Telegram Channel
Youtube Channel
Online TV

មហាចោរនៅទល់ដែន

រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ

ភាគទី១៣៖ វាយផ្តាច់ព្រ័ត្រ

មានន្ទជិះសេះយ៉ាងលឿនស្លុងបោលសំដៅទៅទិសខាងជើងកាត់ព្រៃមួយយ៉ាងធំដែលសម្បូរពោពាសទៅដោយរុក្ខជាតិធំតូច។ អ្នកនឹងស្រលាញ់ប្រទេសខ្មែរក្រៃពេក។ ដោយប្រទេសខ្មែរមានព្រៃជាធនជាន ហើយដែលកូនខ្មែរស្រាវយកមិនចេះអស់។ ខាងលើមេឃផ្កាយរះព្រោងព្រាតនាកណ្តាលនភាល័យពណ៌បៃតងខ្ចី ធាតុអាកាសត្រជាក់ស្រួលរកប្រទេសណាមកប្រដូចគ្មានឡើយ។ បុរសស្រលាញ់ប្រទេសខ្មែរ ស្រលាញ់ជនជាតិខ្មែរ ស្រលាញ់នឹងសាច់នឹងឈាមអ្នក តែមាណពអាក់អន់ចិត្តយ៉ាងធំអនេកគឺខ្មែរមិនឯករាជ្យ។ យាមទីពីរ។ផ្កាយព្រឹករះត្រឈៃនៅទិសខាងកើត។ អ្នកជិះសេះយើងអស់កម្លាំងយ៉ាងខ្មាំង។ លបស្តាប់ខាងក្រោយគ្មានឮសូរអ្វីសោះ។ ទឹកចិត្តដ៏រីករាយមកគ្របដណ្តប់អ្នក។ បរិយាកាសព្រួយភ័យបើកវាំងននចេញស្រឡះពីដើមទ្រូងដើម្បីទុកបរិវេណឲ្យសេរីភាពបញ្ចេញរស្មីឡើង។ អ្នកឈប់នឹកនាដល់ខ្មាំងដែលដេញតាមប្រកិតអស់ពេលជាយូរមកហើយ។ ​ហើយបណ្តោយសណ្តានចិត្តឲ្យដើរលេងរាយមាយគ្មានទីដៅ។ ញើសដែលហូរៗ ចុះកុំឲ្យតែនៅក្នុងកណ្តាប់ដៃខ្មាំង។ គឺជាសំណាងមួយយ៉ាងធំហើយដែលបានរួចខ្លួននេះ។ ព្រឹត្តិការណ៍ក្នុងប៉ុន្មានថ្ងៃនេះ មានមកយ៉ាងខ្លាំងជ្រួលខ្លាំង។ ក្នុងការតស៊ូដើម្បីសេរីភាព និងអាយុជីវិតនេះ មានន្ទនឹកឃើញកោប អគ្គី នាងយីហ៊ុប....មែន ! នាងយីហ៊ុបគួរនឹកខ្លាំងជាងគេ។ នៅពីចម្ងាយលើទួលដំបូក ភ្នក់ភ្លើងមួយឆេះផ្លុងៗកណ្តាលទីងងឹត ឃើញបីដូចភ្លើងរបស់បិសាចកំណាចណាមួយ។
  អីយ៉ា ! ខ្មាំង ឬ មិត្ត ?
មានន្ទភ័យញ័រក្នុងពោះឡើងវិញ ។ បុរសលោតចុះពីលើខ្មងសេះចងអាជានេយ្យ​ រួចក៏តាំងលូនសំដៅទៅទីដែលមានភ្លើង ដោយប្រយ័ត្នមិនឲ្យមានឮសូរអ្វីដល់តិចតួចឡើយ ក្នុងពេលកំពុងលូននេះ ឆ្កែមួយក៏ព្រុសឡូឡើង។ អ្នកលបភ័យតក្កមានឹកថា ម្តងនេះមុខជាស្លាប់មិនខាន។ មនុស្សបួននាក់ក្រោកច្រូង។ បរិយាកាសស្ងប់ស្រួលក៏ប្រែទៅជាតឹងតែងយ៉ាងខ្មួលខ្មាញ់។ អ្នកដុតភ្លើងត្រៀមខ្លួនព្រឹប ខ្លះរត់រកដាវ ខ្លះឆក់បានព្រួញគ្រប់ៗគ្នា។ គឺជាទាហន។ ជនអ្នកត្រៀមឱនៗខ្លួនទៅពួនរាយជាខ្សែតាមគល់ឈើ។ ឆ្កែកាន់ព្រុសខ្លាំងឡើង សម្លឹងទៅទិសដែលមានន្ទលូនមក។ ពួកអ្នករោមភ្លើងកំហែងលាន់ឡើងថា :
  អ្នកណា ?
មានន្ទដែលគិតតែថយរត់ដកខ្លួន កាលបើឮសូរមាត់ស្រែកសួរនោះ ក៏សប្បាយចិត្តជាពន់ពេកដូចបានរស់ឡើងវិញម្តងទៀត ក្រោកឈរដើរទៅមុខស្លុងឥតបង្អង់។​ មាត់អ្នកសួរបន្លឺទៀតថា :
  អ្នកណា? លោកគ្រូឬអី?* អឺ!
សូរមាត់ក៏ស្ទុះច្រូងច្រាងឡើង ជំនួសផ្លែដាវដែលយើងស្មានថា មុខជាបានឮនោះ។
  អូ! លោកគ្រូ! លោកគ្រូ វើយ! អាកោបៗ
  អ៊ើយ
  អគ្គី! អគ្គីអ៊ើយ!
  អើយ
  លោកគ្រូទេវើយ!
អ្នកទាំងអស់គ្នារត់ទៅទទួលមានន្ទដែលសើចស្ញាញដើរចូលកាន់តែជិតមក។ មានន្ទទះស្មាបុរសម្នាក់ដែលមានមាឌស្តើងខ្ពស់ដើមទ្រូងធំក្រអាញ
  ម៉េចមហាកាល សុខសប្បាយទេ?
បុរសឈ្មោះមហាកាលធ្វើគារវកិច្ចយ៉ាងគោរព រួចឆ្លើយយ៉ាងរាក់ទាក់តបវិញថា :
  បាទ! ចុះលោកគ្រូ?
  សុខសប្បាយជាទេ ។ កូនចៅទាំងអស់មានប៉ុន្មាន?
  រួមទាំងខ្ញុំបាទ ទាំងអាកោប ទាំអគ្គី ទាំងកូនទាហានបានដប់ប្រាំនាក់។
ជនទាំងដប់ប្រាំនាក់ ដូចរៀបរាប់មកនេះ ឈរត្រង់ខ្លួនមុខញញឹមរកមានន្ទដែលញញឹមរកអ្នករាល់គ្នាវិញ។
  អើ! ប៉ុណ្ណឹងបានហើយ។
មហាកាលដែលមើលមុខមានន្ទធំជាងគេនោះ និយាយឡើងថា :
  ខ្ញុំមិនដឹងខ្លួនផង ស្រាប់តែអាកោបទៅដល់ផ្ទះខ្ញុំទាំងយប់។ ខ្ញុំសួរវាភ្លាម មានការអី វាក៏រាយការណ៍ប្រាប់ខ្ញុំៗ ក៏ប្រមូលគ្នាមកភ្លាមបានតែប៉ុណ្ណឹងឯង។
មានន្ទចោលភ្នែកទាំងពីរយ៉ាងមេត្រីរាប់អានទៅលើមុខមហាកាល។
  ចុះអ្នកឯទៀតទៅណា?
 ហ៊ី! លោកគ្រូរកហៅគេមិនទាន់ ស្រទុំវានៅផ្ទះឬទេ ក៏មិនដឹងស្បៃវែង និងអរុណមិននៅទេ។
 ទៅណា?
 បាទ! លោកគ្រូអើយ ខែនេះគេទៅទន្លេបាត់អស់ហើយ។ នៅតែខ្ញុំទេមិនចេះសោះខាងផ្លួវទឹក។
អ្នកទាំងអស់គ្នា ដែលឈរជុំវិញជនទាំងពីរស្តាប់យ៉ាងជក់ចិត្ត ថ្វីត្បិតតែកិច្ចសន្ទនានេះគ្មានជម្រៅអ្វីឡើយ។
  កាលណាពួកនោះមកវិញ?
  ប្រហែលកន្លះខែទៀត។
មានន្ទបែទៅកាន់ស្មាកោបវិញម្តង រួចសួរថា:
  ម៉េចកោប?
នាយកោបបញ្ឈរភ្នែកឡើងទៅលើធ្វើអៀនប្រៀនឆ្លើយថា :
  ខ្ញុំបាទភ័យណាស់ ដោយមិនដឹងថាយប់នោះ លោកគ្រូបែកទៅខាងណា។
មានន្ទសើចកាន់តែខ្លាំងឡើង លេចធ្មេញសស្គុស រួចបែរទៅរកនាយគីសហជីវិនចាស់ទៀត។
  គីភ័យដែរឬ?
  ខ្ញុំបាទវាយថយៗ រួចគេចផុតទៅ ​
  ទាំងអស់គ្នាមានត្រូវរបួសដែរឬអ្វី? ​
  បាទ ទេ!
នាយកោបក៏ឆ្លៀតបញ្ចូលសំឡេងខ្លួនជាមួយអគ្គីទៀតថា :
  បាទ ទេ!
មហាកាលកាត់ថា :
  ពួកនេះលោកគ្រូទុកចិត្តចុះ ថាវាយននៀលដូចត្រីក្រាញ់។
នាយកោបរឹតតែអៀនដោយគេបញ្ជោរបន្តិចនេះ យកម្រាមដៃលូកមាត់ ឱនមុខលួចសំឡក់មហាកាល។ ជនទាំងអស់គ្នាក៏សើចលាន់ឮក្អាកក្អាយ។ ទាំងពលទាហាន ទាំងមេទ័ព ទាំងមេ បន្ទាបមក គេទាំងអស់គ្នាសប្បាយរីករាយលើសធម្មតា។ នាយគីនឹកឃើញនិយាយថា :
 អុញហ្ន៎ ! ភ្លេចសួរលោកគ្រូ តើពិសាបាយហើយឬនៅ?
 នៅ តែខ្ញុំស្រេកទឹកណាស់ មានទឹកមួយផ្តិលទេ?
មហាកាលទាញដៃនាយកោបមកឆ្ងាយពីស្មាមានន្ទ ទះក្បាលមួយផូងរួចនិយាយថា :
 អូ! យកទឹកមកជូនលោកគ្រូ ។ កោប ! រួចមករកដាំបាយជូនលោកគ្រូទៀត។
នាយកោបជ្រុលតះៗទៅមុខ។ មានន្ទសួរទៅមហាកាលថា :
  មានអ្វីជាអាហារ?
 មាន!​ លោកគ្រូសាច់ទន្សាយខ្ញុំទើបបាញ់បាន!
 អើ បានទន្សាយផង! នាំឲ្យពិបាកទេឬ?
 ទេ ! មិនអីទេលោកគ្រូ ធ្វើតែមួយសន្ទុះរួចហើយ។
ជនទាំងអស់មិនព្រមទៅណាឆ្ងាយពីមានន្ទសោះ ។ មានន្ទក៏និយាយអំពីស្ថានការណ៍បច្ចុប្បន្នឲ្យអ្នករាល់គ្នាស្តាប់ រួចដាស់ទឹកចិត្តអ្នករាល់គ្នាថា :
 យើងត្រូវតែតស៊ូ។ ការពិបាកនេះតែជាការចាំបាច់។ ការនេះធំតែជាការដែលគេអាចសម្រេចបានដោយយើងពួតដៃគ្នាពុះពារឡើង។ ក្នុងសង្រ្គាមយើងកុំខ្លាច បើយើងខ្លាច ខ្មាំងបានចិត្តរឹតតែរឹបវាយយើង ។ បើយើងហ៊ាន ខ្មាំងខ្លាចយើងវិញ ។ នៅពេលតស៊ូ ឬខ្មាំងសម្លាប់យើង ឬយើងសម្លាប់ខ្មាំង។ មានតែពីរយ៉ាងនេះទេ។ ក្រៅពីនេះ មានន្ទនិយាយអំពីវិន័យដែលត្រូវកាន់ គឺកុំធ្វើបាបដល់អ្នកស្រុក​ កុំសម្លាប់ខ្មែរគ្នាឯង វាយចោះយកតែខ្មាំងពិតៗ ។ល។ អ្នកទាំងអស់គ្នាស្តាប់ដោយរំភើបញាប់ញ័រក្នុងចិត្តយ៉ាងខ្លាំង ។ លុះដល់បរិភោគអាហាររួច មានន្ទក៏និទ្រ្ទាលក់ស្កប់ស្កល់។ មហាកាលដាក់យាមដើរមើលនាយអាយ រួចទើបចូលនិទ្រ្ទាដែរ។ ភ្លើងភ្នក់ក៏រលត់ឈឹង ។ យប់ដំបូងនៃការបដិវត្តន័ក៏ចាប់ផ្តើមឡើង។ មាន់រងាវភ្លឺស្រាងៗ ។ មានន្ទភ្ញាក់នឹងសម្រែកទាហានយាម ដែលឮសូរអូយៗ ដោយព្រួញអសិរពិសមួយរត់មកបុកចំដើមទ្រូង។ មហាលស្ទុះលោតច្រងាង ស្រែកឡើងទាំងញីភ្នែកស្រពេចស្រពិលថា : ត្រៀមៗ។ មិនយូរប៉ុន្មានទ័ពនិងទ័ពទល់មុខគ្នា។ ព្រួញបាញ់ទៅបាញ់មកគ្មានឈប់ឈរ ។ ខាងខ្មាំងយើង សូរមាត់និលពេជ្រ​ ដែលបញ្ជាឲ្យចូលៗ ។ យូរៗកងទាហាននិលពេជ្រដួលច្រងាងៗ ។ ព្រួញរត់ធ្លាក់ដូចគ្រាប់ភ្លៀង។ មានន្ទនិយាយទៅមហាកាល នាយកោប និងអគ្គីថា :
  ពួកវាច្រើនណាស់ ។ តាមស្មានជាងមួយរយនាក់ ។ តែយើងតស៊ូទាល់តែឈ្នះដៃ ពីព្រោះបើយើងចាញ់ក្នុងពេលនេះ មុខជាយើងកទ័ពមិនកើតឡើយ។
មហាកាលសើចបណ្តើរ យិតធ្នូរបាញ់បណ្តើរដោយស្រែកថា :
  ទៅហើយវើយ ! អាម៉ាក !
សូរមាត់ទាហានទាំងសងខាងលាន់ឮទ្រហឹងអឺងកងតិះដៀលគ្នា ។ គិតទៅរឿងសង្គ្រាមវាជារឿងសប្បាយវិញ​។ មនុស្សម្នាក់ៗលែងគិតស្លាប់លែងភិតភ័យ លែងនឹកនាអ្វីឡើយ។ មានន្ទលុះឃើញថា គ្រាប់ខាងខ្លួនថយហើយ ក៏បញ្ជាថា :
  បាញ់មួយៗ កនយើង ! បាញ់ចោលយកមួយៗ
នាយកោបដែលនៅចុងស្រែកថា :
  ប្រយ័ត្ន ! ចុងចែងខាងឆ្វេង ពួកវាឡើងខាងនេះហើយ !
អគ្គីស្រែកថា :
  មិនអីទេ! ឲ្យវាមកច្រើនចុះស្រួលបាញ់។
មហាកាលបង្កូកឡើងថា :
  បាញ់អាកូន បាញ់ឲ្យអស់ដៃ។
ទ័ពទាំងពីរក៏កាន់តែជិតគ្នាឡើងៗ ។ ពលរេហ៍ខាងនិលពេជ្រស្លាប់ដេរដាស ឈាមហូរក្រហមឆ្អៅលើប្រថពី។ ខាងមានន្ទស្លាប់បីនាក់ថែមទៀត រួចរបួសប្រាំនាក់ ។ តែអ្នកដែលរបួសទាំងប៉ុន្មាននៅតែតស៊ូពុំព្រមឈប់ឡើយ។ មានន្ទស្រែកបញ្ជាវ៉ាសឡើងថា :
 ចូល ! អាកូន អាវុធនៅដៃចូល!
អ្នកទាំងអស់គ្នាគ្រវាត់ស្នាចេញចាប់ដាវ ស្ទុះសំរុកទៅរកគូសត្រូវ ទីសមរភូមិក៏ក្លាយទៅជាទីប្រកាប់ប្រចាក់វិញយ៉ាងអស្ចារ្យ ។ មានន្ទស្ទុះទៅរកនិលពេជ្រទៀត។ មហាកាលត្រូវគេរោមដូចមមង់។ នាយកោប អគ្គី ក៏កាប់យ៉ាងម៉ឺងម៉ាត់។ ជនទាំងពីរក្រោយនេះ ញាក់មុខដាក់គ្នាធ្វើគួរឲ្យចង់សើច។ កងខាងនិលពេជ្រ វិនាសអស់ជាងពាក់កណ្តាលទៅហើយ ។ ខាងមានន្ទដែលពីដើមហាក់តឹងឥលូវបានធូរ ហើយសង្ឃឹមថា មានជ័យជំនះនៅចុងបំផុតមិនខាន។ អ្នកបែរមើលគ្នា អ្នកឃើញនៅសល់ប្រាំនាក់គត់។
អ្នកញញឹមជានិច្ច។ ខាងសត្រូវនៅសល់គ្នាប្រមាញសាមសិបនាក់ទេ។ មានន្ទនិយាយទៅកាន់និលពេជ្រថា :
  ម៉េចពេជ្រ ស្គាល់ដៃមានន្ទហើយឬនៅ?
និលពេជ្ររងបណ្តើរ ឆ្លើយបណ្តើរ :
  ខ្ញុំមានកិត្តិយសណាស់ ដោយបានប្រយុទ្ធផ្ទាល់ដៃឯងជាមួយមេទ័ពខ្មែរម្នាក់។
  គួរដែរ! ដាវជាងដប់ទល់នឹងដាវមួយ។
ក្នុងពេលនោះមហាកាលស្រែកឡើងថា :
  លោកគ្រូ ! កាត់ !
មានន្ទក្រឡេកកន្ទុយភ្នែកទៅក្រោយខ្នង ឃើញទាហានម្នាក់កាន់កាំបិតស្ទុះស្លុងមក។ អ្នកគេចភ្លែត ទាហាននោះជ្រុលទៅចំដាវនិលពេជ្រ ។ ឆ្លៀតឱកាសនោះ មានន្ទវាត់ដាវម៉ាំងទៅត្រូវដៃស្តាំនិលពេជ្រ ដែលដូរផ្កាប់មុខឈាមហូរស្រស្រាក់។ នាយកោបបន្លឺឡើងថា :
  ជយោ ! លោកគ្រូ ! ដួលមេហើយវើយ !
និលពេជ្រស្ទុះឡើងយ៉ាងប្រញាប់កាត់ដាវមានន្ទ ដែលកាប់បន្ថែមផ្តាច់ព្រ័ត្រ។ តែសំណាងល្អនិលពេជ្រក្រោកឈរវិញបាន សូរដាវក៏លាន់ឮប៉ែសៗដដែល ។ មានន្ទសើចនិយាយថា :
  ឥឡូវសល់តែប្រាំពីរនាក់ទេ រួចពេជ្រឯងរបួសទៀតផង ។
  ស្លាប់នឹងដាវមេទ័ពជាការធម្មតាទេ តែប្រយ័ត្នមេទ័ពស្លាប់នឹងពេជ្រនិលវិញណា ! មិនដឹងទៅជាយ៉ាងណាទេ......
  ការស្លាប់ជាការធម្មតា ។
នាយកោបស្រែកថា :
  វាយផ្តាច់ព្រ័ត្រវើយ ! កនយើង !
សូរសង្រ្គាមក៏ឮងឹងឡើងដូចមុនដំបូង ។ និលពេជ្រមានចិត្តភ័យបារម្ភយ៉ាងខ្លាំង ។ ខាងមានន្ទនៅសល់ប្រាំនាក់។ ខាងខ្លូននៅដប់ប្រាំនាក់គត់ ។ ឥឡូវកោបកំហែងវាយផ្តាច់ព្រ័ត្រទៀត។ និលពេជ្របញ្ជាឡើងថា :
  ស៊ូកនយើង ! ប្តូរកនយើង !
មានន្ទបន្លឺថែមឡើងថា :
  វាយផ្តាច់ព្រ័ត្រ !
  រួចគឺសូរមាត់មហាកាល មាត់អគ្គីដែលឆ្លើយតែមួយពាក្យ "វាយផ្តាច់ព្រ័ត្រៗ" ។ ខាងនិលពេជ្រ របេះដល់ប្រាំនាក់ទៀតជាបន្ទាប់នោះ ។ ណាឈាមហូរនៅដៃស្តាំយ៉ាងខ្លាំង និលពេជ្រមើលឃើញ សេចក្តីស្លាប់នៅខាងមុខជាប្រាកដ ។ មានន្ទនិយាយថា :
  ម៉េចពេជ្រ ! ល្មមចុះចាញ់ទេ ?
  ពេជ្រមិនដែលចុះចាញ់អ្នកណាទេ !
  ហាសៗ ! ស៊ូមែន ប្រុង ៗ ៗ​ !
ពេជ្រទន់ដៃអស់ទៅហើយ ។ អ្នកដួលរមៀលខ្ពោកនៅដីក្រោមចុងដាវមានន្ទ ដែលខ្លាំងដូចភ្នំ។ ស្រាប់តែជើងសេះលាន់ឮគគឹកមក ។ ពេជ្រប្រឹងកាត់នឹងដាវមានន្ទជាចុងក្រោយបង្អស់ ។ ទ័ពសេះស្រែកហ៊ោទ្រហឹងអឺងកង ។ មានន្ទក្រឡេកឃើញ ស្រែកថា :
  ប្រុងកនយើង ប្រុងវិញម្តង ពួកវាមកទៀតហើយ ។
មានន្ទស្ទុះទៅជិតមហាកាល បញ្ជាក់ថា :
  ឲ្យកោប អគ្គី មកជិតយើងមក ឆាប់ៗ ។
មហាកាលបញ្ជាក់ថា :
  កនយើង ! ទល់ខ្នងគ្នា !
ទ័ពសេះក៏ចុះពីលើអជានេយ្យយ៉ាងរួសរាន់រត់សម្រុកមកទៀត ។ គ្នាមកថ្មីមានចំនួនប្រមាណសាមសិបនាក់ ។ ខាងមានន្ទនៅសល់តែបួននាក់គត់ ដូចមានឈ្មោះមកស្រាប់ ។ ទាំងបួននាក់រាថយ ដំកង់ជារង្វង់មូលទល់ខ្នងគ្នា ។ ការប្រកាប់ប្រចាក់ក៏មានសន្ទុះខ្លាំងឡើងជាថ្មីដដែល ។ ខាងលើព្រះអាទិត្យរះកាន់តែខ្ពស់ណាស់ទៅហើយ ។ ពន្លឺជះកំដៅមកពាសពេញលើពសុធា ។ ជនទាំងបួននាក់ហូរញើសអស់កម្លាំងក្រៃពេក ។ មានន្ទនៅតែសើចនិយាយទៅកាន់មេទ័ពថ្មីខាងខ្មាំងថា :
  ពោធីឯងមិនខែងទេ !
ពោធីខាំធ្មេញពេបមាត់ !
  គេច្បាំងយកឈ្នះណា៎ ! លោកគ្រូ ។
មហាកាលនិយាយថា :
  យើងឈ្នះត្រង់គ្នាតិច រួចសម្លាប់បានច្រើន ។
ពោធីសើច :
  ហាស៎ ៗ យើងឈ្នះត្រង់សម្លាប់បានមេទ័ពក្បត់មួយ ។
មហាកាលស្រែក :
  យ៉ាស
មានន្ទភ័យក្តុកៗ សួរថា :
  ម៉េចកាល ! តបានទេ ?
  បាទ ! បានលោកគ្រូ ។
  ធ្ងន់ទេ ?
  គ្រាន់តែឈាមទេ ។
បន្តិចទៀត កោបលាន់មាត់ថា :
  អូយ !
មានន្ទសួរទៀត :
  ម៉េច កោប ?
  បាទ ! អត់អីទេលោកគ្រូគ្រាន់តែប៉ះមួយដាវទេ ។
ពោធីសើចក្អាកក្អាយ
  ម៉េច ! លោកមេទ័ពដាក់អាវុធទេ ?
  មេទ័ពមួយៗទាល់តែស្លាប់ទើបដាក់អាវុធ ។
  យ៉ាស់ !
មហាកាលសួរ :
  ម៉េច ! លោកគ្រូ ?
  មិនទាន់ស្លាប់ទេ ។
ខាងសត្រូវស្រែកជយោទ្រហឹងអឺងកង ។ មានន្ទចុកចាប់យ៉ាងខ្លាំង ។ អ្នកនិយាយថា :
  វាយ ! កនយើង វាយផ្តាច់ព្រ័ត្រ !
សូរដាវលាន់ឮចែសៗជានិច្ច ។ សូរនេះកាន់តែថយទៅៗបន្តិចម្តងៗ លាន់ឮខ្លាំងវិញ បន្តិចទាបចុះវិញ ។ មានន្ទ មហាកាល នាយកោប អគ្គីនៅតែតយុទ្ធជានិច្ច ។ គួរឲ្យអាសូរណាស់ ខ្លួនជនទាំងបួននាក់ហូរឈាមរហាមជំនួសញើសដែលហូរពីមុនមក។
ដាវខ្លាំងឃើញច្រុះបែកមួយជាពីរព្រឹលភ្នែកអស់ ។ ជនទាំងបួនដួលដូចដំរីត្រូវគ្រាប់។ ជនទាំងបួនគ្រវាសដាវជាចុងបង្ហើយ ។ ជនទាំងបួនប្រឹងឈរតែពុំរួច។ ជនទាំងបួនជ្រោមលើក្បាលអង្គង់ទល់ខ្នងគ្នា ។ ជនទាំងបួនដួលគរលើគ្នាម្តងម្នាក់ៗ ជាទីអវសាន ។
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ