រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ
ភាគទី១៨៖ ស្កើងត្រង់ណា
ទឹកស្ទឹងសិរីសោភ័ណហូរវឹងអិតស្រាកស្រាន នាំគល់ឈើពណ៌ខ្មៅដែលមានរិសបះច្រងាង គួរអោយសំបើមក្នុងដួងចិត្ដ និង កំទេចកំនាត់ឈើតូចតាចពាសពេញគង្គា។ ខាងកើតរង្វង់ព្រះសុរិយាមូលក្រលង់ប៉ុនចង្អេរ លេចឡើងសន្សឹមៗ ពណ៌ក្រហមឆ្អិនឆ្អៅសាច់មួយ។ ក្អែកទាំងឡាយហិចហើរឆៀងឆាប ស្រែកយំគំនាប់ព្រះសុរិយាពេលព្រឹក ដែលត្រជាក់ដល់ដួងចិត្ដមនុស្សលោក។ ពពក ស ក្រហម ខៀវ វាសផ្ទៃគំនូរមួយដ៏ល្អឆើតឆាយរកសិល្បករណាមួយគូរអោយបានដូចផងពុំបាន។ ផ្ទៃមេឃបៃតងស្អាប់ លាតសន្ធឹងដ៏ធំទូលាយបីដូចស្អាប់ដ៏ធំទូលាយដូច្នោះដែរ។ ទូកមានន្ទកំពុងឆ្លងកាត់ធម្មជាតិដ៏ចំលែកនេះ។

តាមមាត់បង្អួចទូកនេះ ព្រះនាងមណីអង្គុយសំលឹង ធម្មជាតិយ៉ាងស្រងូតស្រងាត់ ធីតាស្រលាញ់ធម្មជាតិពេលព្រឹកនេះជាពន់ពេក។ តែអានាគតរបស់នាងគ្មានរស្មីសប្បាយដូចធម្មជាតិឡើយ។ សន្ដានចិត្ដខ្លោចផ្សា ស្ដាយ ភ័យ ព្រួយ ខ្លាចខានបានឃើញធម្មជាតិដ៏ត្រចះត្រចង់នេះដែលបានឆ្លងកាត់រូបស្រី។ នាងសួរថា "អញត្រូវស្លាប់ពេលនេះហើយរឺអី? នឹងពឹង ពឹងទៅទេវតា រកទេវតាមិនឃើញ។ នឹងទីពឹងលើបុណ្យព្រេងពីនាយ មិនដឹងជាជាតិមុនបានធ្វើយ៉ាងណា មិនអាចទុកចិត្ដបាន នឹងទីពឹងលើមនុស្ស លើទូកទាំងអស់សុទ្ធតែខ្មាំង។ នឹងទីពឹងលើនាយបំរុង ប្រុសនេះខ្សោយណាស់គ្មានអំណាចអ្វីទេ។ នឹងទីពឹងលើខ្លួនអែងៗ ជាប់គុកគេទៅហើយ។ នឹងទីពឹងលើល្បិចតំរេះខ្លួន មានន្ទជាបងដឹងអស់គ្មានសល់ ថែមទាំងធ្វើរិកខែងមកបើកចំហអោយរត់ថែមទៀត។ ព្រះនាងប្រះខ្លួនប្រូសទៅលើពូក។ ស្រីនឹកជាចុងក្រោយបង្អស់ថា "ណ្ហើយតាមដំណើរទៅចុះ គឺថាតាមយថាកម្មទៅចុះ"។ បើវាសនា ត្រូវស្លាប់ក៏ស្លាប់ បើថាត្រូវរស់ក៏រស់។ បន្ដិចស្រាប់តែនាងឃើញមានន្ទសំរូតខ្លួនចុះតាមបង្អួចមក។ មានន្ទសើចដាក់នាងយ៉ាងរីករាយ ធីតាធ្វើមិនឃើញ នៅស្ងៀមធ្មឹងដដែលមានន្ទលោតឆ្ដុបមកលើក្ដារ ច្រត់ដៃលើចង្កេះយ៉ាងសង្ហា។ នាងនៅស្ងៀមដដែល។ មានន្ទនិយាយទៀតថា:
អូនគេងស្រួលទេយប់មិញ ?
ព្រះនាងមណីពេបមាត់ ឆ្លើយថា
គ្មានដែលស្រួលទេ មនុស្សជាប់គុកនោះ !
មានន្ទញាក់ភ្នែកអុជបារីមួយជក់ផ្សែងហុយទ្រលោម
មើលចុះតើខ្វះអ្វី ? ពូកក៏មាន ខ្យល់ក៏មាន ចង្កៀងក៏មាន ម្ដេចមិនស្រួលទៀត?
ព្រោះទីនេះជាគុក !
មានន្ទសើចក្អាកក្អាយ
គុករបស់បងមិនដូចគុករបស់អូនទេ
ធីតាកាត់យ៉ាងរហ័សថា
ខុសត្រង់ណា ?
មានន្ទនិយាយមួយៗថា
គុករបស់អូនជាឋាននរក ដែលមនុស្សជាប់ខ្នោះ ជាប់ច្រវាក់ ដេកលើដីដូចឆ្កែ ហាលខ្យល់រងារដូចជ្រូក ធ្វើការធ្ងន់ៗដូចគោត្រូវគេវាយបង្ខំ វាយដំដូចសត្វ ស៊ីបាយដូចសត្វ អែគុករបស់បង ជាគុកសំរាប់កែមនុស្សអោយចេះគិត អោយចេះធ្វើការ អោយស្រលាញ់ការ . . . បងស្គាល់គុកអូន ព្រោះអូនបានយកបងទៅដាក់គុក!។
ព្រះនាងមណីភ្ញាក់ព្រើតនឹងសំដីនេះ។ បបូរមាត់នាងឡើងស្លាំង ព្រោះនាងយល់ថា "មានន្ទដឹងថា គឺនាងនេះហើយដែលធ្វើបាបខ្លួន"។ នាងភ័យដោយមិនដឹងជាមានន្ទសងសឹកបែបណាវិញទេ។ នាងខ្មាស ព្រោះនាងជាស្រីមិនគួរមានចិត្ដអាក្រក់ដល់ម៉្លោះ។ តែធីតាខំប្រឹងធ្វើទឹកមុខដើម្បីកុំអោយបុរសដឹងថា នាងគិតយ៉ាងណាឡើយ។ អែមានន្ទក៏និយាយធ្វើព្រងើយអិតលួចមើលទឹកមុខនាងឡើយ ដោយមកអង្គុយនៅលើពូកចុងជើងនាង។ បុរសបន្ដវាចាទៀតថា
តែទោះគុករបស់បងស្រួលក៏ដោយ ក៏សូមអូនកុំខឹង។ មិនតែប៉ុណ្ណោះត្រូវអូនដឹងថា "កង់ត្រាចកង់ធ្នង់ " "ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចច្រមោចស៊ីត្រី"។
យី! គិតទៅបុរាណមានប្រាជ្ញាមែន ចេះនិយាយសមហើយត្រូវផងហ៎្ន! អូនឃើញទេ? ហេតុអ្វីអូនក៏ត្រូវធ្វើល្អ បងក៏ត្រូវធ្វើល្អ នោះវាអស់មានទុក្ខហើយ? ចំពោះស្រុកយើង ពេលនេះយើងនៅខ្ញុំគេប្រាកដជាពេលក្រោយយើងទៅជាអ្នកជាវិញមិនខាន។
នារីញញឹមស្ងួត
ខ្ញុំខ្ជិលស្ដាប់ណាស់បង!
អូ! អូនខ្ជិលស្ដាប់! គឺបំបិទភ្នែក បំបិទត្រចៀក បំបិទខួរក្បាលអូនអោយនៅតែក្នុងទ្រុងងងឹតហើយ។ ទេ! អូនមានភ្នែកតោងមើល មានត្រចៀកតោងស្ដាប់ មានខួរក្បាលតោងគិត កុំបង្រួញជីវិតអែងដូច្នោះ។ ហាសៗ! នេះមកពីអូនធ្លាប់បង្រួញគំនិតគេខ្លាំងពេកទៅវាបាបមកធ្វើកម្មពៀរតែខ្លួនអែងដូច្នោះ ហាសៗ។
នាងមណីក្រោកឡើងដើរតំរង់ទៅរកប៉ាន់តែ។ នាងចាក់តែដែលនៅក្ដៅៗពីរពែង នាងហុចមួយពែងមកមានន្ទ។
សុំបងពិសាទឹកតែសិនទៅអោយវាស្រួលបំពង់ក អាចអោយបងនិយាយបានស្រួលជាងនេះទៅទៀត។
អរគុណ! អរគុណ! បងមិនហ៊ានញ៉ាំទឹកតែអូនទេ។ បងធ្លាប់ហើយ ព្រោះទឹកតែអូនមានពិស អាចសំលាប់បង! អូនលួចដាក់ថ្នាំមែនទេ? ហ៊ី! អ្នកធ្វើការជាតិគេមិនដែលសំលាប់គ្នាទេ! ទោះគេស្អប់គ្នាយ៉ាងណាក៏ដោយ។ អីលូវបងសូមដាក់ថ្នាំនេះក្នុងពែងតែរបស់អូនចុះ។
ថាហើយមានន្ទយកថ្នាំមួយកញ្ចប់ពីហោប៉ៅអាវខ្លួនលាកញ្ចប់នោះយ៉ាងស្រួលរួចចាក់ទៅក្នុងពែងរបស់នាងមណី។ ធីតាសើចយ៉ាងស្រស់ឆ្លើយថា
ប្អូនចង់សំលាប់បងណាស់។ ប្អូនចង់ៗ រាល់ពេលដេកមិនលក់ អង្គុយមិនសុខ បាយមិនបាន។ នឹកឃើញបងពេលណា ញ័រអស់ដើមទ្រូងពេលនោះអែង។
ចង់ ?
ច៎ាះ ! ខ្ញុំចង់សំលាប់បងអោយបានក្នុងថ្ងៃណាមួយ!
មានន្ទងក់ក្បាលញញឹម
អើ! មនុស្សយើងកើតមកសំរាប់តែស្លាប់ ទោះអូនអែងមិនចង់ក៏បងស្លាប់ដែរ។ អូនអែងដែលចង់រស់តែម្នាក់អែងនោះក៏គង់តែស្លាប់ដែរ។ អីលូវញ៉ាំថ្នាំនេះទៅ មិនអីទេ ថ្នាំនេះញ៉ាំទៅងងុយគេង។ ដល់អូនគេងលក់ទៅបងបង្ហាញពួកតំរួតអោយវាបើកផ្លូវបងទៅមុខទៀត។
ធីតាចាប់ពែងតែញញឹមលេបក្អឿកៗ។
ទោះបងសំលាប់ប្អូនមុនប្អូនសំលាប់បង ក៏ប្អូនសប្បាយចិត្ដណាស់
នារីបង្វិលខ្លួនផ្ដួលទៅក្នុងរង្វង់ដៃមានន្ទ ។ ធីតាធ្មេចភ្នែកនិយាយតិចៗថា
ជិតដល់កន្លែងឆែកហើយរឺនៅ ?
នៅប្រហែលមួយស្របក់ធំទៀត
ចូរបងប្រយ័ត្នអោយមែនទែន បន្ដិចទៀតប្អូនរត់រួចពីកន្ដាប់ដៃបងហើយ !
គឺព្រលឹអូនដែលរត់រួច អែរូបអូនប្រាកដជាមិនរួចទេ
ច៎ាះ! ព្រលឹងរត់រួច រូបក៏រត់រួចទៀត។ រត់អោយរួចក្នុងមួយអាទិត្យទៀតយ៉ាងយូរ។ ប្អូនមិនមែននិយាយលេងទេ គឺនិយាយប្រាកដណ៎ា! សូមបងចាំអោយច្បាស់ទៅកុំធ្វេសអោយសោះ។
អីលូវសន្មតថា អូនរត់រួចចុះ តើអូនទៅណា ?
ប្អូនទៅសិរីសោភ័ណវិញ ប្អូនលើកទ័ពមកវាយយកជីវិតបងអោយបាន ប្អូនរៀបការជាមួយបងកាមា រឺ ជាមួយអ្នកណាម្នាក់ទៀតក៏បាន។
បងអរគុណណាស់ បើអូនធ្វើដូច្នោះបាន គ្រាន់បងមានការធ្វើច្រើន សោះនឹងទំនេរច្រើនពេក។ អែអូនមិនខ្លាចបងលើកទ័ពទៅវាយអូនវិញទេ?
នារីទន់ត្របកភ្នែកឡើងៗ។ ថ្នាំជ្រួតជ្រាបសព្វសព៌ាង្គកាយនាង ធ្វើអោយត្រចៀកនាងលឺងីង ធ្វើអោយគំនិតនាងវិលៗ ស្លុងៗ បាត់ស្មារតីលែងលឺអ្វី!។ មានន្ទលើកនាងដាក់យ៉ាងថ្នមៗ លើកពូក។ លុះដល់ពេលអ្នកឆែកមក មានន្ទ និង សហការីដែលតែងខ្លួនជាទាហានខាងព្រះកំពុតបានកំ ហែងនាយតំរួតថាកុំមាត់ ព្រះនាងកំពុងផ្ទុំមិនទាន់ភ្ញាក់ទេ។ ព្រះនាងមានដំនើរសំងាត់ទៅចាប់ «មហាចោរនៅទល់ដែន»។
ថ្ងៃបែរបន្ដិច ទូកយើងបានទៅដល់ភូមិភ្នៀតដូចបំនងមែន។
នៅមាត់កំពង់ កងពលរាប់រយនាក់ឈរតំរៀបត្រៀបត្រាចាំទទួលមានន្ទជាមេ។ មិនយូរប៉ុន្មាន "កងចោរប្លន់ប្រទេស " ក៏បានទៅដល់ទីកន្លែងរបស់គេដែលតាំងនៅក្នុងព្រៃស្ងាត់។ នាងមណីត្រូវគេចងភ្នែកបន្ដើរទៅ។ លុះទៅដល់កន្លែង ពួកពលរេហ៍រត់មកធ្វើគារវកិច្ចចំពោះមានន្ទដែលបញ្ជាថា

យកស្រីនេះទៅដាក់ច្រវាក់ ចងទុកនៅក្រោមដើមស្វាយព្រៃ ធំនោះ
មហាកាលក៏ហ៊ោឡើង
ជយោ ! ជយោ ! ជយោ ! !
ទាហានទាំងឡាយ ក៏មករោមធីតាជុំជិត
ម្នាក់សួរយ៉ាងរអើនថា
អ្នកណាហ្នឹង ?
ម្នាក់ទៀតលើកចង្អុលដៃឆ្លើយថា
គឺព្រះនាងម្ចាស់ដែលទើបតែចុះមកពីស្ថានសួគ៌។ អីលូវព្រះនាងសោយសម្បត្ដិឯសុរិន្ទរ៍។
អូហ៍ ! ចុះម៉េចបានមករងទុក្ខទីនេះ?
ហាស ! ឆ្កួតវាមានកម្ម
ពាក្យបញ្ចើចបញ្ចាល ក៏មានជាហូរហែអិតស្រាកស្រាន្ដយ៉ាងអ៊ូអរ
ហ៎ ! ជួយទាញច្រវាក់ជើងផងវើយ !
ហ៎ ! ដាក់អោយស្រួល កុំអោយគ្នាឈឺ
សំនើចមួយលាន់លឺគ្អឹលឡើង
សមណាស់វើយ ! ពីដើមដាក់សុទ្ធតែមាស អីលូវបានដែកមកដាក់ហើយ
នាងមណីឡេឡាកណ្ដាលហ្វូងមនុស្សដែលតិះដៀលនាង។ នាងខ្មាសយ៉ាងអស្ចារ្យ
ហ៎ ! ហ៎ ! នាំគ្នាមើលមុខព្រះនាងដែលចុះពីម្ចាស់សួគ៌
ម្នាក់ទៀតតបថា
យ៉ា ! សាច់គេល្អមែន ម៉ដ្ឋដូចភ្លៅគោវើយ !
សំនើចលាន់គ្អឹលទៀត។ ម្នាក់ស្ទុះកាន់សក់នាង
យី ! សូម្បីតែសក់គេក៏រលើបរលង់ល្អដែរ
នារីធ្វើភ្នែកឡឹងឡង់កន្ដាលចំនោមគេ។ ម្នាក់ទៀតស្ទុះភ្លែតមកគយគន់មុខនាង
អោ! ព្រះអើយ! មកពីស្ថានសួគ៌ ម៉េចក៏មានភ្នែកពីរ ក្រចៀកពីរ ច្រមុះមួយ មាត់មួយ ដូចតែប្រពន្ធអញដែរ ហ៊ីវាខុសគ្នាត្រង់ណា?
ម្នាក់ឆ្លើយកាត់ថា
ខុសត្រង់ប្រពន្ធអែងជាសត្វ ឯគេៗជាមនុស្ស
អើ ! ៗ មែន!
គេសើចគឹលឡើងទៀត
អូ! សូមមើលធ្មេញមើលដូចយើងទេ ?
ថាហើយគេចាប់មាត់ព្រះនាងយើងច្របាច់យ៉ាងខ្លាំងអោយហារឡើង។ ទាំងអស់គ្នាក៏អើតជំទើតមើល
ទេវើ! ដូចតែប្រពន្ធយើងទេតើ! អៃយ៉ា! ដង្កូវស៊ីធ្មេញគល់ថ្គាមផង ហាសៗ មើលដង្កូវហ៊ានចូលទៅស៊ីជ្រៅម៉្លេះ?ហ៎ម៉េចអីចុះ ហ៊ីសៗ អែងខ្លាចតែគេអ្នកធំនោះ វាខុសពីយើងណាស់ណាទៅ បានជាគេមើលងាយយើងម៉្លេះ? ហ៊ឺសៗ អែងទើបនឹងដឹង វាដូចតែគ្នាទេ
មានន្ទលបសើចតែម្នាក់អែង រួចស្រែកបញ្ជាថា
កនយើង ! យកអ្នកទោសទៅចងក្រោមដើមស្វាយទៅ
អ្នកទាំងអស់គ្នាក៏បែកខ្ចាយ។ ធីតាត្រូវគេដឹកយកទៅចងនៅក្រោមដើមស្វាយ។ នាងខឹងយ៉ាងខ្លាំងក្រៃពេក។ មុខឡើងក្រហមឆ្អៅ។ គឺព្រឹត្ដិការណ៍មួយដែលពុំអាចបំភ្លេចបានឡើយ។ ព្រឹត្ដិការណ៍នេះគូសចំណាំមួយយ៉ាងជ្រៅក្នុងសតិនាង។ បីថ្ងៃក្រោយមកទៀត ទើបកញ្ញាបានរសាយខ្លះពីកំហឹង។ នាងចាប់សើចរីករាយបន្ដិច។ គេសង់កូនខ្ទមតូចមួយអោយនាងគេង។ ដល់ពេលបាយ នាងបរិភោគដូចទាហានអែទៀត គឺបាយក្រហម អំបិល ប្រហុកដុត។ នាងពិចារណាថា ពួកនេះឃើញប្លែកណាស់ មិនដែលលឺទាស់ទែងគ្នា មិនដែលឃើញអ្នកណាផឹកស្រាស្រវឹងប៉ោលែសោះ។ ធីតាឃើញគេធ្វើការមិនឈប់ឈរ។ ដល់ពេលរៀន គេរៀន ខ្លះរៀនអក្សរ ខ្លះរៀនការស្រុកទេស។ គ្នាគេៗចែកជាក្រុមៗ ក្នុងក្រុមនិមួយៗមានមេដឹកនាំ។ មេនេះគិតគូរពីរឿងរៀនសូត្រ ធ្វើការតាមម៉ោងពេល។
ក្រុមនិមួយៗមានការខុសៗគ្នា ក្រុមខ្លះធ្វើចំការ ក្រុមខ្លះធ្វើស្រែ ក្រុមខ្លះចិញ្ចឹមគោ ក្រុមខ្លះចញ្ចឹមជ្រូក។
ក្រុមនិមួយៗនៅជុំៗគ្នា មានឆ្នាំងបាយដាច់ៗពីគ្នា។ រួចមានចញ្ចឹមមាន់ ទា ជ្រូក និង ដាំបន្លែបង្ការដូចៗគ្នា។ អ្នកទាំងអស់គ្នាជាទាហាន។
ព្រះនាងឃើញថា ជីវិតរបស់ "ចោរកសាងជាតិ" នេះស្រួលបួលមែនទែន ជាជីវិតចំរើនមែន។
ប្លែកទៅទៀត គឺដល់ពេលថ្ងៃសីល អ្នករាល់គ្នាសុំសីល សូត្រធម៌ទ្រហឹងអឹងកង។ ក្នុងមួយអាទិត្យ គេមានពេលសំរាកនាំគ្នាដើរលេងក្នុងព្រែស្ងាត់ ខ្លះថា ទៅលេងអូរ ខ្លាះថា ទៅលេងត្រពាំងជិតៗនេះ។
ធីតានឹកស្ងើចកោតសរសើរថា "ចលនាគេ ទើបនឹងកើតទេ តែម្ដេចក៏ឆាប់ធ្លាក់ផ្លូវត្រូវម៉្លេះ"។
តាមការពិតមានន្ទកាលមួយឆ្នាំមុននេះ បានអោយអារុណ និង មហាកាលមកតាំងទីនៅកន្លែងនេះស្រាប់ បានជាដល់ពេលនេះ ទាំងសន្ដាប់ធ្នាប់ ទាំងរបៀបរៀបរយ ក៏កើតមានអិតនរណាធ្វើការទិទៀនបាន។
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ