រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ
ភាគទី១៧៖ ស្នេហាលើទូក
បើវដ្ដសង្សារតាក់តែងអោយមនុស្សវិលចុះ វិលឡើងយ៉ាងនេះ តើមនុស្សចេះតែនៅចងចិត្ដប្រកាន់តែខ្ពស់មិនសមហេតុ មិនសមផលរឺអ្វី?។ ខាងលើដំបូល មានន្ទដែលអស់កំលាំងដេកគងថ្ងាសមើលផ្កាយ។ នៅជិតអ្នក គឺ មហាកាលម្ខាង អារុណម្ខាង។ ខាងមុខនាយកោប វិរៈ និង បំរុងចែវយ៉ាងមាំមួន។ កូនទាហានឈ្មោះបង្រូលកាន់កន្សៃ។ ខាងក្នុងទូកក្នុងបន្ទប់ដែលបិទចាក់សោ គឺព្រះនាងខត្ដិយាណីស្រីជាប់ទោស។ នាងគេងលើគ្រែមួយ មានពូកយ៉ាងស្អាត បីដូចក្នុងបន្ទប់របស់នាង។ ចង្កៀងប្រេងកាតតូចមួយ បំភ្លឺវត្ថុនានាដែលល្អ ឃើញចាំង នឹងភ្នែក មានកែវទឹក ផ្តិលប្រាក់ កញ្ចក់ ស្និត កែវម្សៅ ដបទឹកអប់ជាដើម។ នារីគេងពុំលក់ទេ ត្បិតពុំដឹងជាមានន្ទធ្វើបាបនាងយ៉ាងណាវិញ ដោយក្ដៅស្អុះពេក នាងក្រោកទៅបើកបង្អួច។ ទេ! បង្អួចបិទជិតពីក្រៅ។ នាងញញឹមដោយឃើញថាគុករបស់មានន្ទជាគុកមួយដែលរសាត់តាមទឹក ហើយដែលឃ្លេងឃ្លោង។ ចេះតែលឿនទៅមុខជាដរាប។ ម្យ៉ាងទៀតគុកនេះសមសួនមែន ត្បិតមានពូកដេកផង។ នាងនឹកថា គុកចោរគ្រាន់បើជាងគុកអ្នករាជការដែរ។ ធីតាហៀបនឹងដើរទៅទំរេតលើពូកវិញ ស្រាប់តែសូរមាត់មានន្ទ និងកងសហជីវិននិយាយគ្នារអ៊ូៗខា ងលើដំបូលទូក។ កញ្ញាអរព្រួចផ្អៀងត្រចៀកស្ដាប់លឺមានន្ទនិយាយរវើយៗដោយអស់កំលាំងថា :
ស្អែកល្ងាចយើងទៅដល់មាត់ទន្លេមែនទេ ?
មហាកាលឆ្លើយ
បាទ ! បើយ៉ាងយូរយប់ចុះ
ព្រះនាងខត្ដិយាណីបើកភ្នែកធំៗ ដឹងថាគេនាំខ្លួនផុតពីទល់ដែនសៀមជាប្រាកដ។ មាណវីព្រឺក្បាលខ្ញាកៗ ។ រួចពីនេះ គឺសំលេងអារុណដែលនាងពុំភ្លេច ដែលអធិប្បាយប្រាប់មានន្ទអំពីកាលខ្លួនមកដល់ភូមិភ្នៀត រួចបានឃើញប្រកាសដ៏លាមក រួចបានវាយប្រលូកក្នុងអាសនៈ ព្រះកំពុត។ នាងមណីស្ដាប់រឿងនេះហាក់នៅតែឃើញមហាបុរសនេះតែនឹងភ្នែក។ គួរកោតសរសើរដល់ស្នាដៃ និង សេចក្ដីវាងវៃក្នុងការប្រយុទ្ធរបស់បុរសនេះមែន។
ក្រោយមកមានន្ទបញ្ជាក់ថា
អោយផ្លាស់គ្នាកាច់ចង្កូតម្ដងម្នាក់ៗ ។ ម្នាក់កាច់ចង្កូតចំនួនបីម៉ោង ទាំងមេទាំងកូន។ អីលូវឈប់ចែវនាំគ្នាដេកចុះ។
អ្នករាល់គ្នាស្រែហ៊ោក្រេវ សប្បាយនឹងកិច្ចបញ្ជានេះ។ មានន្ទបន្ដកិច្ចបញ្ជាទៀតថា
ប៉ុន្ដែ កោប ៗ
បាទ !
ហ៊ី! យកកូនសោនេះទៅចាក់បន្ទប់ក្នុងទូកមើល។ រួចសួរប្អូនខ្ញុំថាត្រូវការអ្វីខ្លះ ? នែ! កុំមើលងាយគេណ៎ា! តោងគួរសមនឹងគេជានិច្ច ព្រោះយើងមិនទាន់ឃើញទោសគេទេ។ នែ! . . . កុំភ្លេចបំរើទឹកក្ដៅគេផង។
មហាកាល និង អារុណទះដៃផូងៗ សើចយ៉ាងសប្បាយ រួចលួចនិយាយថា
អាកោបមានសំនាងណាស់វើយ !
មានន្ទលឺដូច្នោះ លួចសើចក្នុងកំភួនដៃដែលអ្នកដាក់លើមុខអ្នក រួចធ្វើមិនលឺ នឹងពាក្យលេងនោះ។ នាយកោបធ្វើមុខក្រញូវ លួចសំលក់មហាកាល និង អារុណ រួចទះក្បាលបង្រូលដែលកាច់ចង្កូតមួយផូង លោតចុះទៅចាក់សោទ្វារ។
នាងខត្ដិយាណីស្ទុះទៅទំរេតខ្លួនលើគ្រែធ្វើព្រងើយ។ ទ្វាររបើកឡើង។ នាយកោបអោនខ្លួនធ្វើគារវកិច្ចពីមុខនារី។ នាងងក់ក្បាលចោលញញឹមមួយយ៉ាងស្រស់ដាក់នាយកោប ដែលធ្វើអោយនាយកោបឈួលអួលៗក្នុងចិត្ដ និយាយឡើងញ័រៗថា
អ្នកត្រូវការអ្វីទេ ?
ច៎ាះ ! ខ្ញុំត្រូវការទឹក
នាយកោបថយខ្លួនមកដងទឹក តែនាងជាអ្នកទោសនិយាយថា
ទេ ! អត់ទោស ខ្ញុំនិយាយលេងទេ ព្រោះខ្ញុំចង់និយាយ ត្បិតជាយូរមកហើយនៅទីនេះគ្មានអ្នកអែណានិយាយជាមួយសោះទើបតែនឹងបានលឺសំដីលោកមុនគេ។
នាយកោបព្រឺខ្លួនខ្ញាកៗ ជីពចររត់ភឹបៗ រឹតតែខ្លាំងឡើងៗ រួចនាយកោបនិយាយតបទាំងត្រដរថា
បាទ ! . . . បាទ ¨! . . . បើដូចនោះ អ្នកត្រូវការទឹកតែទេ ?
ច៎ាះ ! ត្រូវការ តែសូមអញ្ជើញលោកអង្គុយសិន កុំប្រញាប់អី !
ថាដូច្នាះហើយ ព្រះនាងមណីក្រោកឡើងរុញកៅអីមួយអោយនាយកោប ក្នុងពេលក្រោកឈរដើរមកនេះ នាយកោបសង្កេតឃើញរូបរាងនាងល្អអ្វីក៏ល្អម្លេះទេ។ តែនាយកោបតបថា
សូមទោសអ្នក! ខ្ញុំមាននាទីមកនេះ គឺមកសួរតើអ្នកត្រូវការអ្វី? រួចបើអិតត្រូវការទេ ខ្ញុំថយខ្លួនមួយរំពេច!
នាយកោបនិយាយដោយសំលេងមួយយ៉ាងហ្មត់ចត់។ ធីតាសំលឹងមើលមុខនាយកោប នាងក្រៀមមុខបន្ដិច តែនាងប្រឹងធ្វើអោយរីករាយតទៅទៀត។
ច៎ាះ! ខ្ញុំដឹងថា នៅទីនេះ គេយកច្បាប់ជាធំហើយ តែច្បាប់មិនអាចហាមឃាត់មិនអោយមនុស្សទាក់គ្នាទេ។ អត់ទោស! ខ្ញុំជាអ្នកទោសដូចលោកជ្រាបស្រាប់ ខ្ញុំនៅតែក្នុងបន្ទប់នេះជាយូរមកហើយ ខ្ញុំចង់ដឹងយើងមកដល់ត្រង់ណាហើយ រួចយើងបំរុងទៅកន្លែងណា?
នាយកោបសើចថា :
លោកគ្រូ មិនបានបញ្ជាអោយខ្ញុំមកធ្វើសេចក្ដីរាយការណ៍នេះជូនអ្នកស្ដាប់ទេ។ ខ្ញុំស្ដាយណាស់ ព្រោះពាក្យអ្នកពីរោះ រូបអ្នកក៏ល្អ ប្រាជ្ញាអ្នកក៏វៃ ចេះស្ទង់ចេះលៃចេះរាក់ទាក់។ ខ្ញុំសូមជំរាបថា «នៅជាមួយពួកខ្ញុំ គេមិនប្រើស្នៀតទេ គេប្រើតែការត្រង់ៗប៉ុណ្ណោះអែង»។
បើដូច្នោះ សូមជំរាបលោកមានន្ទថាខ្ញុំចង់ជួប
បាទ
ថាហើយ នាកោបបិទទ្វារគ្រឹប ចាក់សោក្រឹកៗ
នាងមណីចាប់ប្លែកអស្ចារ្យក្នុងចិត្ដជាមួយពួក «មហាចោរ» នេះ។ នាងឃើញថា មនុស្សម្នាក់ៗ មានសតិរឹងមែន រួចវិន័យ ក្នុងកិច្ចការឃើញថាមាំមួនជាក់ស្ដែង។ តែក្នុងកិច្ចសន្ទនារវាងអារុណ នឹង មានន្ទ នាងលបស្ដាប់លឺឈ្មោះមួយ គឺឈ្មោះ "បំរុង" ដែលពុំមែនជាបក្សពួករបស់មានន្ទដាច់ខាត។
លុះដល់នាយកោបឡើងទៅលើ មានន្ទហៅសួរ នាយកោបប្រាប់ថា
អ្នកស្រីចង់ជួបនឹងលោកគ្រូ
អញក៏ចង់ជួបនឹងនាងដែរ។ បងកាល បងរុណ មើលដាក់យាមចង្កូតអោយស្រួលបួលណ៎ា!
បាទ !
បាទ !
មានន្ទចាប់ភ័យក្ដុកៗ។ បុរសឈរដកដង្ហើមអោយស្រួល តាំងចិត្ដអោយបាននឹង រួចលោតចុះចាក់សោទ្វារអិតបង្អង់ឡើយ។ នាងមណីលឺសូរសោទ្វាររបើក នាងប្រុងស្មារតីដូចគ្នា។ លុះឃើញមានន្ទអោនខ្លួនចូលមក នាងធ្វើមុខស្មើ។ ជនទាំងពីរអិតនិយាយរកគ្នាមួយមាត់ឡើយ ត្បិតជនទាំងពីររកពាក្យផ្ដើមនិយាយគ្នាមិនឃើញ។ នារីដាក់ភ្នែកចុះជាដរាប។ បុរសសំលឹងមុខនាងជាយូរ ហូតបារីមួយមកអុជជក់ រួចអង្គុយបឺតបារីផ្សែងហុយថ្គោលនិយាយថា :
ក្នុងពេលដែលបងជាប់អន្ទាក់របស់អូន ៗ មានគ្រោងការមួយដ៏ប្លែកអស្ចារ្យ ចំពោះរឿងអូននិងបង។ អីលូវនេះ វាសនាដើរចុះឡើងធ្លាក់មកត្រូវអូននៅក្នុងអន្ទាក់របស់បងវិញ តើអូនមានគ្រោងការដ៏ចំលែកអ្វីមួយទៀតទេ ?
នារីញញឹមនឹកថា បងមានន្ទដឹងខ្លួនប្រាកដថា ទុក្ខទោសដែលខ្លួនទទួលទាំងប៉ុន្មាន គឺមាននាងជាមេ។ នាងញញឹមជានិច្ច រួចឆ្លើយថា
ខ្ញុំអាចឆ្លើយជំរាបបងបាន អំពីគ្រោងការទីពីររបស់អូនក្នុងពេលដែលអូនទៅក្នុងក្រញ៉ាំរបស់បងនេះ។ តែមុនបង្អស់ ប្អូនសុំសួរបង តើបងគិតធ្វើអ្វីខ្លះដល់រូបប្អូននេះ?
មានន្ទនៅស្ងៀម គិតស្ទង់រកមើលគំនិតនារី រួចឆ្លើយ
យកប្អូនទៅជំរះខួរក្បាល អោយជ្រះផុតពីគំនិតសុញ ពីគំនិតខ្ញុំគេ ពីគំនិតរំលោភលើគេ រួចធ្វើប្អូនអោយទៅជាស្រីតស៊ូ ដើម្បីជាប្រយោជន៍ជាតិយើង។
នាងមណីសើច
ខ្ញុំស្មានតែបងយកខ្ញុំទៅសំលាប់
នៅទីនេះ គេមិនសំលាប់មនុស្សងាយៗទេ តែគេមិនខ្លាចនឹងសំលាប់មនុស្សទេ។ ដំបូងគេព្យាយាមកែមនុស្សសិន។ បើកែមិនកើតទើបគេសំលាប់ចោលជាក្រោយ។
នារីព្រឺព្រួចក្នុងចិត្ដ ដោយនឹកថាវិធានការនេះសំខាន់ រើមិនរួចមែន តែនាងសើចយ៉ាងរីករាយ
ហាស៎ៗ បងចង់កែមនុស្សអោយយល់ដូចបង រួចអោយធ្វើដូចបង។ ខ្ញុំសុំសួរថា ចុះបើស្អែកព្រឹក រឺ ខានស្អែក ខ្ញុំរត់រួចពីអន្ទាក់របស់បង តើបងកែអី?
មានន្ទសើចម្ដងវិញ
ហ៎ាសៗ អូនភ្លេចថា អូនជាប់ក្នុងកណ្ដាប់ដៃរបស់បងហើយ?
ច៎ាះ! ប្អូនមិនភ្លេចទេ ប្អូនចាំអស់មួយជីវិត តែបងសូមជ្រាបថា "មនុស្សមានជើងសំរាប់ដើរ មានបញ្ញាសំរាប់គិត"។ អាស្រ័យហេតុទាំងពីរយ៉ាងនេះ ប្អូនមុខជារត់រួចពីដៃបងមិនខាន។
មានន្ទសើចក្អាកក្អាយថែមទៀត :
បើប្អូនចង់រត់ បងបើកទ្វារចំហ រួចរត់ទៅចុះហើយបើរត់រួចពីទូកនេះ ក៏សុខចិត្ដខាតខានបានអប់រំនារីខ្មែរម្នាក់ចុះ!
ខ្ញុំជំរាបបងជាមុនថា ប្អូនរត់រួច !
មានន្ទក្រោកដើរទៅជិត ចាប់ដៃនាងមកច្របាច់លេង យកដៃកៀសសក់នាងលេង សើចរួចនិយាយថា
ម្រាមដៃតូចៗ ដូច្នេះចង់រត់ រូបស្ដើងមិនចេះហែលទឹកយ៉ាងនេះចង់រត់ ក្រែងលង់ស្លាប់ទេដឹង?
ច៎ាះ! ខ្ញុំចង់ស្លាប់នឹងមុខបង អោយបងធ្វើបុណ្យខ្ញុំ រួចយំស្ដាយខ្ញុំថែមទៀត
បងមិនស្ដាយមនុស្សក្បត់ទេ!
នារីញញឹមបញ្ចេញធ្មេញយ៉ាងស្រស់។ នាងអៀនអន់បន្តិច ព្រោះប្រុសចាប់ដៃនាង។ នាងនិយាយបែបមែនផង លេងផង
ខ្ញុំសន្យាមុខចង្កៀងថា ខ្ញុំរត់រួច
មើល៍ ! មើល៍ ! រត់យ៉ាងណា ?
អ្នកណាគេប្រាប់បងអោយដឹងនោះ គេរត់ពេលយប់ យប់នេះផងក៏មិនដឹង
ហាសៗ ព្រះអើយ ! ប្អូនចេះហែលទឹកហើយ ?
ស្បថជូនបងចុះ ប្អូនអត់ចេះហែលទេ ដូចបងធ្លាប់ដឹងស្រាប់ ប្អូនខ្លាចទឹកណាស់ តែដល់ពេលរត់ . . . ហ៊ី! មិនប្រាប់បងទេ។
អីលូវប្អូនសួរបងក៏បងឆ្លើយហើយ នៅតែប្អូនទេដែលមិនទាន់ឆ្លើយប្រាប់បងអំពីគ្រោងការរបស់ប្អូនក្នុងពេលជាប់ជុចនេះ
នាងមណីត្រិះរិះមួយស្របក់ សួរវិញថា
អីលូវ បងសួរអំពីគ្រោងការរបស់ខ្ញុំ អីលូវខ្ញុំសុំសួរបងអំពីគ្រោងការរបស់បងវិញដែរ
មានន្ទមើលមុខនាង។ មុខអីក៏ល្អម៉្លេះទេ។ បុរសមើលថ្ងាសនាង ថ្ងាសអីក៏ឆ្លាតម៉្លេះទេ។ អ្នកលូកដៃទៅស្ទាបថ្ងាសនេះអង្អែលលេង ត្បិតអ្នកធ្លាប់តែធ្វើដូច្នោះកាលពីក្មេង រួចនាងធ្លាប់តែបណ្ដោយតែដូច្នោះអែង។
គ្រោងការរបស់បង គឺបង្ហាត់បង្រៀនប្អូនអោយភ្ញាក់ខ្លួនឡើង រួចបើអូនយល់តាមបងហើយ បងនឹងត្រេកអររកអ្វីប្រៀបស្មើគ្មានទេ។ បងនឹងអោយអូនកាន់កាប់ការមួយធំក្នុងការតស៊ូនេះ។ បង និង ជាតិយើងលើកតំកើងអូនអោយផុតអស់នារីទាំងពួង គឺធ្វើយ៉ាងណាអោយតែអូនបានសុខ។ បំបាត់អស់សេចក្ដីទុក្ខណាដែលមកប៉ះទង្គិចដល់អូន គឺសរុបសេចក្ដីបងមានធនធានទ្រព្យសម្បត្ដិទាំងប៉ុន្មាន បងជូនទៅ អូនទាំងអស់។
រួចគឺអ្វីទៀត?
រួចគឺរៀបវិហមង្គលការអូនជាមួយ
ជាមួយ . . . អ្នកណា ?
ជាមួយបុរសម្នាក់ដែលចេះស្រលាញ់អូន ដែលស្គាល់ទុក្ខធុរអូន ដែលមានចិត្ដខ្ពស់ អុត្ដមប្រសើរ ដែលមនុស្សអ្នកផងគោរពស្រលាញ់ដែលពូកែមានថ្វីដៃ
អ្នកណា បុរសនោះ ?
បុរសនោះ គឺប្ដីរបស់អូនយ៉ាងពិតប្រាកដ !
នៅអែណាប្ដីនោះ ?
នៅជិតៗនេះអែង អែចំណែកខាងបង ៗ លាអូនទៅបួសរកសុខមួយទៀត ដែលជា
ទៅបួស ! ទៅបួស ¨. . . ខ្ញុំមិនខ្ចីស្ដាប់គ្រោងការនេះ
នារីមុខឡើងស្លាំង។ នាងចាប់ដៃមានន្ទទៅអោបនឹងដើមទ្រូងនាង។ ពាក្យដែលមានន្ទនិយាយពីដើមមក ធីតាស្មានថាតែមកចប់ត្រឹមរៀបការជាមួយនាង តែអីលូវឃើញថា ជ្រួសហួសទៅទៀត។
មានន្ទសួរនាងថា
ចុះគ្រោងការរបស់អូន ?
គ្រោងការរបស់ខ្ញុំ គឺរត់នោះអែង!
មានន្ទសើច ប្រះខ្លួនដេកលើពូករបស់នាងគ្រេង ក្រពាត់ដៃទាំងពីរទៅក្រោយក្បាល សំលឹងមើលមុខនាងដែលអួតតែអំពីរត់ ធីតាសើចមើលមុខបុរសវិញ។
មានន្ទនិយាយថា
អូនរត់មិនបានទេ។ ស្អែកព្រឹក អូនអាងកន្លែងមួយដែលមានពួករាជការយាម កាលណាទូកទៅដល់ទីនោះ ពួកតំរួតចេញមកឆែកឆេរទូក។ ហាសៗ! រួចអូនបញ្ជាអោយតំរួតចាប់បងវិញ។ អី! ល្អមែនគ្រោងការនេះ។
នាងកែវមណីឡើងស្លាំងបបូរ។ មានន្ទអីក៏ដឹងចិត្ដនាងម៉្លេះ? អោ! អស់ហើយ គ្រោងការសំងាត់របស់នាង។ ធីតាឃើញជាក់ជារត់មិនរួចជាដាច់ខាត។
ច៎ាះ ! ដល់កន្លែងនោះ អូនហៅតំរួតអោយជួយជាធម្មតាទេ ព្រោះបងចាប់អូន។ តើបងឆ្លើយម៉េចទៅ?
មុនដល់កន្លែងនោះ បងអោយអូនលេបថ្នាំងងុយដេក អោយអូនគេងអោយលក់ រួចបងកំហែងពួកតំរួតថា កុំអោយលឺមាត់អម្ចាស់ពួកអ្នកនាងដេកលក់។ ព្រះនាងត្រូវការទៅទល់ដែន ទៅរកមហាចោរ។ អូនឃើញទេ ឆ្លើយយ៉ាងនេះអូនទៅណារួច ?
ច៎ាះ ! ច៎ាះ ! អូនគិតបែបនោះមែន !
ថាហើយ នាងប្រះខ្លួនទន្ទឹមនឹងមានន្ទ រួចអោបបុរសយ៉ាងតឹងនិយាយតទៅទៀតថា
បងប្រាជ្ញាមែន តែចាំមើលអូនរត់អោយរួចពីកណ្ដាប់ដៃមហាចោរកំណាច
មានន្ទសើច រួចក្រោកអង្គុយ អុចបារីមួយទៀត បង្ហុយផ្សែងធ្លោម។ ធីតាក្រោកតាម អង្គុយប្រកៀកជាប់នឹងមានន្ទ។ នាងនិយាយថា
ក្នុងជាតិនេះ ប្អូននៅតែស្រលាញ់ "មហាចោរ " តែមួយនេះដែលប្លន់នគរ ដែលជួយជាតិ ដែលដោះទុក្ខប្រជាជន តែប្អូនមិនចង់បានយកធ្វើជាប្ដីទេ ព្រោះចិត្ដគេខ្ពស់ណាស់ ប្អូនឈោងមិនដល់ ធ្វើមិនដូច តាមមិនទាន់
មានន្ទអោបនាងលើកស្រីបីត្រកង រួចដាក់បណ្ដោយទៅលើគ្រែ
គេងចុះអូន បងលាហើយ
អញ្ជើញ អូ ! ឈប់សិន . . .
នាងស្ទុះក្រោកឡើង ស្ទុះលោតពីគ្រែទៅអោបក្រញីមានន្ទដែលញញឹមជានិច្ច រួចនាងផ្ដួលខ្លួនលើកដៃជាសញ្ញាលាគ្នា រួចបិទភ្នែក។ មានន្ទថយខ្លួនមួយៗ ចេញពីធីតា រួចនិយាយជាចុងបង្ហើយថា
បងទុកទ្វារចំហអោយអូនរត់តាមខ្យល់ទៅចុះ
នាងមណីលើកដៃ មានន្ទលើកដៃ រួចជនទាំងពីរក៏បែកគ្នាទៅ។
រាត្រីស្ងាត់ ! មេឃខៀវស្រងាត់ ! ផ្កាយព្រោងព្រាត ! មហាចោរដេកសំលឹងផ្កាយលើដំបូលទូក រួចលង់លក់បាត់ដូចគល់ឈើមួយដុំ។
នាងមណីពុំគេងទេ។ ធីតាលបស្ដាប់នាយអាយ គ្មានលឺសូរក្រៅពីដង្ហើមជនអ្នកដេកលក់នោះប៉ុណ្ណោះ។ កញ្ញាខ្មួលខ្មាញ់ រួចរីករាយក្នុងចិត្ដអនេក។ នាងដើរលបៗ លើកជើងឡើងលើក្ដងទូកខាងក្រោម។ នាយបំរុងដែលកំពុងអង្គុយកាច់ចង្កូត ងោកផ្ងក់ភ្ញាក់ដូចគេកន្ទ្រាក់ ហៀបស្រែក តែម្រាមដៃដ៏ទន់ភ្លន់របស់ព្រះនាងខត្ដិយាណីខ្ទប់បបូរមាត់ដែលហៀប នឹង ស្រែកឡើងនេះជាប់។ បុរសភ័យក្ដុកៗ ដកដង្ហើមធុំក្លិនក្រអូបសាយពីម្រាមដៃដ៏តូចច្រលឹងនេះ។ ទ្រូងអ្នកញ័ររន្ធត់ ស្ទើរធ្លាយជាពីរបី។ ញើសស្អិតៗ បែកសាយពីខ្នងអ្នកទាំងក្នុងរាត្រីដ៏ត្រជាក់នេះ។
ព្រះនាងឈរច្រត់កែងដៃ ផ្ទេរខ្លួនយ៉ាងទន់ភ្លន់ទៅជិតត្រចៀកបំរុងខ្សឹបសថា
កុំអោយបងនិយាយខ្លាំងអី !
អូយ! ពាក្យបង . . . បង . . . បងមួយមាត់នេះ ថ្មីអ្វីក៏ថ្មីម៉្លេះ?។ ពាក្យនេះមានទំងន់ប៉ុនភ្នំព្រះសុមេរុមកលើចិត្ដកំលោះ។ បើកាត់ជាតំលៃ ពាក្យនេះថ្លៃរាប់កោដិរៀល។ អស្ចារ្យមែន ! លោតែនាងហៅមានពយើងបង បង . . .។ ពាក្យមួយម៉ាត់នេះ លឺសូរពីររយដង ក្នុងមនោសញ្ចេតនាអ្នកកាច់ចង្កូតយើង។ បុរសហាក់ឃើញថា រូបអ្នកថ្លៃផុតអស់ប្រុសអែទៀត។ ត្បិតធីតាមួយក៏ល្អផុតអស់នារីមកសុំខ្លួន នៅពីក្រោមអ្នក។ អោ! សំណាងអីក៏ម៉្លេះ! កុំពុងភ្លឹកក្នុងការងងុយ ព្រះអាទិត្យមួយរះឡើងបំភ្លឺព្រលឹងមានព អោយរីករាយឡើងនឹងតណ្ហា ដែលហូរគំហុកយ៉ាងខ្លាំង ស្ទើរភ្លេចអស់ករណីយកិច្ចដែលកំពុងធ្វើ។
ខ្វះការអប់រំដូចអ្នកតស៊ូអែទៀតមាននាយកោប មហាកាល វីរៈ អារុណជាដើម មនោគតិរបស់នាយបំរុង ជ្រុលយ៉ាងលឿនគ្មានអ្វីទប់ឡើយ។ បុរសក្រលេកមើលនាយអាយ សំលឹងមើលទៅអ្នកទូកទាំងអស់ឃើញលក់ស្កប់ស្កល់។ ជយោ ! ពេលវេលាក៏ចេះជួយសេចក្ដី ស្នេហារវាងជនកំសត់ម្នាក់ជាមួយព្រះនាងខត្ដិយាណីមួយអង្គដែរ។ នាយបំរុងត្រិះរិះថា «អីលូវហៅអញបង តើអញហ៊ានហៅគេអូន រឺទេ? ទេ! ទេ! មិនសមទេអែងជារាស្ត្រសាមញ្ញនេះ គេជាស្ដេច ! អោ! ឃើញខុសគ្នាឆ្ងាយណាស់» អភ័ពពូជជញ្ជាំងវណ្ណៈ។ បុរសប្រឹងទប់ចិត្ដដែលបុកជ្រួលឡើងយ៉ាងខ្លាំងដោយដាច់ចិត្ដខ្សឹបតបវិញថា
អី ព្រះនាងមិនទាន់ផ្ទុំទេ ?
នារីញញឹមយ៉ាងត្រជាក់ដល់បណ្ដូលចិត្ដថា
ច៎ាះ! ខ្ញុំមិនទាន់ទទួលទានដំនេកទេ ខ្ញុំអផ្សុកណាស់
ខាងក្នុងក្ដៅណាស់ទៅ រឺអី ?
ច៎ាះ ! ក្ដៅណាស់រកខ្យល់បន្ដិចគ្មានទេ ។ ខ្ញុំសុំមកឈរជិតបងលេងផងបានទេ ?
បាទ ! បាន មានអីទាន តែប្រុងប្រយ័ត្នក្រែងលោកគ្រូឃើញ
សំលេងធីតាយ៉ាងគ្រលួច រឹតតែពិរោះឆ្លើយឡើងថា
មិនអីទេ ! បើបងខ្ញុំភ្ញាក់ ខ្ញុំរត់ទៅវិញភ្លាម ខ្ញុំមិនអោយបងព្រួយទេ
ជនទាំងពីរក៏នៅស្ងៀម ហាក់អស់សំដីនិយាយគ្នា។ នាងមណីរិះរករឿងនិយាយទៀតថា
យី ! ខ្យល់ខាងក្រៅរហើយត្រជាក់ស្រួលណាស់ហ្ន៎
ខ្ញុំរងារណាស់ អ្នកនាងមិនរងាទេរឺ ?
ច៎ាះ ! អីលូវរងារដែរ
ពាក្យនេះ ធ្វើអោយទឹកចិត្ដបុរសកំលោះឡើងប៉ើតប៉ោងរឹតតែខ្លាំងជាងមុនទៀត។ បុរសជឿជាក់ថា ល្ងាចកំសត់នេះជាល្ងាចពិសេសដែលអ្នកជាមនុស្សទន់ខ្សោយបានស្នេហាស្រ្ដីម្នាក់ដ៏ខ្ពង់ខ្ពស់បំផុត។ បុរសលួចញញឹមសង្ឃឹមទុកថា ចំណងស្នេហារបស់អ្នក មុខជាបានសំរេចក្នុងពេលដ៏ចន្លោះនេះមិនខាន។ ធីតាសួរធ្វើរាយមាយថា
យើងមកដល់ណាហើយបង ?
បាទ ! មកដល់ . . . ជាងពាក់កណ្ដាលផ្លូវហើយ
ភូមិនេះឈ្មោះអី ?
បាទ!. ភូមិក្រោម
បងស្គាល់កន្លែងទាំងនេះទេ ?
បុរសឡើងជោរនិយាយដោយរួសរាន់ថា
អោ! ទីនេះខ្ញុំស្គាល់ដូចស្គាល់ហោប៉ៅខ្ញុំដូច្នោះអែង។ ខ្ញុំធ្លាប់រកទទួលទានតាំងពីក្មេងៗមករហូតដល់ថ្ងៃនេះ។ ខ្ញុំធ្លាប់ស្គាល់ផ្លូវរទេះ ផ្លូវជើង ផ្លូវព្រៃ ផ្លូវវាល។
បើពេលយប់ បងដើរវង្វេងទេ ?
វង្វេងអែណាកើត ចង់ខ្ញុំដើរធ្មេចភ្នែកក៏រកផ្លូវឃើញដែរ
ស្រួលណាស់បង យើងកើតមកជាខ្មែរ ត្រូវតែស្គាល់យ៉ាងហោចណាស់ ក៏ស្គាល់ស្រុកទេសយើងអោយជាក់លាក់ដែរ ស្គាល់យ៉ាងនេះនាំអោយស្រួល តែធម្មតាបងមើលផ្កាយ រឺ បានជាមិនវង្វេង?
ទេ! ទេ! ទេ! ខ្មែរគ្មានអ្នកណាមើលផ្កាយទេ យើងចំណាំដើមឈើតែម្ដង។ យើងដែលធ្លាប់ដើររាល់ថ្ងៃទៅ យើងស្គាល់រហូតដល់ទៅស្មៅគ្រប់គុម្ពទៀតផង

នាងមណីនឹកថា ប្រុសដែលក្រ ស្រួលបញ្ឆោតមែន គ្រាន់តែឃើញយើងមានរូបល្អមកនិយាយផង គ្នាឆោតប្រាប់កិច្ចការអស់។ អីលូវ នាងដឹងថា បុរសនេះអាចមានប្រយោជន៍ដល់គ្រោងការរបស់នាងដែលចង់រត់។ នាងបានដឹងហើយថា "បុរសនេះស្គាល់អស់ផ្លូវ"។ នាងរិះរកមធ្យោបាយសួរនែនាំអោយអាមនុស្សឆោត ដែលឃើញគេជាក្សត្រីយ៍ខ្លាច ធ្វើយ៉ាណាកុំអោយវាសង្ស័យបាន ឡើយ។ នាងសួរទៀតថា
បងអែងចេះហែលទឹកទេ ?
អូ ! ខ្ញុំពីរឿងទឹកនោះចេះដូចត្រី។ ខ្ញុំធ្លាប់រកស៊ីជើងទឹករាប់ឆ្នាំមកហើយ ខ្ញុំរស់នៅតែនឹងទូក
បង! ខ្ញុំស្ដាយណាស់ជាតិនេះ ខ្ញុំមិនចេះហែលទឹក នឹងគេសោះ។ កាលណាខ្ញុំឃើញគេហែល ខ្ញុំចង់ហែលនឹងគេក្រៃណាចង់
មានពិបាកអីអ្នកនាង។ បើភ័ព្វសំណាងខ្ញុំមាន ថ្ងៃណាមួយខ្ញុំបង្ហាត់អ្នកនាងអោយហែល ខ្ញុំបង្ហាត់តែមួយភ្លែតទេ អ្នកនាងមុខជាចេះហែលមិនខាន
បុរសនឹកថា ល្បងលូកសំដីរកនាងបន្ដិច តើនាងយល់យ៉ាងណា។ នារីលឺឃ្លានេះហើយ ឈប់មិនទាន់ឆ្លើយភ្លាមទេ តែនាងញញឹមថា បុរសចូលក្នុងអន្ទាក់នាងជាប្រាកដ។ បុរសចាំសំដីនាងយ៉ាងថប់ដង្ហើម ទើបលឺសំដីក្រោយនេះថា
ច៎ាះ បើបងអ្នកចេះបង្ហាត់ ខ្ញុំសប្បាយចិត្ដណាស់។ ខ្ញុំក៏សង្ឃឹមថា ក្នុងពេលឆាប់ៗនេះ ខ្ញុំមុខជាបានបងបង្ហាត់ខ្ញុំមិនខាន។ បំរុងទោរទន់ក្នុងចិត្ដយ៉ាងក្រៃពេក នឹងពាក្យចំលើយនេះ។ សេចក្ដីស្នេហាក៏ពេញពោរជោរឡើងដូចទឹក។
នាងមណីលូកដៃ របស់នាងទៅកាន់ស្មាបុរសដែលរឹតតែអោយប្រុសកំលោះញ័ររន្ធត់ជាងមុនទៀត។ អ្នកចាប់ម្រាមដៃនេះក្ដាប់ច្របាច់អិតបង្អង់ឡើយ។ អ្នកនិយាយផ្លាស់សំលេងញ័រៗថា
អូ . . . អូន . . . សូមទោស . . . កុំប្រកាន់ . .
ធីតាតបយ៉ាងផ្អែមត្រជាក់ចិត្ដថា
ច៎ាះ ! ច៎ាះ ! ប្អូនចង់ចេះហែលទឹកណាស់
បំរុងបញ្ជាក់នាងដោយរឹតតែច្របាច់ដៃនេះខ្លាំងឡើងទៀត រួចថា
បាទ ! អូនកុំព្រួយអោយសោះ អូនមុខជាចេះហែលមិនខាន។ តែកុំនិយាយពីរឿងនេះអី ព្រោះជារឿងងាយណាស់
និយាយរឿងអីវិញ ?
បំរុងនៅធ្មឹងដូចរូបអ្នកតា អ្នកពុំដឹងឆ្លើយយ៉ាងណាទេ។ នឹងនិយាយស្រលាញ់នាងភ្លាម វារឹងមាត់ពេក រួចម្យ៉ាងទៀតខ្លាចនាងផង នឹងនិយាយពីរឿងអ្វីទៅទៀត វាខាតពេលណាស់។ អ្នកអង្អែលម្រាមដៃស្រីអោនថើបម្រាមទាំងប្រាំនេះជាសញ្ញាចំលើយរបស់អ្នក។ នារីញញឹមកាន់តែស្និទ្ធ នឹងបុរសជាងមុនបន្ដិចទៅទៀត។
ច៎ាះ បង! លាក់បាំងអ្វី . . . ហ៊ីខ្ញុំអៀនមាត់ណាស់
បាទ !. . . បាទ ! ខ្ញុំក៏អៀនដែរ . . បាទខ្ញុំអៀនជាងអូន ព្រោះខ្ញុំជារាស្រ្ដ អ្នកក្រ ត្រកូលទាប អូនជាក្សត្រីយ៍ អ្នកខ្ពង់ខ្ពស់!
ទេ ! ទេ! កុំបងមានប្រសាសន៍ដូច្នោះ ខ្ញុំអាណិតបងណាស់
អូ ! អូនគ្រាន់តែអាណិតទេ ?
ច៎ាះ ! អណិត រួច . . . រួច . . ស្រ . . . លាញ់ផង
បំរុងទាញដៃនាងទាំងស្រុងមកអោបរួបរិតនឹងថ្ពាល់អ្នកជាសញ្ញា បង្ហាញចិត្តអ្នក។ នាងមណីគីតថាត្រូវធ្វើជាអៀនអន់បន្ដិចកុំខាន ដើម្បីប្រុសនេះជឿចិត្ដនាង។
បាទ! អោព្រះម្ចាស់អើយ! ថ្ងៃនេះខ្ញុំហាក់បានរស់ជាថ្មីម្ដងទៀតខ្ញុំសប្បាយចិត្ដណាស់ ព្រោះខ្ញុំទើបមកពើបពះប្រទះស្រីមួយដែលល្អគ្មានពីរលើលោកនេះ
បាទអូនល្អមែន ល្អ . . . ល្អ . . . ។ តែបើអូនមិនស្រលាញ់ខ្ញុំវិញទេ ខ្ញុំមុខជាស្លាប់ខ្លួនមិនខាន . . . អូនស្រលាញ់ខ្ញុំវិញទេ ?
ស្រលាញ់
ហេតុម៉េចក៏អូនស្រលាញ់ខ្ញុំ រួចហេតុម្ដេចក៏អូនមិនស្រលាញ់អ្នកមានបុណ្យសក្ដិខ្ពស់ៗទៅ ?
ព្រោះប្រហែលវាសនាយើង។ ខ្ញុំស្រលាញ់អ្នកមានបុណ្យសក្ដិម្ដេចកើត? បើគេនោះ ច្រើនតែមានប្រពន្ធរាប់រយ ផឹកស្រា លេងបៀ ហ៊ីយ៉ាប់ណាស់ ប្រុសអ្នកធំ។ អោ! មែនអូនស្រលាញ់បង ព្រោះវាសនានាំអោយយើងមកជួយគ្នាក្នុងពេលរាត្រីស្ងាត់ ដែលមានខ្យល់ត្រជាក់ គឺកាល និង ពេលនេះហើយដែលពុំអាចទប់ចិត្ដស្រីអោយមានមានៈមិនស្រលាញ់នោះ។
ប្អូនសូមនិយាយពីចិត្ដស្រីតាមកាលនេះបន្ដិចចុះ ៖
ក្នុងពេលថ្ងៃ ចិត្ដស្រីប្រកាន់ថា មិនស្រលាញ់នឹងប្រុសណាជាដាច់ខាត។ រួចបើស្រលាញ់តោងស្រលាញ់តាម (ត្រង់នេះរហែកបាត់ ) បើប្រុសនោះគ្មានបុណ្យសក្ដិ គ្មានទ្រព្យធនធាន គ្មានអុត្ដមគតិខ្ពង់ខ្ពស់ទេ ស្រីយើងមិនស្រលាញ់ជាដាចខាត។ ដល់ថ្ងៃល្ងាចចិត្ដស្រីប្រែបន្ដិចទៅវិញ គឺថាត្រូវបង្ហាញខ្លួនអោយគេអែងឃើញផង។ បើគេឃើញ រួចគេស្រលាញ់យើង គេសាកសួរយើងតាមច្បាប់ក៏គួរយកទៅ។ ពេលយប់ស្រីៗ គិតធូរបន្ដិចទៅទៀតថា កុំប្រកាន់យកតែប្រុសមានបុណ្យសក្ដិ មានរិកពារខ្ពង់ខ្ពស់នោះពេក ល្មមៗ យកទៅបានហើយ។ ពេលយប់ជ្រៅស្រីៗនឹកថា មិនចាំបាច់រូបប្រុសស្អាតប៉ុន្មានក៏យកែដរ។ ពេលពោក់កណ្ដាលអធ្រាត្រយប់ស្ងាត់ខ្យល់ត្រជាក់ព្រឺខ្លួន ចិត្ដស្រីក្រលាស់រលីង គិតថាទោះយ៉ាងណាក៏យកដែរ មិនបាច់រូបល្អ មិនបាច់បុណ្យសក្ដិ មិនបាច់ទ្រព្យធន មិនចាច់ចិត្ដខ្ពស់ទេ អោយតែបានគ្នាទៅចាំកាច់ទំរង់ចិត្ដប្ដីនោះអោយបានដូចបំណងដើមវិញ។
អោ! ពេលនេះជាពេលអធ្រាត្រ ប្អូនមានភ័ព្វបានមកជួបនឹងបង ប្អូនក៏ដូចស្រីអែទៀត ក៏ប្រថុយស្រលាញ់បងទៅចុះ។ តែ. . តែអោ! ចិត្ដស្រី. . . ចិត្ដស្រីកាលណាបានស្រលាញ់អ្នកណាមួយហើយ ចិត្ដស្រីអិតកែប្រែទៀតបានឡើយ។ បង! ចិត្ដស្រីផ្កាប់មុខស្រលាញ់តែមួយរហូតមួយជីវិត។
បំរុងសើចយកដៃច្បិចចង្កាធីតាដែលយកដៃរងធ្វើដូចជាខ្មាសអៀនពេក
អញ្ជើញអូនឡើងមកលើមក អង្គុយអោយបានជិតគ្នាទៅទៀត
ច៎ាះ ! ទេ ប៉ុណ្ណេះបានហើយ។ តែអីលូវ ប្អូនស្រលាញ់បងហើយតើបងហ៊ានស៊ូប្ដូរជីវិតនឹងប្អូនរឺទេ?
បំរុងថើបម្រាមដៃនាងយ៉ាងខ្លាំង
ហ៊ាន ! ហ៊ានប្ដូរស្លាប់ប្ដូររស់ ប្អូនមានទុក្ខអ្វីបងហ៊ានទាំងអស់
បងហ៊ានស្បថជូនអូនទេ ?
ហ៊ាន ! បងសូមស្បថជូនប្អូនទាំងអស់
ធីតានិយាយទាំងស្រងូតស្រងាត់ទៅទៀតថា
ប្អូនមានសេចក្ដីត្រេកអរនឹងបងណាស់។ ដូងបងជ្រាបស្រាប់ ក្នុងពេលនេះ ប្អូនកំពុងទុក្ខខ្លាំងណាស់
បំរុងកាត់ថា
ទុក្ខអី ?
ច៎ាះ ! ទុក្ខប្អូន គឺទុក្ខចង់បានបងជាប្ដីអោយបានឆាប់
បំរុងត្រេកអរនឹងសំដីនេះយ៉ាងក្រៃអនេក ពាក្យនេះនាងទៅមុខឆ្ងាយអិតបង្អង់ ដើម្បីអោយប្រុសជាសង្សារថ្មីជឿចិត្ដនាង។ កល្យាណបន្ដពំនោលទៅទៀតថា
ច៎ាះ ! ប្អូនចង់ជួបនឹងបងណាស់ ដើម្បីអោយបានរួមដំណេក រួមមេត្រី រួមពាក្យសំដី រួមរូបកាយជាមួយតែនឹងបងមួយ។ អោ!....ប្អូនព្រួយខ្លាចក្រែងយូរទៅបងណាយរសាយចិត្ដចោលប្អូនអោយនៅអែកកាម្នាក់អែង គឺថាបងទៅស្រលាញ់គេអែទៀត ភ្លេចនឹកនាដល់ប្អូនដែលបានបោះពួយចិត្ដស្រលាញ់បងទាំងស្រុង គ្មានសល់ត្រង់ណាសោះ។ និយាយយ៉ាងនេះប្អូនព្រួយណាស់។
នាយបំរុងលួងលោមវរលក្ខណ៍ថា
អូនកុំព្រួយ កុំថប់ កុំបារម្ភអោយសោះ បងមិនធ្វើដូច្នោះទេ មានទេវតាជាប្រធានសាក្សី។ បើបងមានចិត្ដដូច្នោះមែន សូម អោយបងស្លាប់តែនឹងអាវុធគេ។ តែបើអូនគិតថា ចង់ជួបនឹងបងឆាប់ៗនោះ បងក៏គិតដូច្នោះដែរ គឺបងខ្លាចអូនណាយរសាយចិត្ដចោលបងដែរ ព្រោះបងជាអ្នកខ្សត់ខ្សោយ អូនជាអ្នកមានភោគសម្បត្ដិ បងជារាស្ត្រ ប្អូនជាស្ដេច
ព្រះនាងមណីគ្រវីក្បាល ធ្វើដូចឆ្ងល់ថា
បើដូច្នោះ ធ្វើម្ដេចអោយយើងបានជួបគ្នាឆាប់បាន? បង! អោ យើងជួបគ្នាបាននោះ ទាល់តែដល់ពេលប្អូនរួចពីឃុំឃាំងនេះ។ ហ៊ី! រួចពីឃុំឃាំងយ៉ាងណា មិនដឹងឆ្នាំណា ពេលណា វេលាណាទេ។ ប្អូនមុខតែស្លាប់ខ្លួនព្រោះតែសេចក្ដីស្នេហារបស់យើងមិនខាន។
នាយបំរុងលឺដូច្នោះព្រឺខ្លួនខ្ញាកៗ គិតយ៉ាងយូរ អេះក្បាលតឹងទ្រូងពេក ដោយរកផ្លូវដោះស្រាយមិនឃើញ។ អ្នកសួរនាងថា
បើដូច្នោះ យើងត្រូវធ្វើយ៉ាងណា ដើម្បីអោយបានជួបគ្នាឆាប់ៗ?
នាងមណីត្រេកអរពន់ពេក ។ នាងមានគ្រោងការនិយាយស្រេច។ នាងនិយាយថា
បើបងគិតតាមផ្លូវក្នុងរវាងបីថ្ងៃទេ យើងបានជួបគ្នាជាប្ដីប្រពន្ធមិនខាន
បំរុងនិយាយលាន់មាត់ថា
ធ្វើយ៉ាងណា ?
ច៎ាះ ! តាមប្អូន គឺបីថ្ងៃទៀត យើងរៀបការគ្នាទៅឯប្រាសាទព្រះកំពុត ! !
បំរុងឆ្លើយកាត់ថា
ឯប្រាសាទព្រះកំពុត?
យើងរត់ទៅ !
ត្រេកអរ ស្ទើរភ្លូកអស់ភពផែនដី បំរុងកោតសរសើរផែនការនេះក្រៃពេក
បាទ ! មែនៗ យើងរត់ទៅ ។ តែរត់យ៉ាងណា?
បងចេះហែលទឹកស្រាប់ បងបីប្អូនហែលដល់គោក។ បងស្គាល់ភូមិភាគស្រាប់ បងនាំប្អូនទៅឯប្រាសាទ ព្រះកំពុតជាការស្រេចបាត់ទៅហើយ។
មែន! មែន! អូន . . . អូន . . . យើងមុខជាបានជួបគ្នាមិនខាន។ តែអូន បងអាណិតដល់លោកគ្រូណាស់ គាត់ស្មោះត្រង់ នឹង ជាតិ គាត់សុខចិត្ដលំបាកវេទនាព្រោះជាតិ គាត់លះបង់អស់បុណ្យសក្ដិដើម្បីធ្វើតាមពាក្យវិសេសក្លាហាន គាត់មានចិត្ដថ្លៃថ្នូរ មិនគួរបងក្បត់គាត់សោះ។
នាងមណីខាំមាត់សង្កត់ពាក្យថា
យ៉ាងហ្នឹង រឺ ដែលហៅថាស្រលាញ់ខ្ញុំ។ អីលូវយើងស្រលាញ់ រឺ មួយយើងបែកគ្នា? ប្អូនមិនខ្លាចនឹងបែកទេ ព្រោះប្អូនក៏ពុំទាន់បានធ្លោយប្រាណលើរូបបង។ គិតអោយមែនទែនទៅមើល ?
នាយបំរុងសើច និយាយអង្វរថា
អីលូវថាបើយើងនាំគ្នាទៅដល់ប្រាសាទព្រះកំពុតហើយ តើអូនធ្វើយ៉ាងណា ទើបព្រះកំពុតយល់ព្រមអោយឃើងបានគ្នាជាប្ដីប្រពន្ធ?
ការនេះស្រេចលើខ្ញុំ បងមានគុណដល់ទៅជួយយោងជីវិតខ្ញុំហើយណា ក៏ព្រះកំពុតមិនយល់ព្រមទៀតនោះ។ បង! បង! ទៅៗ យើងនាំគ្នាលោតទឹកទៅ ឆាប់ឡើងក្រែងដល់ពេលគេមកផ្លាស់បងទៅ
ទៅ !
ទឹកកួចទូករ៉េវចុះឡើង។ បំរុងចាប់ដៃនាងមណីក្រោកឈរឡើង។ នាយកោបស្ងាបហ៊មៗ ខាងមុខទូក។ ជនទាំងពីរអោនចុះ នាយកោបក្រោកអង្គុយខ្ពុរមាត់លឺរ៉ូៗ។ ព្រះនាងថយក្រាក។ បំរុងអង្គុយកន្លែងដដែលដូចដើម។ នាយកោបដើរតេលតោលទៅលុបមុខទៀត។ ព្រះនាងអោនក្បាលរត់ចូលក្នុងបន្ទប់វិញទៅប្រះខ្លួនលើពូកដដែលក្នុងងងឹតដដែល ជុំវិញជញ្ជាំងទាំងបួនដដែល។
គឺនាយកោបដល់វេនកាច់ចង្កូតហើយ។ ក្រោយមកព្រះនាងលឺសូរនាយកោប និងបំរុងនិយាយគ្នារអ៊ូៗអំពីសង្រ្គាមម្សិល។ ជនទាំងពី អុជថ្នាំជក់មួយស្របក់ ទើបលឺសូរជើងបំរុងទៅកាន់ដំណេក។ នាយកោបកាច់ចង្កូតយ៉ាងសង្ហា។
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ