Telegram Channel
Youtube Channel
Online TV

មហាចោរនៅទល់ដែន

រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ

ភាគទី០៦៖ ភ្លើងរាគះ

ក្រោយពីរាត្រីកំសត់ដែលសម្បូរទៅដោយព្រឹត្ដិការណ៍ចំលែកៗ ដែលបោះចំណុចធំៗ លើជីវិតនាង នាងទេវីវិយោគសោកាយ៉ាងខ្លាំងក្រៃអនេក។ ស្រ្ដីអស់កម្លាំងពន់ប្រមាណ ដោយពុំបានចូលនិន្រ្ទាក៏តិចតួចសោះ។ ឪពុកនាងស្លាប់ នាងបានប្រឹងប្រែងទុកដាក់ជាស្រេចបាច់អស់ហើយ។ តែទុក្ខមួយថ្មីទៀតដែលមានទម្ងន់ធ្ងន់ក្រៃណាមកគ្របដន្ដប់នាងថែម គឺទុក្ខព្រាត់ស្វាមីជាទីស្នេហា។ មាណវីរង់ចាំស្ងួនភ្ងាតាំងពីយប់អស្ចារ្យនោះមក រួចនាងត្រូវរង់ចាំទៅមុខទៀត។ ចាំៗ ... ឱ ! ចាំដោយពុំដឹងមានរឿងអ្វី ចាំដោយពុំដឹងអ្នកទៅណា ចាំដោយពុំដឹងហេតុអ្វីបានជាបាត់ម៉្លេះ ចាំមួយថ្ងៃជាពីរថ្ងៃ ចាំមួយខែជាពីរខែ... ចាំៗ ចាំរងកម្មរហូត។
ក្រោយមក ដោយពុំឈ្នះនឹងចាំ នាងបានឲ្យនាងភួងជាមាតាទៅស៊ើបសួរគេ ទើបនាងដឹងថា ប្ដីកល្យាណអ្នកមានដំនើរទៅឆ្ងាយណាស់ទៅហើយ។ នាងយំ យំជានិច្ច ត្បិតជីវិតនាងជាជីវិតសម្រាប់តែយំទៅហើយ។ ឱ! ប្រុសប្រសើរ ! អ្នកទៅ ទៅក៏ទៅចុះ តែទៅដោយគ្មានដំណឹង ទៅដោយធ្វើកន្ដើយ ហាក់ដូចគ្មាននាងសោះក្នុងជីវិតរបស់ប្រុសតែមួយនេះ។ គេទៅ .. ឱ ! គេទៅ ពាក្យនេះអីក៏មានជម្រៅក្រៃម្លេះ? គេទៅបាត់ ... ឱ ! ពាក្យនេះធ្វើឲ្យព្រឺសព្វសាច់អីម៉្លេះទេ បាត់ស្ងាត់សូន្យៗលើភពផែនដី សូន្យក្នុងភូមិ សូន្យពីចក្ខុនាង។ ពុំងានឹកស្ដាយ ស្ដាយត្រង់មុនទៅស្រីពុំដឹង ខានមិនបានមើលមុខប្រុសឲ្យជាក់ច្បាស់ ដើម្បីចាំទុកឲ្យច្បាស់ក្នុងចិត្ដ ... ស្ដាយត្រង់ពុំបាននិយាយគ្នា លាគ្នា ចាប់ដៃគ្នាជាចុងបង្ហើយ។
ជីវិតឥតគូ ជាជីវិតសាបសូន្យ ជីវិតធេងធោង គ្មានគោល គ្មានប៉ោលទេ គ្មានត្រើយ គ្មានទីដៅ គ្មានអុត្ដមគតិ ជាជីវិតកំព្រា រងាសង្វេគ។ គឺក្នុងគ្រាព្រាត់នេះហើយ ដែលមនុស្សមានមនោគតិច្រើនៗ រហូតដល់ទៅគ្មានវង្វាស់រង្វាល់។ គឺក្នុងគ្រាព្រាត់គ្នានេះហើយដែលមនុស្សមានមនោសញ្ចេតនាគ្រប់បែប គ្រប់យ៉ាងឥតគណនាបានឡើយ។ ខ្យល់ដែលបក់ បក់មកប៉ះសាច់ គឺរលកនៃចិត្ដស្នេហាដែលមកដាស់អារម្មណ៍ឲ្យនឹកឃើញអនុស្សាវរីយ៍ចាស់ ដែលធ្លាប់នៅជាមួយគ្នា។ ស្លឹកឈើដែលជ្រុះ ជ្រុះលើសន្ដានចិត្ដគូកំសត់ ធ្វើឲ្យនាងនឹកស្ទើររលេះរលួយអស់ប្រមាត់បេះដូង។ ភ្លៀង ផ្គរ រន្ទះ ធាតុទាំងនេះញាំញីទឹកចិត្ដឲ្យខ្មួលខ្មាញ់ដែលទាញទឹកភ្នែកឲ្យហូររហាមជានិច្ច។ សត្វដែលយំ យំក្នុងទ្រូងរៀបរាប់ទុក្ខសុខរបស់គូសង្សារដែលព្រាត់ទៅម្នាក់ឯង។ អំពិលអំពែកដែលហើរៗ រាយមាយ ហើរពេញភ្នែកជនដែលស្រលាញ់ដែលនឹក។
នាងទេវីនឹកដល់ប្រុសខ្លាំងពេក ទៅជាស្រមៃឃើញអ្នកកាន់ទ័ពដើរកាត់ព្រៃលំបាកវេទនា ឥតដេកពួន ឥតបាយទឹក។ ស្រីស្រងេះស្រងោចគ្រវីក្បាលថា៖ *ឱ ! គេមានការធ្វើច្រើនណាស់ គេពុំមានពេលនឹកនាងដូចនាងនឹកគេទេ។ ការគេ បំភ្លេចគេ។ ចំនែកនាងវិញ នាងមានការដែរ គឺលក់ដូរអីវ៉ាន់ មានដូង ស្លា ម្លូ សាច់ត្រី ស្រូវ អង្ករជាដើម ដើម្បីចិញ្ចឹមជីវិតជាមួយនាងភួង តែក្នុងការនីមួយៗ ក្នុងវត្ថុនីមួយៗ មានទឹកចិត្ដស្នេហាប្ដីលាយទៅជាមួយផង ដែលបណ្ដាលឲ្យនាងនឹកគេជានិច្ច។ គិតទៅចិត្ដប្រុសឆាប់ដាច់ពីស្រីណាស់។
នឹកឃើញដូច្នោះ នាងយំម្នាក់ឯង។ ថ្ងៃមួយព្រះអាទិត្យរះជ្រះស្រឡះមេឃ នាងទេវីកំពុងរៀបចំផ្ទះ ស្រាប់តែនៅមាត់ទ្វារនាងភ្ញាក់ខ្លួនព្រើតមុខឡើងស្លាំងដោយឃើញកាមាជាប្អូន ដែលសើចរកនាងយ៉ាងក្អាកក្អាយដូចមុន។ ទេវីភ័យញ័រអស់សព្វសព៌ាង្គ។
 ម៉េចសុខសប្បាយជាទេ ?
ថាហើយ កាមាចូលជិតស្រីដែលថយក្រោយក្រាក។
 សុខនិងទុក្ខមានជាធម្មតា!
បុរសអង្គុយលើកៅអីយ៉ាងខែងញញឹមស្រស់។
 ខ្ញុំមកនេះមានការបន្ដិច។
 ការអី ?
 ខ្ញុំសូមជម្រាបថា បងមានន្ទស្លាប់ហើយ !
 យី ! អីបងមានន្ទស្លាប់ ?
នារីយំខ្សឹកខ្សួល បន្ដពាក្យទៅទៀតថា
 អីបងមានន្ទស្លាប់ ! ឱបង ! ប្អូនមុខជាស្លាប់ផងហើយ។
កាមាសើច នារីស្ទើរទន់ជង្គង់ អង្គុយចុះលើក្ដារ។
 ទេ! អ្នកមិនត្រូវស្លាប់ទេ។ ដូចអ្នកជ្រាបស្រាប់ហើយ។ បងមានន្ទបានផ្ដាំថា ឲ្យខ្ញុំជួយបីបាច់រក្សាអ្នក។ ក្នុងពេលនេះដំណឹងប្រាកដ គឺមានន្ទស្លាប់បាត់ទៅហើយ។ គាត់ស្លាប់ព្រោះគាត់ជាមនុស្សអាក្រក់ឃោរឃៅ ចិត្ដឫស្យាណាស់ កាប់សម្លាប់មនុស្សរាប់រយពាន់នាក់ដុតផ្ទះសម្បែងគេ ដែលជាមនុស្សស្លូតត្រង់ បង្រាសពង្រាត់ប្រពន្ធកូនគេ លួចប្លន់គេឯងក្នុងព្រៃ។ ថ្ងៃនេះខ្ញុំសូមចិត្ដអ្នក សូមនិយាយនឹងអ្នកឲ្យអស់ទៅចុះ គឺខ្ញុំសូមដណ្ដឹងអ្នកជាភរិយាស្មោះស្ម័គ្រដើម្បីរក្សាអ្នកតរៀងទៅ។ តើអ្នកមានយោបល់យ៉ាងណា ?
 ទេៗ សូមទោសលោកចុះ ខ្ញុំជាស្រីមេម៉ាយហើយ។
 អ្នកៗ ស្ដាប់ឲ្យបាន ! ខ្ញុំពុំបានធ្វើបាបអ្នកទេ គឺខ្ញុំបម្រុងយកអ្នកធ្វើជាប្រពន្ធពិតៗ របស់ខ្ញុំ ព្រោះថា កាលពីបងមានន្ទនៅរស់ ខ្ញុំក៏ពុំដែលមានពាក្យអ្វីដូច្នេះដែរ តែបើឥឡូវបងមានន្ទស្លាប់បាត់បង់ជីវិតទៅហើយ គប្បីពាក្យស្នើរបស់ខ្ញុំបានសំរេចផងដែរ។ អ្នកនៅទំនេរធ្វើអ្វី នាំឲ្យសត្រូវមើលងាយទេ។
 ខ្ញុំទម្ងន់ជិតគ្រប់ខែទៅហើយ។
 មិនអីទេ កូនបងមានន្ទក៏ដូចកូនខ្ញុំដែរ។ ខ្ញុំធានាបីបាច់រក្សាកូននេះឲ្យដូចកូនខ្ញុំបង្កើត។
 ខ្ញុំកំពុងមានទុក្ខព្រួយនឹងប្ដីខ្ញុំខ្លាំងណាស់។
 កាលណាអ្នករៀបការនឹងខ្ញុំទៅ ទុក្ខនេះនឹងវិនាសទៅឯងហើយ។
 ខ្ញុំជាស្រីមេម៉ាយទៅហើយ។
 រឿងនេះខ្ញុំគ្មានប្រកាន់អ្វីទេ។ ខ្ញុំដឹងថាអ្នកមេម៉ាយហើយ!
 ម្ដេចលោកមិនគិតទៅរករៀបការនឹងគេឯទៀតទៅ ?
 ក្នុងជាតិនេះខ្ញូំបានសន្មតយ៉ាងដាច់ខាតក្នុងចិត្ដថា ខ្ញុំស្រលាញ់តែអ្នកមួយទេ។ ហេតុនេះ ខ្ញុំសូមប្ដូរជីវិតនឹងអ្នកតែមួយ។
 សូមលោកកុំស្រលាញ់ខ្ញុំ ខ្ញុំជាមនុស្សអភ័ព្វណាស់ . . . ។
 វាសនាមនុស្សមើលមិនឃើញទេ។ តែទោះអភ័ព្វយ៉ាងណាក៏ខ្ញុំសុខចិត្ដលំបាកវេទនារងគ្រោះជាមួយដែរ។
 ខ្ញុំមិនចង់បានប្ដីទៀតទេ។ អាណិតខ្ញុំទៅ។
នារីសំពះកាមា ដូចគេសំពះព្រះពុទ្ធមួយអង្គ។ បុរសខ្លោចចិត្ដអាណិតនាង តែភ្លើងរាគរឹតតែឆួលពេញដើមទ្រូងអ្នក។ អ្នកស្ទុះទៅចាប់ចុងដៃនាង។ ស្រីគ្រលៀសចេញយ៉ាងប្រញាប់។
 សូមលោកកុំពាល់ខ្ញុំ!
 អ្នកៗ អ្នកមិនឲ្យខ្ញុំពាល់ឯណាបាន បើខ្ញុំស្រលាញ់អ្នកដល់ម៉្លេះ។
នារីក្រោកឡើងគេចទៅម្ខាងតុ។ កាមាដេញតាម។ នាងយំស្រែអង្វរថា៖
 លោកៗ អាណិត អាណិតខ្ញុំទៅ!
កាមាឈរគ្រញែងខ្លួន ដាក់មុខជ្រប់ ខាំធ្មេញ ភ្នែកឡើងក្រហម និយាយម្នាក់ឯង៖
 ឯងស្រលាញ់អស់ប៉ុណ្ណឹងហើយ ។ ឱ ! ខ្ញុំមានតែទុក្ខទេជាតិនេះ ទុក្ខៗ ព្រោះស្រីតែមួយ។ ឯងបានអង្វរគេយ៉ាងគោរព គេមិនស្ដាប់ខ្ញុំ។
ថាហើយ បុរសស្ទុះភ្លែតទៅចាប់នាង ចាប់ឱបរិតនាងយ៉ាងខ្លាំង។ នារីប្រឹងបំរះយ៉ាងណា ក៏មិនរួចពីកន្ដាប់ដៃយក្ខកំនាចនេះ។ ភ្នែកដែលនាងយំ អ្នកមើលឃើញរឹតតែល្អឡើង។
 អ្នក ! ខ្ញុំពិតជាស្រលាញ់អ្នកមែន!
 ទេៗ !
 ខ្ញុំសុខចិត្ដអ្នក . . . !
 ទេ . . . ទេ . . . ទេ . . . !
 ខ្ញុំសូមរួមវាសនានឹងអ្នក ។
 ទេ . . . ទេ . . . កុំធ្វើដូច្នោះ !
កាមាខឹងយ៉ាងខ្លាំង ក៏ច្រាននាងមួយទំហឹងដៃទៅមុខ ដួលខ្ពោកលើក្ដារ។ នាងទេវីភ្ញាក់ងើបឡើង កាមាស្ទុះទៅទៀត ចាប់នាងច្របាច់យ៉ាងខ្លាំងនឹងម្រាមដៃ។
 ម្ដេចមិនស្រលាញ់អញទេរឺ ?
 ខ្ញុំសូមលោកអត់ទោសចុះ!
 យី ! មីនេះអញសម្លាប់ចោលឥឡូវ។
 លោកអើយអាណិតខ្ញុំទៅ!
ភ្នែកនាងហាក់ដូចធំៗក្រៃលែង ។ ដៃដែលចាប់នាងហាក់ដូចដៃដែកលាយភ្លើង ។ នារីទន់ខ្លួនបន្ដិចម្ដងៗ រួចបាត់វិញ្ញាណទៅ។ កាមាទម្លាក់រូបនេះលើក្ដារប្រូស រួចក្រោកឡើងយកជើងរុញហើយដើរចេញទៅ។ គាប់ជួនពេលនោះ នាងភួងមកពីផ្សារវិញ ឃើញនាងទេវីដេកដួលលើក្ដារ ក៏ស្ទុះទៅឱបបីនាងឡើង។
 យី ! លោកអើយធ្វើបាប ធ្វើកម្មអីកូនខ្ញុំ។
នាងភួងយំសស្រាក់។
 ហងឯងស្គាល់អញទេ ?
 ឱ ! កូនសំលាញ់មាសម្ដាយ ម្ដាយស្លាប់ជាមួយកូនទៀត ។ ហើយ លោកអើយ! កូនខ្ញុំស្លាប់ហើយ។
 ឲ្យវាស្លាប់ទៅ ស្លាប់ឲ្យអស់ទៅបានវាសមមុខវា។
 លោកៗ អីក៏មានចិត្ដអាក្រក់ម៉្លេះ ?
 យី ! ថាអញអាក្រក់ ?
កាមាទាត់យាយភួងមួយជើងពឹប។ នាងភួងផ្កាប់មុខ ។ ស្រីចាស់ប្រឹងស្ទុះ មកវិញចាប់នាងទេវីឱបជាប់នឹងដើមទ្រូង ។ កាមាដើរតន្ត្រំជើងទូងៗទៅបាត់ទៅ។ នាងភួងឱបនាងទេវីយំស្រែកហៅ៖
 កូនៗ កូនមាសម្ដាយ។
យូរបន្ដិចក្រោយមក នាងទេវីបើកភ្នែកបន្ដិចម្ដងៗ ។ ស្រីទាំងពីរយំទៅយំមកដាក់គ្នា។ ជីវិតនារីទាំងពីរស្ថិតនៅលើគំនរទុក្ខជាដរាប។ យូរៗ កាមាមកម្ដង និយាយពាក្យដដែលៗ ចែចង់ដដែលៗ ធ្វើបាបដដែលៗ គ្មានឈប់ឈរ។
វេលាក្រោយមក កាមាបណ្ដេញទេវីឲ្យទៅទីណាឆ្ងាយផុតពីភូមិខ្លួន។ នាងទេវីក៏នាំនាងភួង ទៅនៅទីភូមិក្រោមចំងាយប្រមាណប្រាំគីឡូម៉ែត្រពីទីកន្លែងធ្លាប់នៅ។ កល្យាណរងទុក្ខវេទនាអនេកទាំងពីរប្រាណ។
រាត្រីមួយនាងទេវីឈឺពោះ។ នាងភួងក៏ភ័យរត់ដាស់គេឯងមកជួយទាំងយប់ ។ យាយម៉បនៅក្នុងភូមិ មេត្ដាករុណាមកជួយផងដែរ។ បុត្រីមួយក៏ប្រសូតឡើងក្នុងពេលនោះ ។ កូននោះមានរូបឆោមលោមពណ៌ល្អឯក ថ្លោសទ្រលុកៗ គួរជាទីស្នេហាក្រៃពេក។ នាងទេវីមើលមុខបុត្រីនាងញញឹមដោយរីករាយ។ ប៉ុន្មានថ្ងៃក្រោយមក នាងទេវីបានចេញពីភ្លើង។ មានបងប្អូនជិតខាងជាច្រើន ខ្លះយកអង្ករមួយកញ្ជើម្នាក់មកចងដៃកូនថ្មី ខ្លះយកសំពត់ថ្មីៗ មកជូន ខ្លះបានត្រីសាច់មកជូន រួចនាងទេវីក៏បានជូនអំណរអរគុណទៅគេវិញយ៉ាងអស់ពីដួងចិត្ដ៕
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ