លាប់បានឃើញមកហើយ។
នាងមាលា ក្រោយពីពេលដែលបានជួយរំដោះអោយមានន្ទរត់ បានចូលខ្លួនធ្វើជាអ្នកបំរើព្រះកំពុត។ នាងខិតខំធ្វើការត្រាតែនាងមណី ស្រលាញ់ពេញចិត្ដហៅមកនៅជាមួយអោយធ្វើជាស្នំអែករបស់នាង។ កិច្ចការអ្វីៗផ្សេងៗ នាងមាលាដឹងអិតខ្វះឡើយ។ សងខាងរទេះ មានអ្នកជិះសេះបួននាក់ កាមា និលពេជ្រ និលអែក មហារន្ទះ ដែលសុទ្ធជាសេនាជំនិតរបស់ស្រ្ដីធីតា «មណី»។ ក្នុងរាជរថដែលរំលេចក្បាច់ និង ពណ៌ឆើតឆាយនេះ ព្រះនាងមានព្រះភ័ក្រ្តក្រៀមក្រំ។ នេត្រាស្រីរលោងដូចកែវមរកត។ ក្នុងរស្មីនេត្រានេះ គេអាចឃើញបានថា ព្រះនាងកំពុងគិត។ នាងមាលា ពុំហានកំរើកខ្លួនឡើយ។ មាណវីចង់ដឹងនូវទុក្ខរបស់នាងខត្ដិយាណីណាស់។ លំដាប់នោះព្រះនាងបើកកន្រ្តកស្បែកមួយហូតយកកូនកន្សែងមកជូតមុខញើសសំបោរ។ នាងមាលាភ័យ ព្រោះនាងសង្កេតឃើញថាព្រះនាងយំ។ ស្រីទាសីដាច់ចិត្ដសួរយ៉ាងស្លូតត្រង់ថា :

អ្នកបងមានរឿងអ្វី ? សូមអាណិតប្រាប់ខ្ញុំផង !
នាងមណីនៅស្ងៀម មើលមុខនាងមាលា។ សេចក្ដីអាណិតមួយរត់ឆាបដួងចិត្ដធីតា ត្បិតភ្នែកនាងទាសីឡើងរលីងរលោងដែរ។
ស្រីឆ្លើយយ៉ាងស្រងូតស្រងាត់ថា :
បងព្រួយចិត្ដណាស់អូន អូនឯងស្រលាញ់បងទេ ?
នាងមាលាអោនមុខសញ្ជឹងគិត រួចឆ្លើយតិចៗថា :
ការនេះស្រេចលើអ្នកបងចុះ។ ប្អូនបានមកនៅជាមួយអ្នកបងយូរណាស់ទៅហើយ គឺជិតមួយឆ្នាំហើយ អ្នកបងក៏ដឹងចិត្ដ ស្គាល់ចិត្ដខ្ញុំអស់ហើយ។
កែវមណីញញឹមទាំងទឹកភ្នែក
អឺ! បងសង្កេតឃើញថាប្អូនស្រលាញ់បងមែន! ឯបងក៏ស្រលាញ់ប្អូនណាស់ដែរ។ តែថ្ងៃនេះបងព្រួយចិត្ដ បងសឹងតែត្រូវការមនុស្សម្នាក់ដើម្បីនិយាយគ្នាលេងអោយបានធូរដើមទ្រូងបន្ដិច។ បងចង់និយាយ នឹង មនុស្សណាម្នាក់ដែលស្រលាញ់បង។ បងខំរិះរកមនុស្សនោះមិនឃើញសោះ។ អោ! បើមនុស្សនោះជាភេទខុសគ្នាទៅវិញ ម៉្លោះសមពេញចិត្ដយ៉ាងណាទេ!
នាងមាលាបើកភ្នែកធំ តែមិនហ៊ាននិយាយអ្វីឡើយ។ នាងខំប្រឹងសំរួលទឹកមុខអោយបានស្រួលដែរ តែពាក្យព្រះនាងហាក់ប្លែក ខុសធម្មតាពេក។ ធម្មតានាងមាលាសង្កេតឃើញថា ព្រះនាងមានចិត្ដរឹងប៉ឹងណាស់ និយាយតែពីកិច្ចការ។ ចុះចំលែកអីម៉្លេះ ថ្ងៃនេះព្រះនាងធ្លាក់មកនៅត្រឹមស្រីសាមញ្ញម្នាក់វិញដែលចេះស្រលាញ់នោះ ? នាងមាលានឹកឃើញភ្លាម ក៏និយាយទាំងប្រញាប់ថា :
ចុះបងការមា ?
នាងមណីសើច ងក់ក្បាល រូចគ្រវីក្បាលវិញ :
ទេ ! ប្អូនប៉ាន់នេះមិនទាន់ត្រូវទេ ! មើល៍ប្អូនប៉ាន់ទៀតមើល៍?
នាងមាលាក៏សើចម្ដងវិញ រួចសប្បាយជាពន្លឹក ព្រោះមួយពេលនេះនាងដឹងមនោសញ្ចេតនាប្រាកដរបស់ស្រីជាចៅហ្វាយ។
ខ្ញុំមិនដឹងជាឈ្មោះបុរសណាទេ ពីព្រោះប្រហែលជាបុរសនោះសព្វថ្ងៃនៅឆ្ងាយហើយមើលទៅ !
នាងមណីសើចចាប់ដៃនាងមាលាជាប់
ច៎ាះ ! ច៎ាះ ! អូនកុំនិយាយទៅទៀត
នាងមាលាឃើញថាដៃនេះត្រជាក់ហើយញ័រៗ បន្ដិចផង ដែលជាហេតុធ្វើអោយនាងឆ្ងល់កាន់តែខ្លាំងទៅទៀត។ នាងនឹកឃ្លាដើមឃើញថា ស្រីវលក្ខណ៍មានសង្សារ។ សង្សារនោះនៅឆ្ងាយតែធ្វើម្ដេចអោយស្គាល់ឈ្មោះទៀត? នាងមាលាក៏និយាយដោយកិច្ចឧបាយថា:
ខ្ញុំស្ដាយណាស់ដោយមិនដឹងឈ្មោះបុរសនោះ
ព្រះនាងមានបបូរមាត់ឡើងស្លាំង បែបភ័យផង ជាអៀនផង។ ធីតាបែរខ្នងដាក់កញ្ញាជាស្នំគាប់ចិត្ដ រួចពោលវាចាយ៉ាងស្រងូតស្រងាត់អស់ពីពោះថា
ច៎ាះ ! ច៎ាះ ! គេនៅឆ្ងាយ ! ឆ្ងាយរកខ្ញុំទៅមិនដល់ចាប់មិនបាន! គឺបង . . . បង . . . មានន្ទ ! !
នាងមាលាព្រឺខ្នងខ្ញាកៗ ដោយបានដឹងដំណឹងដ៏អស្ចារ្យនេះ។ ទឹកមុខនាងក៏ឡើងស្លេកស្លាំងដែរ។ ចុងដៃ ចុងជើងនាងក៏ឡើងត្រជាក់ដែរ។ នាងលឺសំដីព្រះនាងកាន់តែតិចទៅៗ ទៀតថា:
អីលូវបងនៅសល់តែអនុស្សាវរីយ៍បងមានន្ទទេ !
ថាតែប៉ុណ្ណោះ ព្រះនាងប្រះទៅក្រោយ លើពូកដ៏ល្អស្អាតបង្ហាញថា ស្រីឆ្នើមរវើរវាយអស់កំលាំងរលីងពីខ្លួនហើយ។ នាងមាលា ក៏ស្ទើរដួលដូចនាងទៀត។ ម្ដងនេះស្រាប់តែព្រះនាងក្រោកអង្គុយត្រង់ខ្លួនវិញ សើចទាំងមុខក្រៀមក្រំរួចនិយាយច្បាស់ៗ ខាំធ្មេញដូចតទៅ :
អឺ ! បងសល់តែអនុស្សាវរីយ៍គាត់ទេ! ប្អូនដឹងទេ? គាត់ទៅណាហើយ។ ទៅនៅព្រៃ? ទេ! គាត់ទៅ...ទៅ... អោទៅស្ថានដែលមនុស្សលែងវិលត្រលប់មកវិញ... ទៅស្ថានលើ! ស្ថានក្រោម! ស្ថានមរណៈ ! ស្ថានខ្មោច ! ។ វាស្លាប់ហើយ!
មាលារាដៃ បើកភ្នែកត្រលោត ដង្ហើមទាញលឺងឹក
ស្លាប់... ស្លាប់ហើយ !
ព្រះនាងឆ្លើយតបមួយៗ
អឺ! វាស្លាប់ហើយ! ស្លាប់បួនថ្ងៃហើយ វាស្លាប់យ៉ាងអស្ចារ្យណាស់! ស្លាប់ក្នុងជុចដូចត្រី! ស្លាប់នឹងដៃខ្ញុំ។ ពីថ្ងៃនេះទៅខ្ញុំលែងបានឃើញមុខខ្មាំងដ៏ធំបំផុតដែលខ្ញុំស្រលាញ់នេះហើយ។ ពីថ្ងៃនេះទៅ បងកាមារស់បានដោយស្រួលត្បិតគាត់លែងបានលឺឈ្មោះសត្រូវរបស់គាត់នេះទៀតហើយ។
ព្រះនាងបិទភ្នែកផ្ដួលខ្លួនទៅលើពូកជាថ្មីម្ដងទៀត។
នាងមាលាចង់សាកសួរព្រះនាងតទៅទៀតណាស់ អំពីដំណើរយ៉ាងណាក៏ចាប់មានន្ទបាន រួចតើស្លាប់ក្នុងជុចនោះស្លាប់បែបណា?តែព្រះនាងនៅស្ងៀម នាងក៏ហើបមាត់សួរពុំរួចឡើយ។ ស្រីទាសីសុខចិត្ដខំអត់សង្កត់ចិត្ដក្រែងលោព្រះនាងដឹងថានាងមកបំរើនេះគ្មានអ្វីក្រៅពីមកស៊ើបការណ៍ទេ។ ព្រះនាងងើបអង្គុយឡើងជាថ្មី មានទឹកមុខដ៏ក្រៀមក្រោះដដែលដូចមុន ហើយបន្ដកិច្ចចរចាសំងាត់ដូចខាងក្រោមនេះ:
ច៎ាះ ! ប្អូនៗ !ខ្ញុំព្រួយមែន តើប្អូនដឹងការរាក់ជ្រៅក្នុងអានាខេត្ដយើងអស់ទេ?
នាងមាលាដាក់ភ្នែកចុះ ឆ្លើយដោយរាយមាយថា
ទេ !
ចាំបងប្រាប់ ! អើបងប្រាប់អោយអស់ថ្ងៃនេះ ត្បិតពេលផ្ដាច់ព្រ័ត្រមកដល់ហើយ។ បងមានផែនការពីរយ៉ាង :
ផែនការទីមួយ គឺសំលាប់មានន្ទអោយបាន! អីលូវផែនការនេះសឹងបានសំរេចដូចបំណងបងស្រេច។ បន្ដិចទៀតក្នុងថ្ងៃស្អែក គឺកាលណាយើងទៅដល់ស្រុកមង្គលបុរី បងនឹងអនុវត្ដផែនការទី២។
គឺអ្វី?
គឺសំលាប់ព្រះកំពុតជាមាបងចោល !
ហ៎ ម៉េចអីចុះ?
ហាសៗ ! អូននៅខ្ចីណាស់! អូនមិនយល់ទេ! ត្បិតព្រះកំពុត ធ្វើការមិនរហ័សដូចចិត្ដសោះ។ មនុស្សចាស់គិតយូរចាត់ការមិនល្អ! ដើរមិនទាន់សម័យ! ដំណើរយឺត! ចិត្ដសាញ! ខ្លាច! រឿងនេះព្រះកំពុតជារនាំងមួយស្ទះផ្លូវ មិនអោយការងារជាប្រយោជន៍សំរេចបាន។
ចុះរដ្ឋាភិបាលរបស់សៀម ថាយ៉ាងណាទៅ បើដល់ព្រះកំពុតស្លាប់នោះ? ក្រែងអ្នកជំនួសក្រោយចិត្ដមិនបានដូចព្រះកំពុតរឺ?
ហ៊ី! ឆោតមែន! សព្វថ្ងៃបងកាមាបំរុង នឹងកាន់កាប់ការជំនួសព្រះកំពុតទាំងអស់។ និលពេជ្រ និង ទៅជាមេទ័ពជំនួសបងកាមានេះអែង និលអែក នឹងទៅជាមេទ័ពទៀត។ យើងទាំងអស់គ្នាយល់ព្រមគ្នាជាស្រេចហាសៗ! ជាស្រេច! សំលាប់ព្រះកំពុតហើយ រួចរាជការមុខជាចាត់បងកាមា ដើម្បីបន្ដការងារមិនខាន
ចុះបើគេមិនតាំង ?
អើឆ្លាតគ្រាន់បើ ! តែដើម្បីដោះស្រាយចំណាទនេះ តោងដឹងផែនការទីបីរបស់យើងទៀត។ បីថ្ងៃមកហើយពួកយើងបានលួចទ្រព្យសម្បត្ដិរបស់ព្រះកំពុតអស់រលីង។ លួចបាននោះ ទ្រព្យធំៗ មានមាសប្រហែល ៣ហាប ប្រាក់ប្រហែល ៥ហាប។ យើងអោយពួកយើងធ្វើចោរ «មានន្ទ» ដែលទៅប្លន់ប្រាសាទព្រះកំពុត។ អីលូវមាសនោះនៅក្នុងកណ្ដាប់ដៃយើងអស់ហើយ។ អីលូវប្រាសាទព្រះកំពុតទៅ ជាផេះអស់រលីង។ អីលូវព្រះកំពុតជាអ្នកក្រ រួចនៅតែស្លាប់ខ្លួនទៀតប៉ុណ្ណោះ។
អូ ! ខ្ញុំលឺគេខ្សឹបខ្សៀវគ្នាថា មានចោរប្លន់សិរីសោភ័ណនោះមែនរឺទេ ?
នោះអែង ! កុំមាត់ ! នៅអោយស្ងៀម ! កុំអោយគេលឺច្រើនគ្នា
អើ បន្ដិចទៀត ! បងផុតទុក្ខហើយ! រួចបងទៅជាអគ្គមហេសីនៃស្ដេចក្មេងមួយអង្គ ដែលអូនស្គាល់ស្រាប់គឺបងកាមានេះអែង!
លោកកាមាសុខចិត្ដសំលាប់អូវពុកលោកដែរ ?
ព្រះនាងញញឹមងក់ក្បាល
ព្រះពុទ្ធលោកថា បុណ្យសក្ដិ លោភោ ទោសោ មោហោ អំពើទាំងនេះបិទភ្នែកមនុស្សអោយលែងឃើញវត្ថុត្រូវ។ អំពើទាំងនេះ បិទខួរក្បាលមនុស្សអោយគិតលែងត្រូវ! ទេ! ទេ! គ្មានព្រះ គ្មានអាទិទេពអែណាទេ គឺមនុស្សៗ ធ្វើការមនុស្សឈ្នះ។ មនុស្សខ្លាំងពូកែត្រូវតែដឹកក្បាលមនុស្សខ្សោយរាប់លាននាក់បាន។
ថាហើយព្រះនាងផ្ដួលខ្លួនទៅលើពូកជាលើកទីបីក្នុងព្រះរាជរថយើងដែលបរយឺតៗ តាមផ្លូវមកស្រុកថ្មគោល។ នៅថ្មគោល យប់នោះអែទីផ្សារ ល្បែងផងទាំងពួងបន្លឺស្គរ និងសំរែកទ្រហឹងអឹងកងក្រោមពន្លឺចន្លុះព្រោងព្រាត។ មនុស្សដើរខ្វាត់ខ្វែងចុះឡើងមីរដេរដាស។ អ្នកលក់ម្ហូបចំនីអង្គុយត្រៀបត្រាជាជួរ។ ព្រះនាងមណី កាមា ព្រះកំពុត នៅសំរាកក្នុងគេហដ្ឋានមួយដ៏ស្កុកស្ដម្ភជាងគេជាធម្មតា ហើយជាធម្មតាមានទាហានយាមអិតធ្វេសប្រហែសមួយនាទីឡើយ។
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ