រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ
ភាគទី១៩៖ ចាញ់កល់ស្នេហា
កន្លះខែក្រោយមកទៀត នាងមណីមានពេលនិយាយគ្នាយ៉ាងស្រួលជាមួយបំរុងដែលនាងបានស្គាល់លើដំបូលទូក។ នាយបំរុងក្រលេកមើលនាយអាយក្រែងឃើញអ្នកអែទៀត រីអែនាងខត្ដិយាណីរំភើបញាប់ញ័រក្រៃពេក ដោយបានឃើញបុរសនេះ។ នាងស្ទុះទៅចាប់ដៃបុរសនិយាយខ្សឹបៗថា :
ម៉េចបងភ្លេចអូនហើយរឺនៅ ?
ទេ ! ខ្ញុំមិនភ្លេចទេ
បងមានរៀបចំរត់ទេ ?
រៀបចំស្រេចអស់ហើយ
អញ្ចឹងរឺ? ប្អូនត្រេកអរណាស់។ ប្អូនមិនអាចរស់នៅក្នុងច្រវាក់ដូច្នេះទេ
តែប្រហែលបីថ្ងែទៀត ពួកវាទៅទន្លេទិញត្រីហើយ នៅសល់ក្នុងបន្ទាយតែបួនដប់នាក់ទេ គ្មានអ្នកណាច្រើនទេ
ចុះបងអែងទៅទេ ?
ទៅ ! ប៉ុន្ដែដល់ពាក់កណ្ដាលផ្លូវខ្ញុំរត់មកវិញ
ចុះអ្នកយាម ?
ហ៊ី! ពួកអាមោឃអស់នេះនោះ ខ្ញុំអាចកុហកវាថាខ្ញុំឈឺទៅមិនរួច។ ដល់យប់យើងនាំគ្នារត់
ខ្ញុំរត់មិនរួចទេ
យើងជិះសេះ
ថាបានតែប៉ុណ្ណោះ នាយបំរុងឃើញទាហានម្នាក់ដើរមកជិតបុរស ធ្វើជាលើកចានបាយរបស់នាងមណីយកទៅលាងហើយដើរចេញទៅ រាត្រីនោះស្ងាត់ឈឹង។ ពលរេហ៍ទាំងឡាយចេញដំណើរទៅបាត់អស់ សល់តែបួនដប់នាក់ចាំកន្លែង ហើយមាននាទីយាមព្រះនាងខត្ដិយាណី នាយបំរុងតុបតែងខ្លួនយ៉ាងអង់អាច។ បុរសសៀតកាំបិតស្នៀតមួយនៅចង្កេះ ជិតដាវមួយយ៉ាងវែង។ បុរសចាប់យកកូនសោច្រវាក់ពីកន្លែងមានន្ទយកទៅចាក់។ មិនយូរប៉ុន្មាន ព្រះនាងបានរួចពីចំណង។
បុរសកាន់ដៃនាងរត់កាត់ជុំរំខ្មាំង។ សេះមួយយ៉ាងធំដាក់អានស្រេចរង់ចាំគេ។ ដល់ហើយមានពលោតលើខ្នងសេះភ្លែត ហើយអោនខ្លួនមកចាប់នាង ស្ទួយលើកឡើង។ អាជនេយ្យក៏បំផាយវឹងយ៉ាងលឿនស្លុងក្នុងទីងងឹត។ អ្នកយាមរហ័សដូចព្រួញស្រែកវ៉ាសឡើងស្ទុះរត់ទៅចាប់មុខសេះង៉ក់។ នាយបំរុងកាប់ផូងដួលខ្ពោក។ សេះក៏បោលវឹងទាហានបួននាក់ក៏ស្ទាក់ជាប់ទៀត។ សេះរេចុះឡើង ដាវនាយបំរុង និងដាវទាហានក៏លាន់លឺចែសៗ។ សេះរេចុះ រេឡើងរត់វឹងទៅទៀត ខាងទាហានក៏រត់តាមពុំទាន់ឡើយ។

មិនយូរប៉ុន្មាន សេះខាងទាហានទាំងបួនក៏ដេញតាមប្រកិតជាប់ពីក្រោយខ្នងសេះព្រះនាងខត្ដិយាណី ដែលភ័យរកពេលណាមកប្រៀបពុំបានឡើយ។ លុះដល់មាត់ស្ទឹង នាយបំរុងបង្អោបនាងមណីលោតប្រូងទៅក្នុងទឹក។ ទាហានទាំងបួនដែលមកជាបន្ទាន់ ក្រលេកឃើញនាយបំរុងហែលបានជិតដ ល់ត្រើយម្ខាងស្រេច នាំទាំងសេះទៅផង។ មានទាហានពីរនាក់មិនចេះហែ លទឹក អ្នកដែលចេះក៏ហក់ប្រូងអិតបង្អង់ឡើយ។ លុះបានដល់ត្រើយម្ខាងហើយ ពលរបស់មានន្ទក៏ឡើងលើខ្នងសេះយ៉ាងប្រញាប់ប្រញាល់បន្ទាន់ដេញតាម។ សេះនាយបំរុងរត់កាត់ទៅភ្នំស្វាយ។ លុះដល់ច្រកតូចមួយសេះនោះក៏ចូលទៅ។
ទានហានទាំងពីរក៏ចូលទៅតាម។ អ្នកឃើញស្ងាត់ រួចងងឹតស្លុង។ បុរសស្ទាបៗចូលទៅ។ រូងកាន់តែជ្រៅទៅៗ។ ដៃដែលស្ទាបក៏បះឃើញមាត់ទ្វារដែលទើបនឹងបើក។ ផុតពីមាត់ទ្វារនេះ ស្រាប់តែមានពន្លឺចង្កៀងប្រេងកាតភ្លឺរន្ទាលពីបន្ទប់ខាងក្នុងមក។ ទាហានទាំងពីរដកដាវប្រថុយចូលទៅទៀត។ អ្នកបានឃើញរូងនោះធំ មានតុ ជើងម៉ា ស្អាតស្អំ តែមានពីងពាងព័ទ្ធដោយអន្លើ បង្ហាញអោយឃើញថា គ្មានមនុស្សនៅឡើយ។ គេព្រឺក្បាលខ្ញាកៗទាំងពីរនាក់ តែប្រុងខ្លួនជានិច្ច។ ទាហានម្នាក់ទៅលើកយកចង្កៀងមួយមកដើរលបៗមើលនាយអាយរកច្រកទៅមុខទៀត។ លុះទៅដល់តុតូចមួយនៅកៀនឃើញមានសំបុត្រមួយសរសេរថា "ដើរបីជំហានពីតុនេះទៅខាងឆ្វេង នឹង ឃើញពាងទឹកមួយ លើកពាងទឹកនោះឡើង នឹង ឃើញសំបុត្រមួយទៀតដែលអាចនាំផ្លូវទៅមុខទៀតក្នុងរូងនេះ"។
ទាហានទាំងពីរអរផងភ័យផង ក៏ងាកទៅខាងឆ្វេងឃើញពាងទឹកមួយមែន។ ជនទាំងពីរស្ទុះទៅលើកពាងនោះឃើញសំបុត្រមួយទៀត សរសេរមិនដឹងពីរាជណាមកទេ អក្សររលុបលែងចង់ច្បាស់អស់ទៅហើយ។ បើកសំបុត្រឡើងឃើញអក្សរដាក់ថា : «ដើរស្របតាមជញ្ជាំងទៅខាងស្ដាំឃើញបំពង់រិស្សីមួយ។ នៅលើបំពង់រិស្សីនោះមានចង្កៀង។ លើកចង្កៀងនោះចេញ យកបំពង់រិស្សីនោះមកទាញ អ្នកនឹងឃើញកូនសោមួយ។ យកកូនសោទៅចាក់ចំរន្ធដែលអ្នកឈរលើកចង្កៀងនោះអែង នោះអ្នកនឹងទៅដល់បន្ទប់មួយ ដែលមានគ្រែមាសសំរាប់ដេក»។
ទាហានទាំងពីរក៏ធ្វើតាម ស្រាប់តែឃើញដូចសំបុត្រមែន។ លុះយកសោទៅចាក់បើកឡើងក៏ឃើញមានជន្ដើរមួយចុះទៅក្រោមទៀត។ បុរសទាំងពីរចុះទៅក្នុងបន្ទប់ខាងក្រោមអិតបង្អង់។ បន្ទប់នោះមានចង្កៀងប្រេងកាតភ្លឺដូចបន្ទប់ខាងលើដែរ។ បុរសឃើញគ្រែមាសមែន អ្នកត្រេកអរក្រៃពេកនិយាយខ្សឹបគ្នាថា:
វារត់ទៅណាមិនឃើញ កតអែងយល់ថាម៉េច ?
យើងនៅក្នុងអន្ទាក់វាហើយ តោងប្រុងខ្លួនអោយមែនទែន។ ឡំអែងខ្លាចរឺ?
ហ៊ី ! ទៅខ្លាចអី កតអែងមិនស្គាល់ចិត្ដយើងទេ
យើ! កន្លែងនេះ សុទ្ធតែមាសពេជ្រសំបើមណាស់។ គឺញើសក្អែលឈាមរាស្ត្រ ពួកវាយកមកលាក់នៅទីនេះ។ ហ៊ឹស! គិតទៅអានិតរាស្រ្ដណាស់ គេអារកហុតឈាមរាល់តែថ្ងៃ នៅតែមិនដឹងខ្លួនទៀត។ រួចមានខ្លះនោះ ឆ្កួតថាអានិតគេទៀត។ អោ! ជំងឺខ្មែរអ្វីក៏ធ្ងន់ម៉្លេះទេ។ ជាតិជិតរលាយទៅដោយសារពួកនិគ្រន្ដទាំងនេះ នៅតែខ្មែរមិនទាន់ភ្ញាក់ខ្លួនទៀត?
ទឹកមុខជនទាំងពីរឡើងក្រៀមក្រោះគួរអានិតក្រៃពេក
* បញ្ហាខ្មែរត្រូវគេជញ្ជាក់ឈាម
* បញ្ហាខ្មែរត្រូវមនុស្សភាគតិចសង្កត់សង្កិន
* បញ្ហាខ្មែរ ដែលក្រវេទនារហេមរហាម គ្មានបានដោះស្រាយសោះ ហើយហាក់ដូចជាជំពាក់ស្មុគស្មាញណាស់រកផ្លូវដោះស្រាយមិនរួច ដោយរាស្រ្ដហាក់គ្មានភ្ញាក់រលឹកសោះក្នុងរឿងជាតិ។
នាយកត និងនាយឡំក្រលេកមើលឆ្វេងស្ដាំឃើញមានតុ ទូ និងគ្រឿងប្រដាប់ផ្សេងៗ ច្រើនជាអនេកដែលសុទ្ធសឹងតែវត្ថុមានតំលៃ។ ជនទាំងពីរដាក់ចង្កៀង ឡើងអង្គុយលើគ្រែ ត្រចៀកប្រុងស្ដាប់សូរបណ្ដើរមាត់ជជែកបណ្ដើរ
នាយកតនិយាយខ្សឹបៗថា
យើងដេកលើគ្រែនេះហើយ លបចាំព្រឹកស្អែកដល់មានពន្លឺស្រួលបួលយើងដើរមើលទីនេះអោយសព្វគ្រប់ទៅទៀត
អឺ ! បើដូច្នោះកតអែងយាម ដល់ពាក់កន្ដាលអធ្រាត្រយើងយាមវិញម្ដង
យល់ព្រម !
ក្នុងមួយវិនាទីនោះ ស្រាប់តែគ្រែភ្លាត់ខាងក្រោម ជនទាំងពីររមៀលដូចដុំដីធ្លាក់ទៅក្នុងរណ្ដៅមួយយ៉ាងជ្រៅដាច់ស្រយាលងងឹត អិតមើលឃើញអ្វីត្រជាក់ដូចសំរិទ្ធ
តើជនទាំងពីរស្លាប់ រឺ រស់ ?
គាប់ជួនរដូវនោះជារដូវវស្សា ភ្លៀងធ្លាក់ញឹកញយអន្ដូងដែលនាយកត និងនាយឡំបានធ្លាក់នោះមានទឹក។ ដោយដឹងខ្លួនធ្លាក់ខ្ពោកទៅក្នុងទឹកលឺសូរគ្រាំ នាយកតប្រវេប្រវាអោបនាយឡំដែលធ្លាក់ទៅមុន ច្របូកច្របល់ក្នុងទឹកដែលហូរតាមរូងមួយធំចុះទៅចំហៀងម្ខាង
នាយកតនិយាយថា
អើវើយ ! វាប្រុងសំលាប់យើងមែន
នាយឡំសើច
យើងមិនទាន់ស្លាប់ទេ !
អឺ អែងថាប្រុងណាស់ដែរ
គង់តែភ្លាត់ស្នៀតបាន !
ហាស ៗ ហួសចិត្ដពេក ! អញនឹកថា យើងនៅក្នុងអន្ទាក់វា អីលូវនៅមែន !
រងាណាស់វើយ ! យើងនាំគ្នាទៅតាមខ្សែទឹកទៅរឺ ?
ទេ ! កុំទាន់អាលទៅណាប្រយ័ត្នគ្រោះទៀត
ចុះធ្វើយ៉ាងណា ?
នាយកតគ្រវីក្បាល
រង់ចាំមើលហេតុការណ៍សិន! មិនបានទេ មីខត្ដិយាណីនេះវាប្រសប់សំលាប់មែន! វាចេះប្រមូលយើងអោយមកនៅក្នុងត្រកដូចត្រី!
នាយឡំសើចយ៉ាងរីករាយ
អញសប្បាយចិត្ដនឹងស្លាប់ដែរ ព្រោះចាញ់អុបាយកលស្ត្រី !
អើល្មមមុជទឹកនឹងចានទាបសំលាប់ខ្លួនដែរ ! ហាៗ . . .
នាយកតគំហកថា
ឆ្កួត ! មើលយើងរាវមើលខាងស្ដាំ អែងមើល ទឹកវាហូរពីណា?
អៃយ៉ា ! មានរូងធំណាស់វើយ! ប្រហែលជាហូរមកពីកំពូលភ្នំស្វាយនេះអែង
បើដូចនោះ យើងមានតែផ្លូវបណ្ដោយខ្លួនអោយហូរចុះទៅស្ទឹងក្រោម រឺ យើងនាំគ្នាឡើងទៅលើកំពូលភ្នំក៏បាន! យ៉! វាមិនទាន់អស់ផ្លូវឯណា?
នាយឡំសើចម្ដងទៀត
អញដូចមិនទាន់ចង់ទៅណាសោះ គឺចង់ឡើងទៅលើ មើលគន្លឹះគ្រែអន្ដរធាននេះម្ដងទៀត
នាយកតឆ្លើយកាត់ភ្លាមថា
ឆ្គួត ! ឡើងអែណារួច អន្ដូងនេះជ្រៅណាស់ណ៎ា !
វាចង់សំលាប់យើង។ មុននេះអន្ដូងនេះសុទ្ធតែថ្ម។ វាស្មានថាយើងស្លាប់ហើយមើលទៅ! យី! ស្រ្ដីតិរច្ឆាននេះពូកែណាស់!
ភីញ! វត្ថុអ្វីមួយយ៉ាងធ្ងន់ធ្លាក់មកពីលើជនទាំងពីរ ដែលកំពុងនិយាយគ្នា។ ទឹកបែកខ្ចាយព្រោង។ នាយកតលាន់មាត់ «ង៉ឹក»។ នាយឡំលាន់មាត់ស្រែក «វ៉ាស»។ នាយកតនិយាយយ៉ាងញាប់ថា
ស្អី ៗ ៗ ?
វត្ថុដែលធ្លាក់មកពីលើងើបឡើង។ នាយឡំស្ទុះភ្លែតទៅលើកឡើងហើយស្រែកថា
អៃយ៉ា ! កតមនុស្ស ! មនុស្សវើយ !
អីមនុស្សរឺ ? អ្នកណាហ្នឹង ?
នាយកតចាប់សក់ក្បាលបុរសថ្មីលើកឡើង នាយឡំចាប់ដៃទាំងពីរជាប់សួរថា
ហាសៗ ! ពូអែងមកពីណា ?
បុរសថ្មីឈ្លក់ទឹកផង ដោយភ័យផង ឆ្លើយរដឹបរដុបថា
បាទ . . . បាទ . . . ខ្ញុំបាទ . . . ទាន !

ចិត្ដនាយកត និង នាយឡំដែលដំបូងនឹកថា បានមនុស្សម្នាក់ទៀតជាគ្នា ក្នុងអណ្ដូងមរណភាពនេះ លុះដល់សូរសំលេងមាត់បុរសនេះ ក៏ប្រែទឹកមុខ ខាំធ្មេញគំហកវិញភ្លាមថា
អាណា ? អាណា ? អាអែងរឺ ?
កតបន្ទរថែមថា
អាអែងរឺ ? អាឈាមខ្មៅ អាបំរុង ! !
សូរឈ្មោះបំរុងនេះលឺណែនឡើងទៅលើ។ នាយកតស្ទុះហេទៅច្របាច់ក នាយបំរុងដូចយក្ខដែលរៀបកាច់កសត្វអ្វីមួយធ្វើជាចំនីខ្លួន។
នាយបំរុងភ័យព្រលឹងនៅចុងសក់ឆ្លើយ
បាទទាន ! ខ្ញុំប្រះបាទម្ចាស់ . . . សូមៗ មេត្ដា . . . ទុក អាយុ . . . ខ្ញុំផង!
នាយកតសើចលាន់លឺខ្ទរខ្ចាយថា
ហាសៗ អាថ្លើមមួយ ពេលនេះជីវិតអាអែងស្លាប់មិនខាន។ គ្មានមេត្ដាករុណាអីទេ! អញហុតឈាមអាទាំងរស់អិតអោយស្រក់មួយតំណក់ដល់ដីទេ។ អាបំរុង! អាក្បត់!
ថាតែប៉ុណ្ណោះ នាយកតដាល់នាយបំរុងមួយដៃផូង។ នាយបំរុងដួលផ្កាប់ផ្ងារជ្រមុជទៅក្នុងទឹក។ នាយឡំស្រង់លើកឡើង វាត់មួយដៃទៀតលាន់លឺប៉ែស។ នាយបំរុងស្រែក
អូយ !
ងើបឡើងភ្លាម នាយបំរុងផ្លាស់សំលេងនិយាយយ៉ាងនឹងនួនថា
ឈប់មិត្ដជាទីស្នេហាទាំងពីរ។ ក្នុងពេលនេះប្រាកដជាខ្ញុំស្លាប់មិនខាន។ ប៉ុន្ដែមុននឹងស្លាប់ ខ្ញុំសូមជជែកជាមួយមិត្ដទាំងពីរអោយបានបន្ដិចសិន។
នាយកតឡូឡាថា
អើជជែកទៅ ! ថាទៅ ! អស់កិច្ចកាលណា ចាំអញអារកអោយឃើញជាក់ស្ដែង
នាយឡំសង្កត់ធ្មេញនិយាយថា
ហ៊ឹស អញមិនចង់អោយវានិយាយបានបីម៉ាត់ទៀតទេ! អាក្បត់គ្នាអែងដូចនេះ។ អញចង់តែពុះក្បាលវាជាពីរមើលខួរក្បាលវាអោយច្បាស់ ខួរអីក៏អាក្រក់ម៉្លេះ ខួរខ្ញុំគេ ខួរបង្កង។
កតរាដៃ ពោលថា
ឈប់ទុកអោយវានិយាយចុះ
នាយបំរុងលេបទឹកមាត់ក្អឿកៗ ប្រឹងទប់ស្មារតីនិយាយមួយៗថា :
ក្នុងពេលនេះ ខ្ញុំបានធ្វើខុសមែន! ខ្ញុំបានក្បត់មិត្ដទាំងអស់គ្នាមែន ខ្ញុំទទួលថាខ្ញុំខុសពេញទី! ដូចមិត្ដទាំងពីរជ្រាបច្បាស់ណាស់ហើយ ថាចិត្ដខ្ញុំយ៉ាងណាចំពោះជាតិយើងនោះ។ តែពេលនេះ ខ្ញុំបានមកខកខូចជឿសំដីស្រីកាឡកិណ្ណីរិស្សា។ អីលូវខ្ញុំដឹងខ្លួនហើយ។ ដូចនោះ បើទុកជាមិត្ដទាំងពីរមិនសំលាប់ខ្ញុំទេ ក៏គង់ខ្ញុំសំលាប់ខ្លួនខ្ញុំដែរ។ បើខ្ញុំរស់នៅ ខ្ញុំខ្មាសមិត្ដអែទៀតណាស់ ខ្ញុំខ្មាសប្រជាជនខ្មែរណាស់ ខ្ញុំខ្មាសខ្លាំងណាស់ ខ្ញុំខ្មាសខ្លួនអែងណាស់។
អោ! មិត្ដទាំងពីរ ខ្ញុំរស់នៅមិនកើតទេ ត្រូវតែខ្ញុំស្លាប់ ដើម្បីចាប់ជាតិថ្មី។ ហើយក្នុងជាតិមុខនេះ ខ្ញុំសូមអោយមានចិត្ដសប្បុរសចំពោះការងារដែលយើងកំពុងធ្វើ កុំអោយដូចជាតិនេះទៀត។
នាយកតស្រែកឡើងថា
គ្មានទេ ! អញគ្មានជឿពាក្យសំដីអាអែងទេ !
នាយឡំ គំហកថា
យើ! អាចង្រៃ អែងចេះណាស់ ចេះនិយាយសំរបនឹងអញណាស់។ អែងខ្លាចស្លាប់រឺ? អញមិនអោយសំលាប់ខ្លួនអែងទេ។ គឺអញត្រូវសំលាប់នឹងដៃអញ! អែងខុស អែងត្រូវមានទោស តាមទោសអែង។ បើអញខុសវិញ ក៏ដូច្នោះដែរ គឺអែងត្រូវសំលាប់អញ។ នេះហើយច្បាប់ពួកយើង អែងដឹងទេ! ភ្លេចហើយរឺ? ច្បាប់យើងគ្មានបើកអោយអែងសំលាប់ខ្លួនអែងទេ!
នាយឡំដកដាវខ្វាច់អិតបង្អង់ឡើយ។ នាយកតបន្ថែមថា
សំលាប់វាចោលទៅ អាកើតមកនាំតែធ្ងន់ផែនដីនេះ
នាយបំរុងរាដៃ និយាយមួយៗដដែល
ហ៊ឹះ ! មិត្ដទាំងពីរមានចិត្ដក្លាហានមែន! មិត្ដទាំងពីរជាអ្នកមានចិត្ដមានៈក្នុងការតស៊ូមែន! ខ្ញុំសូមសរសើរមិត្ដទាំងពីរយ៉ាងអស់ពីចិត្ដខ្ញុំ។ មែន ! ក្នុងការតស៊ូតែងមានអ្នកក្បត់ រួចអ្នកក្បត់ត្រូវតែផ្ដន្ទាទោសតាមទោស។ បាទ! ប៉ុន្ដែមិត្ដទាំងពីរជាទាហាន តើមិត្ដទាំងពីរបានបញ្ជាហើយរឺ? បានជាហ៊ានសំលាប់ខ្ញុំនេះ
នាយកតគំហកដាក់ត្រចៀកនាយបំរុងថា
យើ អាត្មាត! ចាំបាច់បញ្ជាអីទៀត បើអញចាប់ភស្ដុតាង ទោសអែងបានដោយជាក់ស្ដែងយ៉ាងនេះទៅហើយ! អាអែងនាំមីអន្យតិរ្ថីយរត់ អញដេញតាមប្រកិតមក។ អាអែងនាំវាហែលឆ្លងទឹកទៀត។ អាអែងនាំវាចូលមកទីនេះទៀត
នាយបំរុងតបថា
តើមិត្ដបានគិតទេ បើខ្ញុំ និងមីស្រីនេះត្រូវគ្នា ម្ដេចបានជាខ្ញុំមកធ្លាក់ក្នុងរណ្ដៅនេះ ពោលគឺ ម្ដេចបានជាវាចង់សំលាប់ខ្ញុំ?
នាយកតសើចថា
ហាសៗ អញអិតត្រូវការឆ្ងល់! អាអែងកុំលាក់! អញជាចោរប្លន់ប្រទេស អញដឹងអស់! អាអែងនិយាយស្រលាញ់វានៅលើដំបូលទូក! មែនទេ?
នាយបំរុងភ្ញាក់ព្រើតនឹងពាក្យនេះ។ បុរសមើលឃើញថា មុខជាស្លាប់មែនហើយពេលនេះ
នាយកតបន្ដទៅទៀតថា
ក្រោយមកអាអែងនិយាយនឹងវាថា ចាំដល់គេទៅទន្លេអាអែងនឹងនាំវារត់។ នែ! អាខ្មោចវាធ្វើជាស្រលាញ់អាអែងទេ! វាជាកូនអ្នកធំ។ អាភ្លើវាមិនមែនមកស្រលាញ់ក្បាលអាអែងដែលវាថាថោកដូចអាច់នោះទេ! ក្នុងពេលនេះ បានជាវាសំលាប់អាអែង ព្រោះវាមិនចង់អោយបែកការណ៍ ខ្លាចអាអែងដើរអួតប្រាប់គេអែងថា សង្សារអាអែង គឺព្រះនាងកែវមណីនោះអែង។ លឺទេ! ដឹងហើយ រឺនៅអាខ្មោច?
នាយបំរុងភាំងអស់ស្មារតីនិយាយតិចៗថា
តែក្នុងពេលនេះ បើមិត្ដទាំងពីរទុកជីវិតខ្ញុំ ៗនឹងសងឈាមមីនេះអោយបាន។ មិត្ដសំលាប់ខ្ញុំទៅក៏អិតប្រយោជន៍ បើទុកខ្ញុំវិញនោះ គឺខ្ញុំជាកំលាំងមួយថ្មីដែលជួយដល់កិច្ចការរបស់យើង។ ម្ដងនេះ ខ្ញុំមិនខ្លាចស្លាប់ទេ។ ខ្ញុំត្រូវស្លាប់ តែខ្ញុំសុំទុកជីវិតនេះដើម្បីព្យាបាទវាវិញធ្វើអោយវាអាម៉ាស គឺបើកកេរវា ដែលវាចង់បំបិទអោយជិតនោះអែង។ យល់ព្រមទេ ?
នាយឡំលាន់មាត់ឡើងថា
អញមិនមែនចាញ់បោកអាអែង ដូចអាអែងចាញ់បោកស្រីទេ! អញមិនចាំបាច់អោយអាអែងជួយទេអាក្បត់! គេលែងទុកចិត្ដអាហើយ! ទៅ ៗ ៗ! !
នាយឡំហៀបនឹងវាត់ដាវផ្ដាច់សិរសានាយបំរុង តែនាយបំរុងគំហកខ្លាំងឡើងថា
មិត្ដទាំងពីរឈប់សិន ! ខ្ញុំនិយាយជាមួយមិត្ដៗ មិនស្ដាប់ខ្ញុំសោះ រឺ ស្ដាប់មិនបានសោះ ។ មិនអីទេមិត្ដ! ប៉ុន្ដែខ្ញុំចង់សើច មិត្ដទាំងពីរជាអ្នកតស៊ូកាន់អាវុធនៅដៃ តើមិត្ដមិនខ្មាសខ្មោចទេរឺ ដែលមកសំលាប់ខ្ញុំ ដែលនៅពេលនេះគ្មានអាវុធនៅដៃនោះ ?
នាយកតពេបមាត់ ដកដាវពីចង្កេះខ្លួនអិតបង្អង់ហុចទៅអោយនាយបំរុងភ្លាម
អាភឿន បើចង់ស្លាប់ដាវនៅដៃក៏បាន! មកចុះ អញមិនខ្លាចស្លាប់ដោយតស៊ូជាមួយអាមនុស្សក្បត់ទេ ។ មកអានាង មកចុះ
ថាតែប៉ុណ្ណោះ នាយកតឆក់ដាវពីដៃនាយឡំអិតបង្អង់ឈរប្រុងស្នៀតទល់មុខខ្មាំង
នាយឡំធ្វើជាអាជ្ញាកណ្ដាលចាំមើលខុសត្រូវយ៉ាងក្លាហាន ក្នុងអណ្ដូងជ្រៅ។ ដែលអីលូវមានពន្លឺភ្លឺកាន់តែខ្លាំងឡើង និងក្នុងទឹកដែលហូរពាក់កណ្ដាលខ្លួន។
នាយឡំនិយាយថា
មុននឹងយើងទាំងពីរចាក់គ្នា អញសុំសួរយកការពីអាបំរុងបន្ដិច . . .
នាយបំរុងកាត់ភ្លាម
សួរអញទៅអញប្រាប់
អើ អែងខែងមែន ! អញសួរថា មុនដែលអែងធ្លាក់មកក្នុងអណ្ដូងនេះ អែង និងមីស្រីកំណាចនោះធ្វើអ្វីខ្លះ ?
នាយបំរុងនិយាយថា

មានជាការអី អញប្រាប់បាន! មុននេះ កាលឆ្លងកាត់ស្ទឹងមក ព្រះនាងបញ្ជាអោយអញជិះសេះកាត់ព្រៃនេះមក។ ព្រះនាងស្គាល់ព្រៃនេះជាងព្រានព្រៃទៅទៀត។ ស្រាប់តែបត់ចុះ បត់ឡើងយើងទាំងពីរបានចូលមកដល់ទីនេះ។ ព្រះនាងនាំអញទៅស៊ីបាយដែលមាន ស្រីម្នាក់ដាំទុកយ៉ាងក្ដៅៗ សម្លមានសុទ្ធតែសាច់ជ្រូក សាច់គោ! អញស្មានតែចំណីទិព្វតើ! ចានក៏មាស ផ្ដិលដាក់ទឹកក៏មាស ពាងក៏មាសទៀត។ ស្រីអង្គុយជិតអញ ថ្លែងអំណរគុណដល់អញ។ អញអោបក្រសោបនាង!
លុះដល់ពេលបាយហើយ នាងអោនមកថើបអញ។ អញសុំនាងថើបវិញ តែនាងពុំព្រម ប្រាប់អញថាអៀនណាស់ៗ! អញទុកចិត្ដស្រីដ៏ល្អអស្ចារ្យនេះ។ នាងនាំអញដេកលើគ្រែនេះ ដោយប្រាប់អញថានឹងប្រថុយប្ដូរជីវិតនឹងអញហើយ។ អញនឹកថា ក្នុងមួយពេលនេះនឹងបានស្គាល់រស់ជាតិធីតាជាគូកល្យាណមិនខាន។ អញអរផង ភ័យផង ស្រលាញ់ផង។
លុះមកដល់គ្រែ ធីតាអោយអញចូលដេកលើគ្រែ។ នាងទៅពន្លត់ចង្កៀង។ ក្នុងពេលនោះហើយទើបអញធ្លាក់ខ្លួនមកក្នុងអណ្ដូងនេះ
នាយកតស្រែកថា
ចប់ហើយប្រយុទ្ធ !
សូរដាវក៏លាន់លឺប៉ែសៗ អិតបង្អង់ឡើយ។ នាយបំរុងកាត់គេចដួលច្របូកច្របល់ក្នុងទឹក។ នាយកតដោយសេចក្ដីក្រោធខ្លាំងពេក ក៏ចាក់អិតសំចៃដៃឡើយ នាយបំរុងរងជាប់ រួចចាក់នាយកតវិញដែលគេចយ៉ាង លឿនដូចផ្លេកបន្ទោរ។ នាយឡំចាំទះដៃសើច ត្បិតឃើញនាយកតមានប្រៀបលើខ្មាំងដរាប។ បន្ដិចក្រោយមក នាយឡំបើកភ្នែកធំៗ ព្រោះស្រាប់តែដាវនាយកតរបូតពីដៃបាត់។
នាយកតគេចចុះ គេចឡើងចាប់បានដៃនាយបំរុងកាច់មួលត្រាតែធ្លាក់ ដាវពីដៃដូចគ្នា។ ទឹកបែកខ្ចាយ។ ជនទាំងពីរជ្រមុជក្នុងទឹកជាទីល្អមើលអស្ចារ្យ។ ជួនកាលនាយបំរុងលិចបាត់ទៅវិញ ធ្វើអោយនាយឡំទះ ដៃសើចសប្បាយ។ រួចគូសត្រូវទាំងពីរងើបឡើងស្មើគ្នា។ នាយកតស្ទុះ ទៅដាល់ផូងត្រូវថ្គាមនាយបំរុងដែលដួលផ្ងារទៅក្រោយ។ នាយកតលោតវីទៅចាប់កអាវបានទៀត ដាល់ពោះពឹបៗ រន្ថើនគ្នាអស់ទំហឹងដៃ។ នាយបំរុងទន់ដៃ នាយកតជំរុញថែមចាប់កអាវនាយបំរុងលើកឡើង ដាល់ម៉ាំងៗទៀត។ នាយបំរុងដួលបាត់ស្មារតី។ នាយកតមិនអស់ចិត្ដជាន់ពន្លិចបាត់ទៅក្នុងទឹកអស់ពេលជាយូរ រួចចាប់លើកឡើងឃើញមុខដាល់ប៉ាច់ៗទៀតជាន់ពន្លិចញក់ញីថែមទៀតត្រាតែនាយបំរុងដាច់ខ្យល់ស្លាប់ សូន្យឈឹង។
នាយឡំស្ទុះទៅគ្រាហ៍នាយកតទ្រឡើងយកអាវជូតញើស និងទឹកដែលជាប់នូវពាសពេញមុខមិត្ដ។ ខ្មោចលិចបាត់ទៅបាតអណ្ដូង។ នាយកតហត់អ្វីក្រៃណាហាត់ហ៊ឹះៗ។ យូរក្រោយមក ជនទាំងពីរស្រវាយកដាវមកស្រៀតចង្កេះរៀងខ្លួន រួចនាំគ្នាចូលក្នុងរូងឡើងទៅលើខ្សែទឹក។ លុះធ្វើដំណើរក្នុងដីនេះបាន មួយស្របក់ ទើបបានទៅដល់កំពូលភ្នំស្វាយ។ ជនទាំងពីរកៀកកគ្នាដកដង្ហើមធំៗ មើលទៅកំពូលប្រាសាទព្រះកំពុតដែលឈរក្រអើតចាក់ អាកាសភ្លឺឆើតឆាយ។
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ