រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ
ភាគទី១៦៖ រំដោះអ្នកស្នេហាជាតិ
ព្រឹកនោះ ស្រុកភ្នៀតមានសកម្មភាពខុសពីធម្មតា។ រទេះប្រមាណជិតមួយរយមកឈប់សំចតណែនណាន់តាន់តាប់ ខ្លះនៅជ្រកក្រោមដើមឈើ ខ្លះនៅកណ្ដាលវាល រាយមាយប្រទាក់ប្រទងបញ្ច្រាស់បណ្ដោយគ្នាពាសពេញដី រីអែគោក៏នៅពាសពេញត្រង់នេះ ត្រង់នោះក្បាលសំយុងចុះដល់ស្មៅ គិតតែពីបរិភោគ អិតមាននឹកនាដល់អ្វីឡើយ ព្រោះបានអូសរទេះនឿយហត់ជាយូរថ្ងៃណាស់មកហើយ។ ចំនែកខាងម្ចាស់ពាហនៈដ៏ប្រសើរទាំងនោះដល់បានបើកលុយកាក់ពីថៅកែក្រោយពីបានដាក់ប្រហុកត្រីចុះពីលើរទេះខ្លួនដល់ផ្ទះហាងហើយ ក៏ដើរចុះដើរឡើងខ្មៅងងឹតអែទីផ្សាររាយរហូតដល់ភូមិថ្មី។ អ្នកខ្លះកំពុងកាត់តំលៃអីវ៉ាន់យ៉ាងអ៊ូអរជាមួយពាណិជ្ជនានា។ អ្នកខ្លះទៀតអិតគិតច្រើនទេរវល់ផឹកស្រវឹងប៉ោលែនិយាយឡូឡាអិតអៀនខ្មាស់។ អ្នកខ្លះទៀតប្រមូលគ្នាដំកង់ឈ្ងោកចានអាប៉ោង រួចសើចហ៊ោអឹងកង។ ស្រីៗលក់អីវ៉ាន់ឆ្លៀតអោកាសនេះស្រែកហៅអ្នកផងដែលដើរកាត់មុខរានខ្លួន លឺសូរកោកគួរអោយសប្បាយ។

ក្នុងចំនោមមនុស្សមីរដេរដាសនេះ គេសង្កេតឃើញមនុស្សម្នាក់រាងសមសួនស្លៀកពាក់ស្អាតបាតពាក់មួកសំបុកហាមធំក្របាង ដើរយ៉ាងរហ័សកាត់ទីផ្សារ។ ជនអ្នកផងបើកផ្លូវអោយបុរសចំលែកដែលមើលទៅទឹកមុខប្រមាណអាយុមិនហួសពីសាមសិបឆ្នាំឡើយ។ ភ្នែកខ្មៅស្រស់។ បុរសយើងដើរបណ្ដើរ ច្រានខ្នងអ្នកដែលពាំងផ្លូវបណ្ដើរ សើចបណ្ដើរ ងក់ក្បាលគំនាប់អ្នករាស់គ្នាបណ្ដើរ។ ពីក្រោយមនុស្សម្នាក់ទៀតធាត់ក្រអាញ វែកគេអែងរត់តាមបុរសចំលែករបស់យើង។ ស្រីខ្លះដៃដល់រត់តាមចាប់អាវបុរសដែលដើរក្រោយនេះ ដណ្ដើងសួរ :
ទិញទេបង ! បងវីរៈ !
វិរៈញញឹមក្របួចមាត់នឹងពាក្យសំដីដ៏ទន់ភ្លន់របស់នារីអ្នកលក់ ឈប់កណ្ដាលហ្វូងស្រីៗ ដែលចោមរោមអ្នកដូចស្រមោច។ វិរៈសប្បាយចិត្ដណាស់ មើលមុខគ្រប់គ្នាលូកដៃទៅចាប់កអាវខ្លួន។ មើលទៅបុរសដើរមុខ បុរសនោះសើចដាក់វិញគ្រហាញពីលើមាត់ទ្វារផ្ទះតៀមមួយ។ ជនអ្នករទេះជាច្រើនដែលចាញ់អាប៉ោង និង ស៊ីផឹកច្រើនពេក ក៏ទៅឈរត្រៀបត្រាពីមុខបុរសនោះ រួចនិយាយបន្ដបន្ទាប់គ្នាថា :
ថៅកែ ! ថៅកែ ! ថៅកែ ! បាទទាន!
គឺថៅកែនេះហើយដែលមានឈ្មោះថា «អារុណ»។ ឈ្មោះនេះហើយដែលមានន្ទបាននឹកដល់ រួចដែលមហាកាលបានប្រាប់ទៅរកទទួលទានអែទន្លេសាបបាត់ទៅហើយនោះ។ ចំនួនជាងមួយខែមកហើយដែលអារុណទៅប្រកបរបរនោះ។ អ្នកទិញត្រីប្រហុកបានច្រើន រួចបានជួលរទេះអ្នកស្រុកដឹកយកមកលក់ នៅភូមិភ្នៀតនេះ ព្រោះនៅទីនេះមានថៅកែអែទៀតទទួលយកទៅលក់អែបាត់ដំបង រឺ ស្រុកសំរោង កូបតូច កូបធំ អរញ្ញ៘
ថ្ងៃនេះអារុណទើបតែដឹកត្រី និង ប្រហុកមកដល់ ហើយលក់បានចំណេញប្រាក់ជាច្រើន។ មានពលើកដៃស៊ីញ៉ូដាក់វីរៈកន្ធាត់ ពោះកំប៉ោងដើរមករកអ្នក រកកល់ពុំរួច ព្រោះពោះនេះទើសនឹងស្រីៗដែលរាំងផ្លូវចាប់អោយទិញអីវ៉ាន់។
វិរៈលើដៃទាំងពីរទៅលើធ្វើងក់ៗ តមមកអារុណជាមហាមិត្ដវិញ។
អារុណលូកដៃទៅក្នុងហោប៉ៅ បាចប្រាក់ដួងព្រោង។ អ្នកផងដណ្ដើមគ្នារើសប្រញាយ។ ស្រីៗដែលរោមវីរៈក៏រត់ទៅរើសប្រាក់នឹងគេអស់រលីង។
មួយស្របក់មកគេឃើញអារុណ និង វីរៈកៀកដៃគ្នាដើរហួចយ៉ាងរីករាយបំផុត។ វីរៈទីងទាំងៗ រត់តាមមិត្ដខ្លួនដែលដើរលឿនជាង។
កុំ . . . កុំតែបានអែងជួយ អញមិនដឹងជាយ៉ាងណាទេ។
អារុណដែលខ្ពស់ជាងអោនមុខសើចយ៉ាងស្រស់ដាក់មុខវីរៈ ដោយស្រដីថា:
ឆ្គួតអោយស្រីៗ រោមមើលតែស្រមោច
វិរៈពេបមាត់បញ្ឈរភ្នែក សំរួចបបូរមាត់ ឆ្លើយវិញភ្លាម
បានតែអែងនោះហើយ អត់មួយនឹងគេនោះ
មនុស្សដែលអត់គូ គឺមនុស្សសប្បាយជាងគេ
ហាស់ៗ ៗ វាមិនដែល នែ . . . នែ . . . អានាង មនុស្សអត់គូគឺមនុស្សអភ័ព្វ
អារុណសើចយ៉ាងក្អាកក្អាយ ទាញដៃវីរៈដាក់ក្នុងក្លៀក ដើរយ៉ាងលឿនទៅទៀត ធ្វើអោយវីរៈត្រឹកៗតាម។ គេទុចងក់ !
អៃយ៉ា
គឺជាសូរមាត់អារុណ។ ទឹកមុខមានពដែលរីកដូចផ្កាអំបាញ់មិញ អីលូវក្លាយទៅជាស្ងួត ភ្នែកទាំងពីរសំលឹងក្រដាសមួយដែលបិទនៅគល់ឈើ។ អារុណខាំធ្មេញដើរចូលទៅជិតក្រដាសនោះ។ វិរៈពុំចេះអក្សរ ក៏ឈប់មាត់ស្ងៀមមើលមុខមិត្ដខ្លួន។ វីរៈឆ្ងល់ពេកក៏សួរថា
អីសំលាញ់ ?
មានពចង្អុលទៅគល់ឈើ
នុ៎៎ះហ្ន៎ ! ម្ដេចគ្មានភ្នែកទេរឺ ?
គេថា អី ?
ហ៊ី ! វីរៈ ! វីរៈ ស្លាប់ហើយវីរៈ !
ស្អីៗ អារុណ ?
ស្លាប់ហើយ ៗ ៗ!
អារុណច្រានវីរៈអស់មួយទំហឹងដៃ លោតកញ្ជ្រោលទៅលើអាកាស
ស្លាប់ហើយវីរៈ ឆាប់ៗ ៗ ៗ ទៅ ៗ !
វីរៈដែលដួលទីណាត់ទីនែងមិនខ្ចីក្រោក ក៏អេះក្រចកឈ្ងោកមើលដី។ អារុណឆ្លេឆ្លា មើលទៅក្រដាសនៅគល់ឈើម្ដង មើលទៅរទេះទាំងពួងម្ដង មើលទៅវីរៈដែលដួលម្ដង រួចទើបស្ទុះទៅលើកស្មាវីរៈឡើង។
ធ្វើយ៉ាងណា ?
អញថារឿងអី?
អារុណបបូរមាត់ឡើងស្លាំង ភ្នែកធំៗនិយាយថា
លោកគ្រូត្រូវគេចាប់ហើយ !
វីរៈក្រលេកខ្វាច់មើលមុខអារុណ ភ្នែកឡេឡា
ស្អី . . . អែងថាអី ?
លោកគ្រូត្រូវគេចាប់ហើយ !
វីរៈក្រលាប់ក្បាលទៅនឹងដី រមៀលត្រលុបតុបបួនដប់ជុំ ហូតដាវខ្វាច់ កាប់អារុណញ៉ាំងៗ អិតបង្អង់។ អារុណរងឆាំងៗ កាប់កូនឈើនៅជិតនោះដាច់ជាបួនដប់កំនាត់ភ្លាមមួយរំពេច។ បើក្រៅពីអារុណប្រហែលរងដាវរបស់វីរៈមិនបានជាដាច់ខាត ព្រោះវីរៈកាប់មិនអោយដឹងខ្លួនសោះ។
វីរៈរងដាវរបស់អារុណ រួចកាប់ដីប៉ាំងៗ ដួលទាំងខ្លួនភីង និយាយថា
អារុណអើយ ! អញស្លាប់ហើយ !
អារុណទៅចាប់វីរៈពីក្រោយខ្នង។ មិត្ដទាំងពីរស៊កដាវចូលក្នុងស្រោមវិញ អង្គុយប្រកៀកគ្នានៅគល់ឈើក្រោមសំបុត្រអាសិរពិសនោះ អារុណយកដៃម្ខាងអង្អែលច្របាច់ថ្ងាស និយាយយ៉ាងខ្សឹកខ្សួលថា :
ធ្វើយ៉ាងណាអីលូវ ?
វីរៈដកដង្ហើមធំ គ្រវីក្បាល បែកញើសថ្លោសៗ
មិនដឹងទេ។ អស់រលីងហើយ ។ និយាយលែងកើតហើយ។
អារុណនៅស្ងៀមសញ្ជឹងគិត រួចនិយាយយ៉ាងស្រួលបន្ថែមថា
ធ្វើម៉េចអោយគេចាប់បាន ប៉ុនលោកគ្រូហើយ?
អញមិនដឹងទេ។
ថាវាយចាញ់គេ ក៏ដូចជាមិនសម។
អញមិនដឹងទេ . . .
ថាចាញ់អុបាយកលគេ ក៏មិនសម
ហ៊ី ! មិនដឹង
តែអញឆ្ងល់ ហេតុយ៉ាងម៉េចក៏គេចាប់ មានតែលោកគ្រូចេញតស៊ូដូចបានសន្យានឹងយើងពីមុន
វីរៈលោតដូចកន្ដូបសេះ ទាំងអង្គុយទៅចាប់យកសំបុត្រដែលបិទនឹងគល់ឈើរួចមកអង្គុយជិតអារុណវិញ ហុចសំបុត្រហើយគំហកថា
មើលទៅមើល។ មើលអោយអញស្ដាប់ផង
អារុណអានថា
បងប្អូនរួមជាតិទាំងឡាយ
ថ្ងៃនេះរាជការបានចាប់មហាចោរម្នាក់ឈ្មោះ «មានន្ទ» ដែលបានភៀសខ្លួនទៅនៅទល់ដែន បង្កសង្រ្គាមចោរកម្មឡើងដើម្បីដណ្ដើមយករាជសម្បត្ដិពីព្រះកំពុត។
មហាចោរនេះបានបះបោរធ្វើអោយស្រុកទេសយើងរំជើបរំជួលប្រឆាំងនឹងអំណាចរបស់រដ្ន។ មហាចោរនេះមានចិត្ដកំណាចលួចប្លន់អ្នកស្រុកនៅទល់ដែន មិនថាពេលណាជាពេលណាឡើយ។ ក្បត់ជាតិ សាសនា មហាក្សត្រ វាបានកាប់សំលាប់ជនរួមជាតិយើងរាប់រយពាន់នាក់គ្មានត្រាប្រណី។ មេចោរធំ វាចាប់ព្រះភិក្ខុសង្ឃយកទៅអោយធ្វើការជាប្រយោជន៍វាគ្មានមេត្ដាសោះ។ ជនរួមជាតិទាំងឡាយ!
គប្បីកុំស្ដាប់ កុំជឿ កុំយកតំរាប់តាម «មហាចោរ» រិស្សានេះអោយសោះ។ គប្បីជនរួមជាតិរស់នៅក្នុងក្ដីស្ងប់ស្ងៀមជានិច្ច រួចជួយចាប់បក្សពួកវាយកមកជូនរាជការ ដើម្បីនឹងធ្វើទុក្ខទោសកុំបីបង្អង់ឡើយ។ ជនណាចូលគំនិតនឹងពួកក្បត់នេះ ដោយជួយលួចលាក់ពួកមារកំណាចនោះ នឹងត្រូវទោសអាជ្ញាសឹកអិតត្រាប្រណីឡើយ។
ធ្វើចេញពីអាសនព្រះកំពុត សិរីសោភ័ណ ព្រះកំពុត
ព្រះកំពុត
វីរៈស្ដាប់សេចក្ដីសំបុត្រនេះចប់ ហូតកាំបិតស្លៀតចាក់ដីប៉ាំងៗនិយាយថា
វាចេះតែចោរ វាចេះតែក្បត់ហើយ។ ហ៊ីះ ក្បត់ៗ ៗ ចោរៗ ៗ។ វាគ្មានពាក្យអ្វីនិយាយទៀតទេ!
ឆ្គួត! វីរៈអែងឆ្គួត! អីលូវយើងគិតធ្វើយ៉ាងណាអោយបានលោកគ្រូមកវិញ?
ពឹងលាវនៅស្រុកកោប។ អោ! មែនអញមានស្គាល់គេម្នាក់គាត់នោះអាចនាំយើងទៅដល់ស្រុកលាវ រួចយើងទៅពឹងអោយគេលើកទ័ពមកជួយយើង វាយអោយខ្ទេចតែម្ដងទៅ! មែនទេ?
អារុណនៅស្ងៀម ។ វីរៈប្រឹងបញ្ជាក់ទៀតថា
មិនបានទេ ធ្វើសង្រ្គាមមួយៗ ត្រូវតែទៅពឹងគេទើបបាន។ មើល៍! យើងគ្នាតិច លុយកាក់ក៏៏គ្មាន អ្នកចេះដឹងក៏គ្មាន គ្រឿងអាវុធក៏មិនសំបូរ ដំរី សេះ គោ ក្របីសំរាប់ជិះធ្វើសឹកក៏គ្មាន យើងធ្វើអ្វីកើត?
អារុណគ្រវីក្បាល សើចហើយនិយាយថា
មិនកើតទេ លាវក៏ដូចតែយើងដែរ រួចចិត្ដតស៊ូក៏មិនដល់យើងផង !
បើដូច្នោះ ពឹងយួនទៅ យួនគេពូកែណាស់ណ៎ា ! តែផ្លូវឆ្ងាយបន្ដិច។ ម៉េចអែងថាម៉េច ?
ហ៊ី ! គំនិតពឹងគេមុនទីពឹងលើខ្លួនអែង គឺគំនិតខ្ញុំកញ្ជះគេ។ មិនកើតទេ។
ថាហើយ អារុណប្រះខ្នងដល់ដីដោយហាក់ដូចជារវើយអស់កំលាំង ព្រាះគិតអ្វីមិនឃើញ។ វីរៈលោតក្រោកឡើង សើចក្អាកក្អាយធ្វើអោយបរិយាកាសដែលស្ងប់ស្ងាត់អំប៉ាញ់មិញអោយទៅជារីករាយវិញ។
ជយោ ! ខ្មែរអែករាជ្យ ! អញនឹកឃើញហើយ។
អារុណស្ទុះក្រញាង អង្គុយឡើងប្រញាប់ សួរទៅវីរៈដែលហក់កញ្ឆេងថា
អែងនឹកឃើញរឿងអី ?
វីរៈដកដាវកាប់អារុណចែសៗរន្ថើនលើគ្នា។ អារុណដួលរមៀលរងប៉ាច់ៗ។ លុះស្ទុះក្រោកបាន មានពក៏ប្រលូកកាប់វិញប៉ាច់ៗជាប់ដាវគ្មានដកឡើយ។
មនុស្សផ្អើលមកឆោលោមុខស្ងួតស្លាំង។ វីរៈស្ទុះទៅខាងឆ្វេងខាងស្ដាំ អារុណសើចដេញកាប់។ វីរៈក្រោកឡើងរត់ទៅកាប់អារុណៗ ឡើងដល់ចុងឈើ។ វីរៈឡើងតាម។ អារុណទំលាក់ខ្លួនចុះដល់ដីយកដាវវាយគូទវីរៈប៉ាច់ៗ។ វីរៈតេលតាលៗ លើមែកឈើ អារុណចាប់ព្យួរខ្នងលើកទំលាក់ចុះមកអោបជាប់ពីក្រោយខ្សឹបសួរវីរៈថា
អែងនឹកឃើញរឿងអី ?
នាំពួករទេះទាំងអស់អោយបះ ! !
ជយោ ! វីរៈ !
អារុណទះគូទវីរៈមួយផូងយ៉ាងខ្លាំង
អ្នកស្រុកនិងអ្នករទេះទាំងអស់ដំបូងភិតភ័យ ក្រោយមកបែរជាសើចគ្រប់គ្នាទៅវិញ។ អារុណប្រកាសថា
"បងប្អូនរួមឈាមទាំងឡាយ ! "
ថ្ងៃនេះ អ្នកស្នេហាជាតិយើងម្នាក់ត្រូវខ្មាំងចាប់បាន។ វាប្រកាសបំភាន់គំនិតខ្មែរយើងថា អ្នកស្នេហាជាតិពិតៗ របស់យើងនោះជាមហាចោរ ជាអ្នកក្បត់ទៅវិញ ដើម្បីអោយរាស្រ្ដខ្មែរយើងរករឿងតែនឹងគ្នាអែង។ អ្នកស្នេហាជាតិដែលត្រូវគេចោទថា ជាមហាចោរ ហើយត្រូវគេចាប់បាត់ទៅហើយនេះឈ្មោះ «មានន្ទ»។
សំលេងអ្នកស្រុក និង អ្នករទេះក៏លាន់លឺហ៊ោឡើង
អារុណបន្ដការឃោសនាទៅទៀតថា :
បងប្អូនរួមជាតិទាំងឡាយ !
មានន្ទនេះជាមេទ័ពរបស់សៀម។ តែដោយយល់ឃើញថា
រាស្រ្ដយើងត្រូវគេមើលងាយ
ប្រជាជនយើងត្រូវគេធ្វើបាប កំហែងគំរាមចាប់ចងកាប់សំលាប់រាល់ថ្ងៃ
អ្នកស្រុកយើងក្រលំបាកវេទនាគ្មានទីពឹង
មានន្ទចេញកទ័ពទំលាយទុក្ខរបស់ខ្មែរយើង គឺសាងអែករាជ និង សេចក្ដីសុខរបស់អ្នករាល់គ្នា។ អ្នកស្ដាប់ទាំងអស់គ្នា ងាកក្បាលជជែកគ្នាថា «មែនៗ យើងវេទនាមែន» អារុណបន្ដវាចាទៅទៀតថា
" បងប្អូនរួមជាតិទាំងឡាយ "
ពេលដល់ហើយ។ យើងត្រូវរួមកំលាំងគ្នាចេញតស៊ូជាមួយខ្ញុំ។ តែដំបូងបង្អស់ ត្រូវជួយដោះលែងអ្នកស្នេហាជាតិជាទីស្រលាញ់ជាទីគោរពរបស់យើងសិន គឺ មានន្ទនោះអែង។
សំរែក «ជយោ» ក៏លាន់ឡើងរំពងស្រុកភ្នៀត។ មនុស្សទាំងប្រុស ទាំងស្រីចាប់អាវុធគ្រប់ដៃ។ ក្នុងពេលនោះបុរសអ្នករទេះម្នាក់ក្មេង រូបស្អាតបាតចូលមកធ្វើគារវកិច្ចនៅចំពោះមុខអារុណ រួចនិយាយថា
ខ្ញុំសូមជួយធុរៈបងពេញទី។ ក្នុងចំនោមអ្នករទេះទាំងអស់នេះមានតែខ្ញុំមួយទេ ដែលគេរាល់គ្នាស្ដាប់។ ហេតុនេះ តើបងបញ្ជាយ៉ាងណា?
នាំអ្នកទាំងអស់គ្នាតំរង់ទៅសិរីសោភ័ណ ចូលខេត្ដនេះទាំងអស់គ្នាវាយប្រយុទ្ធដណ្ដើមយកមានន្ទវិញអោយបាន។ អីលូវខ្ញុំទាំងពីរទៅមុន។
ក្បួនទ័ពប្រជារាស្រ្ដក៏ចេញឈូពីស្រុកភ្នៀតកាត់តំរង់ទៅខេត្ដសិរីសោភ័ណក្រោមការដឹកនាំរបស់នាយបំរុង បុរសរូបតូចស្អាតដែលចូលខ្លួនទៅដល់នាយអារុណអំបាញ់មិញនេះ។
នាយអារុណ ទះស្មាវីរៈមួយផូង រួចជនទាំងពីរក៏ចាប់សេះបំផាយយ៉ាងលឿនទៅខាងខេត្ដសិរីសោភ័ណដែរ។ សេះទាំងគូព័ទ្ធកំផែងព្រះកំពុតពីខាងក្រោយដែលស្ងាត់អិតមានអ្នកណា។ នាយអារុណស្រេះដៃអោយវីរៈដែលពូកែខាងលោត ថ្វីត្បិតតែពោះកំប៉ោង។ វីរៈលោតជាន់ដៃអារុណផ្លោតទៅងើបអែលើកំផែងឆ្ដុប។ វីរៈសំយុងជើងចុះ អារុណឡើងតាមជើងនេះរហ័យដូចស្វាឡើងដើមឈើ។

នៅក្នុងគេហដ្ឋានព្រះកំពុត គេធ្វើបុណ្យមួយយ៉ាងអ៊ឹកធិក។ សូរភ្លេងសៀមលាន់លឺរងំរំពងដល់អាកាស។ នៅក្នុងបន្ទប់មួយដ៏ធំល្វឹងល្វើយភ្ញៀវទាំងអស់អង្គុយលើកៅអីត្រៀបត្រាមើលស្រីរាំក្បាច់។ សំលៀកបំពាក់នៃភ្ញៀវទាំងនោះ មានសភាពដ៏រុងរឿងជាអនេកកប្បការ ប្រកបដោយពណ៌ខុសៗគ្នា រលើបរលង់។ ភរិយាអ្នកធំខ្លះប្រដាប់ដោយមាសពេជ្រ តាំងពីកជើងរហូតចុងសក់ អង្គុយធ្វើមុខញញឹមប្រិមប្រីយយ៉ាងឱឡារិក។ នៅកៅអីធំមួយដ៏រុងរឿងកណ្ដាលជួរមុខ ព្រះកំពុតអង្គុយជាកិត្ដិយស។ ខាងស្ដាំអិស្សរជន ជាន់ខ្ពស់បំផុតនេះ មានព្រះនាងខត្ដិយាណីកែវមណី ដែលត្រូវគ្រឿងខាងក្រៅមើលឃើញសាច់ថ្លាម៉ដ្ឋ គួរចាប់ចិត្ដលើសអ្នកផង។ ខាងឆ្វេងព្រះកំពុត កាមាអង្គុយជិតនៅស្ងៀមតែគិតជ្រៅ។ ស្រីៗ អ្នករាំចេញមកត្រៀបត្រាលើកដៃរេរាំ បន្ទន់ខ្លួនរត់ លោតទៅតាមចង្វាក់ភ្លេងដ៏ស្រស់អស្ចារ្យគួរសរសើរដល់សិល្បខ្មែរក្រៃពេក។ សូរភ្លេង និង កាយវិការរបស់នារី នាំចិត្ដអោយរំភើបស្ញប់ស្ញែងដល់ភាពរុងរឿងនៃអារ្យធម៌យើង។ ភ្លេងនោះ របាំនោះ ធ្វើអោយនាយអារុណ និង នាយវីរៈ ភ្លេចការដែលខ្លួនមកធ្វើអស់ចំនួនមួយស្របក់ធំ។ នាយវីរៈញាក់មុខដាក់នាយអារុណ ក្រោយប្រលោះបង្អួចលើឡៅមួយ ពីលើហ្វូងជនអ្នកមើល និង ជនអ្នករាំអោយគេមើលនេះ។ នាយអារុណញាក់មុខជាសញ្ញាឆ្លើយតបទៅសហជីវិនខ្លួនវិញ។ ស្រីៗដែលរេរាំកំពុងលុតក្រាបពីមុខព្រះកំពុតដែលមួយពេលនោះហាក់អន្ដែតខ្លួនទៅក្នុងអាកាស រួចដែលបណ្ដោយចិត្ដទៅក្នុងសេចក្ដីថ្កើងអិតនឹកនាថាពុំគួរអោយគេធ្វើដូច្នោះឡើយ។
ក្នុងពេលដែលព្រះកំពុត ព្រះនាងខត្ដិយាណី និង កាមា បានត្រូវគេ លើកផុតអស់មនុស្សលើលោកនេះ សំរែកអារុណ ដែលយិតធ្នូចំដើមទ្រូងព្រះកំពុតក៏លាន់លឺឡើង
បិសាចទាំងអស់ឈប់សប្បាយ នៅអោយស្ងៀម រឺមួយ កំពុតស្លាប់ក្នុងពេលនេះ។ ហាស ៗ ៗ សប្បាយណាស់ ក្នុងពេលដែល ខ្មែររងទុក្ខ។ អ្នកទាំងអស់គ្នាស្រលាំងកាំង។ ព្រះកំពុតភិតភ័យតក្កមា។ ព្រះនាងខត្ដិយាណីមុខឡើងស្លាំង។ កាមាខាំធ្មេញសំលឹងអារុណស្ទើរធ្លុះ។ គ្មានអ្នកមួយកំរើករំពើកឡើយ។ ស្រីៗ ដែលកំពុងរាំក៏ឈប់ស្ងៀមស្ងាត់។ ព្រះកំពុតនិយាយញ័រៗ ឡើងថា :
អ្នកអែងជាអ្នកណា ? មកពីណា ? មានការអី ?
ហាសៗ ! យើង ៗ ជាអារុណមកពីទល់ដែនមកដោះមានន្ទ។ ស្ងៀម! វិរៈចូលយកសោពីកំពុតមក!
វីរៈ លោតផ្លោតពីលើបង្អួចមកក្រោម ធ្លាក់ខ្លួនទៅលើពួកមួយផ្ទាត់ខ្លួនលោតកំខ្ពស់ពីរម៉ែត្រធ្លាក់មកវិញញ៉ាំង រត់ទៅរកព្រះកំពុតអិតបង្អង់យូរឡើយ។
កាមាច្រានតុរលំប្រាវព្រួញរត់ពីដៃអារុណមកបុកតុដែលដួលឈឹប។ ការប្រលូកគ្នាក៏ចាប់កើតមានឡើងមួយរំពេច។
អារុណបោះស្នាប្រួស លោតតាមបង្អួចមកដល់ដីកាប់ផ្លាប់ៗភ្លាម។
ព្រះកំពុតចាប់ដៃនាងមណីរត់ឡើងជណ្ដើរ។ កាមាថយខ្លួនក្រាកពីបន្ទប់សមរភូមិ។ តុ ទូ ល្អៗ ក្រលប់គ្រេងៗ គេឃើញអារុណ និង វីៈរវាយប្រហារយ៉ាងអង់អាច ក្រោមចក្ខុរបស់ព្រះនាងមណី និង ព្រះកំពុតដែលអីលូវនេះញញឹមយ៉ាងពេញចិត្ដនឹងពលទាហានខាងខ្លួន។ ព្រះនាងខត្ដិយាណីចាប់ភ្លឹកយ៉ាងខ្លាំងនឹងវីរបុរសទាំងពីរដែលពូកែស្វិតស្វាញវាយពលខាងនាងដួលត្រៀបត្រា។ នាងនឹកថា :
ជនអ្នកតស៊ូពូកែមែន ! ខាងអែងមានគ្នាច្រើនដូចជាគួរអាយខ្មាសទេវតាណាស់។
អារុណវាយថយៗ ស្រាប់តែងាកក្រោយទង្គិចខ្នងវីរៈ ។ អារុណស្រែកឡើងថា
មាត់ទ្វារធំ
វីរសើចវាយថយ រួចជនទាំងពីរបិទទ្វារគ្រឹប
ព្រះកំពុតឃើញដូច្នោះមុខឡើងស្លាំងញ័រដៃទទ្រើក ស្រែកយ៉ាងអស់ទំហឹងថា
ចាប់វាអោយបាន!
កងទាហានបុកទ្វារនឹងស្មាប៉ាំងៗ តែទ្វារពុំរបើកសោះ។
អារុណ និង វីរៈ ស្ទុះទៅទ្វារគុក។ អ្នកយាមភាំងស្រលាំងកាំងត្រូវវីរៈទាត់មួយជើងផូងដួលផ្ងារពោះស្រែកថា
ជួយផង! ជួយផង !
អារុណទៅដល់គុកទាញទ្វារ អ៊ឹសៗ អស់ទំហឹងតែពុំរួចសោះ។ មានន្ទជួយធ្លាក់ទ្វារពីក្នុងមកដែរ តែពុំរួចទៀត ព្រោះជាប់សោ។ វីរៈមកដល់បង្ហាញសោ។ អារុណកញ្ឆក់សោភ្លាមចាក់។ ជនទាំងបីរត់ទៅបើកទ្វារគុកអែទៀតៗ ទាំងអស់។ អ្នកទោសស្រែកទ្រហោឡើងថា ជយោ! ជយោ! លាន់លឺក្រេវៗ។
ខាងទាហានរាប់រយនាក់ ក៏ស្ទុះស្រមកដល់។ សង្គ្រាមផ្ទុះឡើងរឹតតែខ្លាំងទៅៗ។
នាយកោប មហាកាល អគ្គី មានន្ទអារុណ វីរៈ វាយឆើតជាងគេសើចបណ្ដើរ ញាក់មុខដាក់គ្នាបណ្ដើរ។ នាយកោបស៊ីចេកមួយស្និតផងវាយផង។
មានន្ទស្រែកថា
តស៊ូអោយចាស់ដៃកនយើង !
រួចទៅខ្សឹបប្រាប់អារុណអោយប្រាប់តៗទៅទៀតថា
យប់នេះជួបគ្នាភូមិភ្នៀត
ពាក្យនេះត្រូវបានគេខ្សឹបគ្នាជាលំដាប់
មានន្ទស្ទុះវឹងទៅលើមើលតាមបង្អួចទៅក្រៅឃើញកាមាចាប់សេះមួយបំផាយទៅខាងលិច។ បុរសស្ទុះទៅខាងក្នុងបន្ទប់មួយទៀត ជួបព្រះនាងខត្ដិយាណីដែលលាន់មាត់ថា
អែ !
មានន្ទភាំងស្មារតីពីមុខចំណាប់ផុតអស់ស្រីនេះ
អើ ! ពេលនេះជាពេលប្រសើណាស់។ យើងជួបគ្នាតែក្នុងពេលអាសន្នហ៎្ន !
នាងមណីខាំធ្មេញសំលឹងមុខមានន្ទ។ មានន្ទស្ទុះភ្លែតទៅចាប់នាងលើកបីរត់ចេញតាមមាត់ទ្វារសំដៅទៅអែមាត់កំពង់ នាងមណីប្រឹងបំរះយ៉ាងណាក៏ពុំរួចឡើយ។ លុះដល់ទៅក្នុងទូកថ្វែមួយដែលជាទូករបស់ព្រះកំពុត មានន្ទទំលាក់នារីវរលក្ខណ៍ប្រូស រួចចាក់សោគ្រឹប។ នាយកោបមកដល់ជាបន្ទាន់ នោះដែរ។ មានន្ទប្រាប់នាយកោបថា:
ហៅគ្នាយើង រើសជើងអែកអោយបានដប់នាក់មកឆាប់
ខាងលើអារុណ មហាកាល វាយថយធ្លាយមកក្រៅពាសវាល។ គាប់ជួនពេលនោះ ពួករទេះក៏មកដល់ទៀត។ ការវាយប្រលូកក៏មានឡើងយ៉ាងពិស្ដារ។ កងទាហានលុះឃើញខ្មាំងច្រើនពេក ក៏ថយរត់ចូល បន្ទាយវិញចាក់សោអិតបង្អង់។ អារុណសើចគ្រហាញដាក់មាត់ទ្វារដែលបិទជិតស្លុងរួចបញ្ជាអោយពលប្រជាជន និង ពលអ្នកទោសថយខ្លួនទៅភូមិភ្នៀត។
ក្នុងវាំងននងងឹតនៃពសុធា ទូកថ្វែបោះពួយយ៉ាងលយលឿនបណ្ដោយទៅតាមខ្សែទឹក។ ក្នុងផ្ទៃងងឹតនេះ វាសនាព្រះនាងខត្ដិយាណីក៏ងងឹតដែរ។ បីម៉ោងមុននេះ វាសនាព្រះនាងភ្លឺត្រចះត្រចង់ល្អ តែពេលដែលនាងបង្ខំជាន់ពន្លិចអោយងងឹតស្លុងវិញ។ ដោយហេតុនេះហើយ បានជាមានពាក្យបុរាណាចារ្យនិទានថា
" ឃ្លោកលិច អំបែងអណ្ដែត កង់ត្រាច កង់ធ្នង់ "
រឿង៖ មហាចោរនៅទល់ដែន (២៤ភាគ)
01. ខ្លាបាក់ចង្គូម 02. បងប្អូនពីរនាក់ 03. រាត្រីស្ងាត់ 04. សពស្នេហា 05. បណ្តាំបង 06. ភ្លើងរាគះ 07. បាត់កូន 08. ត្រឡប់ពីច្បាំង 09. រត់តាមប្តី 10. ស្តេចខ្ញាល់ 11. តដៃដោះខ្លួន 12. អាសន្នធំ 13. វាយផ្តាច់ព្រ័ត្រ 14. ព្រះនាងខត្តិយាណី 15. ទារុណកម្ម 16. រំដោះអ្នកស្នេហាជាតិ 17. ស្នេហាលើទូក 18. ថ្កើងត្រង់ណា 19. ចាញ់កល់ស្នេហា 20. នារីទុគ៌ត 21. ក្បួនការពារឯករាជ្យ 22. បាត់ខ្លួនទៅណា 23. ផែនការសម្ងាត់ 24. ជោគជ័យ